មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ កិច្ចពិភាក្សាភាគទី៥ «វិស័យកិសកម្ម និងកសិពាណិជ្ជកម្ម»​



សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបន្តកិច្ចពិភាក្សាភាគទី៥ ក្នុងក្របខណ្ឌនៃ«កម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩» ក្រោមប្រធានបទ «ពីវិស័យកិសកម្ម និងកសិពាណិជ្ជកម្ម» នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ពីម៉ោង១:៣០រសៀលដល់ម៉ោង៤:០០ល្ងាច តាមប្រព័ន្ធហ្សូមដោយមានអ្នកចូលរួមចំនួន 70 នាក់ និងអ្នកទស្សនាចំនួន ៨០៧ នាក់ លើការផ្សាយបន្តផ្ទាល់តាមគេហទំព័រហ្វេសប៊ុករបស់សមាគម។ 

កិច្ចពិភាក្សាបានប្រព្រឹត្តទៅ ដោយមានវត្តមានចូលរួមពីចម្ងាយរបស់សមាជិកសមាគមសហគ្រិនវ័យក្មេងនៅថ្នាក់ជាតិ និងគ្រប់សាខាតាមបណ្តាខេត្តទាំងអស់ ពិសេសភ្ញៀវកិត្តិយស និងវាគ្មិនពីស្ថាប័នពាក់ព័ន្ធដូចខាងក្រោម៖

១. លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយក វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន

២. លោក បណ្ឌិត តាន់ មុនីវណ្ណ  អគ្គនាយករងក្រុមហ៊ុន Mong Reththy Group

៣. កញ្ញា ថូង ធីតា សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង នាយិកាសហគ្រាស ថូង អ៊ីនធ័រប្រាយស៍

៤. ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានអគ្គនាយកក្រុមហ៊ុន Amru rice (Cambodia) Co.,Ltd

៥. លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងប្រធានគម្រោងសហគមន៍ចម្ការស្តេចទុរ៉េន

៦. លោក សាំង  ស៊ីវញ៉ែម  ម្ចាស់អាជីវកម្ម ផ្សារកសិករសៀមរាប (SR Farmer Market)

ដោយសារតែ កូវីដ-១៩ បន្តរជះឥទ្ធិពលជុំវិញសាកលលោក វាជាការសំខាន់ណាស់ដែលត្រូវពិភាក្សាលើផលប៉ះពាល់ដែលកំពុងមាន និងចំបងៗលើវិស័យកសិ-ផលិតផលទាំងផ្នែកផ្គត់ផ្គង់ និងតំរូវការ។ សហាគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដែលស្ថិតក្នុងផ្នែកផលិត និងក្រោយការដាំដុះពីកសិដ្ឋាន កំពុងជួបប្រទះបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដោយសារការបិទខ្ទប់នៃ និងវិធានការណ៍នានាដើម្បីប្រយុទ្ធនឹងការរាតត្បាតនៃជំងឺ។ MSMEs ជាច្រើនបានរងនូវវិបត្តិនៃការអាក់ខាននៃសង្វាក់ផលិតកម្ម ការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ។ រីឯកសិករបានបញ្ជាក់ពីផលប៉ះពាល់អវិជ្ជមានជាច្រើនលើការដុះដុះ និងជីវភាពរបស់ពួកគាត់កើតចេញពីការកាត់ផ្តាច់សង្វាក់ចែកចាយ ការបិទទីផ្សារ ការដឹកជញ្ជូន ភាពផុយស្រួយនៃការងារ ការទទួលបានហិរញ្ញប្បទានគាំពារ ឬឥណទានធនាគារជាដើម។

 

លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានគូសបញ្ជក់ថាកិច្ចពិក្សាស្តីពីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ លើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មថ្ងៃនេះ ជាព្រឹត្តិការណ៍ដមានសារៈសំខាន់នៃការផ្លាស់ប្តូរបទពិសោធន៍ពីអ្នកជំនាញ និងវាគ្មិនដែលពាក់ព័ន្ធ។ វាគ្មិននឹងចែករំលែកបញ្ហាប្រឈមដែលបានឆ្លងកាត់ មេរៀនដែលទទួលបាន ដំណោះស្រាយបន្ទាន់ ដើម្បីអោយអាជីវកម្មដំណើរការបានល្អក្នុងស្ថានភាពដ៏លំបាកនេះ។ លោកបានបន្ថែមថានៅក្នុងចំណោមសមាជិក និងសមាជិកាទាំង៤០០នាក់របស់សមាគម មួយភាគធំស្ថិតក្នុងវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម ។  

ជំងឺរាតត្បាត កូវីដ-១៩ បានវិវត្តយ៉ាងឆាប់រហ័សពីវិបត្តិសង្គ្រោះបន្ទាន់ផ្នែកសុខភាព ទៅជាវិបត្តិសេដ្ឋកិច្ចសាកល ដែលបានជះឥទ្ធិពលលើវិស័យផ្សេងៗ ពិសេសប្រព័ន្ធហិរញ្ញវត្ថុ។ ជាស្វ័យប្រវត្តតម្រូវការនៃការបរិភោគ និងសេវាកម្មជុំវិញវិស័យនានាដូចជាការកំសាន្ត បដិសណ្ឋារកិច្ច ការធ្វើដំណើរ ការដឹកជញ្ជូន កិច្ចប្រជុំ និងសន្និសីទ ត្រូវបានស្រុតចុះ។ ក្រុមហ៊ុនដែលពឹងផ្អែកលើការផ្គត់ផ្គង់អន្តរជាតិ ដូចជា រថយន្ត អគ្គីសនី កសិពាណិជ្ជកម្ម រោងចក្រកាត់ដេរ ជួបប្រទះនឹងភាពរអាក់រអួលនៃដំណើរប្រតិបត្តិការរបស់ខ្លួន។ ដោយឡែកវិស័យហិរញ្ញវត្ថុ និងស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុរងនូវវិបត្តិសាច់ប្រាក់ និងព្យាករណ៍ពីកំណើននៃកម្ចីអសកម្ម។ ក្រុមហ៊ុននៅក្នុងវិស័យផលិតកម្ម និងសំណង់បានធ្លាក់ចុះ និងជួបប្រទះប្រតិបត្តិការដែលថមថយ។ បច្ចុប្បន្នសេដ្ឋកិច្ចសកល ធ្លាក់ចូលក្នុងបរិបទនៃការកាត់បន្ថយការងារ និងការប៉ះប៉ូវតបស្នងឡើងវិញ។     

ដោយឡែកសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs ) ជារឿយៗរងផលប៉ះពាល់ ជាងក្រុមហ៊ុនធំៗពី វិបត្តិកូវីដ-១៩ នេះ ដែលបង្ហាញពីភាពងាយរងគ្រោះរបស់ពួកគេ។ MSMEs ជាច្រើននៅក្នុងវិស័យចម្រុះផ្សេងៗ បានរងផលប៉ះពាល់ ដូចជាអាជីវកម្មលក់ដុំ លក់រាយ ការដឹកជញ្ជូន សេវាកម្មស្នាក់នៅ ម្ហូបអាហារ អចលនទ្រព្យ សេវាកម្មវិជ្ជាជីវៈ និងសេវាកម្មលក្ខណៈបុគ្គលដទៃទៀត។ ជាទូទៅក្រុមហ៊ុនខ្នាតតូចមានភាពផុយស្រួយផ្នែកហិរញ្ញវត្ថុ និង មានសាច់ប្រាក់បម្រុងតិចជាងក្រុមហ៊ុនខ្នាតធំ ដែលជាហេតុធ្វើឱ្យពួកគេមិនសូវមានភាពធន់នឹងវិបត្តិ។ ក្រុមហ៊ុនទាំងនេះមានសមត្ថភាពសង្វាក់ផ្គត់ផ្គង់ទន់ខ្សោយជាងដៃគូធំៗ និងមានអំណាចចរចាតិចតួច ដើម្បីអនុវត្តលក្ខខណ្ឌទូទាត់ដ៏ទាក់ទាញ។ ពួកគាត់មានភាពយឺតយ៉ាវទៅនឹងការទទួលយក ឬសម្របខ្លួនតាមពាណិជ្ជកម្មបែបបច្ចេកវិទ្យាឌីជីថល។

ឆ្លើយតបនឹងបញ្ហាប្រឈមនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រេចផ្តួចផ្តើមកិច្ចពិភាក្សាស្តីពី “មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” ចេញពីទស្សនៈរបស់វិស័យឯកជន ក្នុងគោលបំណងវិភាគរកមូលហេតុ ផលប៉ះពាល់ និងដំណោះស្រាយដែលនឹងរួមចំណែកគាំទ្រសហគ្រិនទាំងអស់ ក្នុងការពិនិត្យឡើងវិញនូវផែនការអាជីវកម្ម និងឱកាសនានា ដើម្បីជម្រុញការងើបឡើងវិញប្រកបដោយចីរភាព។

កម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ នឹងប្រព្រឹត្តទៅក្រោមទម្រង់ជាកិច្ចពិភាក្សាពិសេស និងតាមវិស័យចំនួន១១ ចាប់ពីខែសីហាដល់ខែធ្នូ ឆ្នាំ២០២១ ដោយមានការបោះពុម្ពជាសៀវភៅ និងផ្សាយជាសេរ៊ីនៃសម្លេងបន្តបន្ទាប់ ដែលសាធារណៈជនអាចដកស្រង់ជាបទពិសោធន៍ និងការណែនាំ។ ប្រធានបទទាំង១១ មានជាអាទិ៍ដូចខាងក្រោម៖

កិច្ចពិភាក្សាទី១៖ កូវីដ-១៩ និង ផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងលើសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

កិច្ចពិភាក្សាទី២៖ យុទ្ធសាស្ត្រវិនិយោគសម្រាប់សហគ្រិន

កិច្ចពិភាក្សាទី៣៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអប់រំឯកជន

កិច្ចពិភាក្សាទី៤៖ ទស្សនៈពីគ្រឹះស្ថានហិរញ្ញវត្ថុ

កិច្ចពិភាក្សាទី៥៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យកសិកម្ម និងកសិពាណិជ្ជកម្ម

កិច្ចពិភាក្សាទី៦៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ

កិច្ចពិភាក្សាទី៧៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យឡូជីស្ទីក និងដឹកជញ្ជូន

កិច្ចពិភាក្សាទី៨៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យផលិតកម្ម

កិច្ចពិភាក្សាទី៩៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្មអេឡិកត្រូនិក ពាណិជ្ជកម្មអនឡាន និងពាណិជ្ជកម្មបែបឌីជីថល

កិច្ចពិភាក្សាទី១០៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យបដិសណ្ឋារកិច្ច

កិច្ចពិភាក្សាទី១១៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអចលនទ្រព្យ និងសំណង់

 

អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិកចំនួន៤០០ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕

 

X
5s