មិនត្រឹមតែជាម្ចាស់ផ្ទះអាស៊ាន តែកម្ពុជាក៏នឹងរៀបចំមហោស្រពសហគ្រិនវ័យក្មេងអាស៊ានផងដែរ
ដូចដែលយើងបានដឹងហើយថា ២០២២ ជាឆ្នាំមួយដែលកម្ពុជាត្រូវមមាញឹកច្រើនទៅលើកិច្ចការងារប្រជុំអាស៊ាន ព្រោះកម្ពុជាត្រូវក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំដ៏សំខាន់ថ្នាក់តំបន់មួយនេះ។ បើយើងក្រឡែកមកមើលវិស័យឯកជនវិញ ក៏សង្កេតឃើញថាមានការរួមចំណែកក្នុងការដឹកនាំការងារនានានៅក្នុងនាមអាស៊ានដូចគ្នា។
នៅថ្ងៃទី ១២ និង ១៣ ខែវិច្ឆិកាខាងមុខនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជានឹងធ្វើការរៀបចំកម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ានដែរ ដែលកម្មវិធីនេះនឹងធ្វើឡើងនៅកោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីសហគ្រិនជាសមាជិកមកពីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានទាំងអស់ ក៏ដូចជាសហគ្រិនមកពីបណ្ដាប្រទេសមួយចំនួនទៀតដូចជា ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី។
លោកស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងឆ្នាំ ២០២២ នេះក្នុងនាមសហគ្រិនវ័យក្មេងកម្ពុជាគឺយើងបានរៀបចំនូវមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី ៧ ដែលកន្លងមកបណ្ដាប្រទេសផ្សេងៗក្នុងតំបន់អាស៊ានគឺជាអ្នករៀបចំ។ លោកបានមានប្រសាសន៍បន្ថែមថា ខណៈដែលរដ្ឋាភិបាលយើងកំពុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានក្នុងនាមជាម្ចាស់ផ្ទះនេះ វិស័យឯកជន សភាពពាណិជ្ជកម្មកម្ពុជាក៏បានធ្វើកិច្ចការងាររបស់ខ្លួនដើម្បីជាប្រយោជន៍ដល់សង្គមជាតិក្នុងការដឹកនាំក្រុមធុរកិច្ច អ្នកវិនិយោគ ក៏ដូចជាក្រុមប្រឹក្សាផ្ដល់យោបល់អាស៊ាន។
«យើងអាចចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់កម្ពុជាក៏ដូចជាសម្រាប់សមាគមសហគ្រិនវ័យក្មេងទាំងមូល ដោយសារមានការចូលរួមពីសហគ្រិនវ័យក្មេងពីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ក៏ដូចជាដៃគូដទៃទៀត។ ដូច្នេះយើងមានឱកាសក្នុងការរឹតចំណងមិត្តភាពដូចជាបង្កើនឱកាសនៃការវិនិយោគធុរកិច្ចថែមទៀតផងដែរ។ ក្រៅពីនោះនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះក៏នឹងមានវត្តមាននៃការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលថែមទៀតផង» លោកបានបន្ថែមយ៉ាងដូច្នេះ ។
ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបង្ហាញពីភាពជឿជាក់ចំពោះកម្មវិធីមហោស្រពមួយនេះ ថានឹងប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយសារតែយើងមានលេខាធិការដ្ឋានក្នុងកម្រិតអាស៊ានជាអ្នកជួយជ្រោមជ្រែង សមាជិកក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ានក៏នឹងជួយជ្រមជ្រែងផ្សព្វផ្សាយទៅកាន់សមាជិកដទៃទៀតរបស់ពួកគេដែរ។ បើនិយាយពីសមាគមសហគ្រិនវ័យក្មេងកម្ពុជារបស់យើងវិញសមាជិកនីមួយៗក៏នឹងខិតខំប្រឹងប្រែងបំពេញកិច្ចការងារមួយនេះឲ្យបានយ៉ាងរលូន ធ្វើយ៉ាងណាដើម្បីឲ្យកម្មវិធីមួយនេះប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ព្រោះតែនេះគឺជាកិត្តិយសរបស់ប្រទេសកម្ពុជាទាំងមូលតែម្ដង។ តាមរយៈកម្មវិធីនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជាយើងក៏មានចក្ខុវិស័យយ៉ាងមុតមាំក្នុងការសម្លឹងទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសឲ្យបានកាន់តែច្រើន ក្នុងនាមកម្ពុជាគឺជាម្ចាស់ផ្ទះគឺយើងត្រូវតែធ្វើវាឲ្យអស់ពីចិត្ត។
យើងបានដឹងហើយថា កម្ពុជាក៏ដូចជាបណ្ដាំប្រទេសផ្សេងទៀតសុទ្ធតែបានរងផលប៉ះពាល់ពីការរីករាយដែលនៅជំងឺកូវីដ19 ដូច្នេះតាមរយៈកម្មវិធីមួយនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏នៅរំពឹងថាកម្ពុជាអាចទាក់ទាញអ្នកវិនិយោគឲ្យចូលមកក្នុងប្រទេសយើងវិញកាន់តែច្រើន បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការទប់ស្កាត់ក៏ដូចជាយុទ្ធនាការនៃការស្រោចវ៉ាក់សាំងទូទាំងប្រទេស។