ជាមុខមាត់មួយសម្រាប់កម្ពុជាក្នុងការក្លាយខ្លួនជាម្ចាស់ផ្ទះរៀបចំកម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧​



១១-វិច្ចិកា-២០២២

ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នឹងរៀបចំព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១២ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលកម្ពុជាក៏ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់អាស៊ានផងដែរ។

មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧នេះ នឹងប្រារព្ធនៅទីក្រុងកោះពេជ្រ ក្រោមប្រធានបទ “ រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា” “ RISE STRONGER TOGETHER” ដែលមានគោលបំណងឲ្យម្ចាស់អាជីវកម្មដែលជាសហគ្រិនវ័យក្មេងទាំងអស់ ខិតខំ ពុះពារ រាល់ឧបសគ្គ ជាមួយនឹងការរំខានដែលបង្កដោយកូវីដ-១៩ COVID-19 តាមរយៈឌីជីថលភាវូបនីយកម្ម ភាពជាអ្នកដឹកនាំ កិច្ចសហការ និងការចូលរួមរបស់ស្រ្តីក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ និងជាពេលដែលយើងសម្របខ្លួនទៅតាមបរិបទថ្មី។ 

តាមរយ:កិច្ចសម្ភាសន៍របស់ លោក ស៊ាង សុបញ្ញា ប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ជាមួយនឹងសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា មហាស្រពសហគ្រិនវ័យក្មេងអាស៊ាន គឺជាកម្មវិធីដ៏ធំបំផុតមួយដែលក្រុមប្រឹក្សាសហគ្រិនវ័យក្មេងក្នុងបណ្ដាប្រទេសអាស៊ានរួមគ្នាប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយយើងបានអញ្ជើញសហគ្រិនវ័យក្មេងពីបណ្ដាប្រទេសអាស៊ានមកជួបជុំគ្នា ដើម្បីរឹតចំណងមិត្តភាពផង និងដើម្បីស្វែងរកឱកាសវិនិយោគប្រកបធុរកិច្ចជាមួយគ្នាផង។

មហាស្រពសហគ្រិនវ័យក្មេងអាស៊ាននេះ បានធ្វើវាឡើងចំនួន ៦ដងរួចមកហើយ ហើយឆ្នាំនេះ កម្ពុជាបានក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីដែលមុខមាត់មួយរបស់កម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាកំពុងមមាញឹកក្នុងការធ្វើជាប្រធានប្តូរវេនអាស៊ានក្នុងឆ្នាំ ២០២២នេះ។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានត្រៀមរៀបចំច្រើនមែនទែន ហើយក៏បានអញ្ជើញបណ្ដាឥស្សរជន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដូចជាអ្នកដឹកនាំធុរកិច្ចដែលលោកមានបទពិសោធន៍ច្រើន មកធ្វើការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកដ៏សំខាន់។

កម្មវិធីដ៏មានសារៈសំខាន់មួយនេះក៏នឹងមានការចូលរួមជាអធិបតី និងការថ្លែងសន្ទរកថាបើកកម្មវិធីពីសំណាក់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ រួមទាំងប្រសាសន៍ពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ានផងដែរ។

ជាមួយគ្នានេះ ក៏នឹងបានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំទាំងវិស័យសាធារណ:និងឯកជននៃបណ្ដាលប្រទេសសមាជិកអាស៊ានទាំង១០ រួមទាំងអស់លោក លោកស្រីតំណាងស្ថាប័ន ក្រុមហ៊ុនទាំងក្នុងនិងក្រៅប្រទេស និងជាសហគ្រិនវ័យក្មេងកពីបណ្ដាប្រទេសអាស៊ានទាំង ១០ ប្រមាណជាជាង ៤០០នាក់ទៀតផងដែរ។ ជាមួយគ្នានេះ កម្មវិធីទាំងមូលក៏ទទួលបានការផ្តល់កិត្តិយសដ៏ខ្ពស់ខ្ពស់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី ក្នុងការអញ្ជើញជាអធិបតីក្នុងការចែកពានរង្វាន់សាហគ្រិនវ័យក្មេងឆ្នើមអាស៊ានដែរ។ 

របៀបវារ:ដែលនឹងលើកមកពិភាក្សានៅក្នុងកម្មវិធីនេះរួមមាន៖

• វឌ្ឍនភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឫហៅកាត់ RCEP

• ការវិវត្តវិស័យហិរញ្ញវត្ថុដោយផ្ដោតលើសហគ្រាសធុនមីក្រូ តូច និងមធ្យម SMEs

• យុទ្ធសាស្ត្រទីផ្សារឌីជីថលក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០

តាមរយៈកម្មវិធីមហោស្រពនេះ នឹងជួយពង្រឹង និងពង្រីកវិសាលភាពនៃការធ្វើអាជីវកម្ម និងពាណិជ្ជកម្មរវាងសហគ្រិនវ័យក្មេងកម្ពុជា ជាពិសេសម្ចាស់អាជីវកម្មក្នុងស្រុក ជាមួយសហគ្រិនវ័យក្មេងក្នុងតំបន់អាស៊ាន រួមទាំងអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្មជាមួយប្រទេសអូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ និងសាធារណរដ្ឋកូរ៉េបន្ថែមទៀត។

ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) គឺត្រូវបានប្រមូលផ្ដុំឡើងដោយសហគ្រិនវ័យក្មេងក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន ដែលបង្កើតឡើងនៅក្នុងគោលបំណងជួយស្រួលដល់ដំណើរការបង្កើតគោលនយោបាយផ្សេងៗរបស់អាស៊ាន។ ក្រុមប្រឹក្សានេះ ត្រូវបានស្នើឡើងដោយក្រុមប្រឹក្សាធុរ:កិច្ចអាស៊ាន (ASEAN BUSINESS ADVOSORY COUNCIL-ABAC)  នៅឆ្នាំ ២០១៥ និងមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលនៃបណ្ដាលប្រទេសសមាជិកអាស៊ានទាំង១០។ ក្រោយមក កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ានតែងតែត្រូវបានរៀបចំឡើងដោយប្រទេសដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានជារៀងរាល់ឆ្នាំ។ ដោយឡែក សម្រាប់ឆ្នាំ២០២២នេះ ប្រទេសកម្ពុជា គីជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន។ ដូច្នេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានភារៈកិច្ចទទួល និងដឹកនាំរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន( ASEAN BUSINESS ADVOSORY COUNCIL-ABAC) និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ានាពេលខាងមុខនេះ៕

 

X
5s