ក្រុមហ៊ុន CheckinMe សម្ពោធការិយាល័យថ្មី និងចុះ MoU ជាមួយក្រុមហ៊ុនដៃគូ
ក្រុមហ៊ុន CheckinMe បានរៀបចំកម្មវិធីសម្ពោធការិយាល័យថ្មី និងពិធីចុះអនុស្សារណយោគយល់ជាមួយក្រុមហ៊ុនដៃគូ កាលពីថ្ងៃសោរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារការិយាល័យថ្មី ដែលមានអាសយដ្ឋាននៅលើផ្លូវ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស និងក្រុមហ៊ុនដៃគូសហការ។
កម្មវិធីនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយផ្លែផ្កាយ៉ាងត្រចះត្រចង់ក្រោមអធិបតីភាពរបស់លោក លី ឡុង ប្រធានក្រុមប្រឹក្សាភិបាល លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិ, លោក ទើ យូសុះ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Today Internet និង លោក Leo Wang, TECNO Country Manager តំណាងពីប្រទេសចិន។
ក្នុងនោះដែរ ក្រុមការងាររបស់ CheckinMe បានឡើងធ្វើបទបង្ហាញអំពីផលិតផលរបស់ខ្លួន ដោយវាគ្មិនចំនួន ៣ រូប៖
• កញ្ញា គុជ កល្យាណ្ណី បានបង្ហាញអំពីបច្ចេកវិទ្យាថ្មីនៃការគ្រប់គ្រងវត្តមានបុគ្គលិក (Attendance System)
• កញ្ញា ម៉ោ ស្រីលាភ បានបង្ហាញអំពីបច្ចេកវិទ្យាគ្រប់គ្រង និងគណនាប្រាក់ខែបុគ្គលិកដោយស្វ័យប្រវត្តិ (Payroll System)
• លោក កន សានីត បានបង្ហាញអំពីបច្ចេកវិទ្យាទំនើបតាមដានបុគ្គលិកផ្នែកលក់នៅក្រៅការិយាល័យ (Sales Activity System)
បន្ថែមពីនេះថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Today Internet, លោក ទើ យូសុះ និងលោក ហាច ប៊ុនហេង អ្នកតំណាងផ្នែកទីផ្សារ និងទំនាក់ទំនងប្រចាំក្រុមហ៊ុន TECNO Mobile ក៏បានធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាថ្មីនៅលើទូរស័ព្ទដៃទំនើប និងប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនផងដែរ។
ក្រុមហ៊ុន CheckinMe បានដំណើរការកម្មវិធីកាត់ខ្សែបូ ដើម្បីអបអរសាទរពិធីសម្ពោធការិយាល័យថ្មីដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំទាំង ៦ រូប និងបានធ្វើការកាត់ខ្សែបូដើម្បីសម្ពោធជាផ្លូវការអគារការិយាល័យថ្មី។
ពិសេសជាងនេះទៅទៀត គឺជាកម្មវិធីចុះអនុស្សារណយោគយល់រវាងក្រុមហ៊ុន CheckinMe និងក្រុមហ៊ុន Today Internet ក្នុងបំណងសំដៅលើការរួមបញ្ចូលគ្នានូវកញ្ចប់មួយ ដែលអតិថិជនទិញតែមួយតែបានផលប្រយោជន៍ដល់ទៅពីរ គឺបានទាំងសេវាកម្មគ្រប់គ្រងបុគ្គលិករបស់ក្រុមហ៊ុន CheckinMe និងសេវាកម្មផ្ដល់Internet របស់ក្រុមហ៊ុន Today Internet។
បន្ថែមពីនេះ ក្រុមហ៊ុន CheckinMe ក៏បានបន្ដចុះអនុស្សារណយោគយល់ជាមួយក្រុមហ៊ុន TECNO Mobile។ ការចុះអនុស្សារណយោគយល់នេះដែរ គឺធ្វើឡើងក្នុងបំណងពង្រីកការអភិវឌ្ឍ ផ្ដល់ភាពងាយស្រួល និងការលក់បញ្ចុះតម្លៃសម្រាប់អតិថិជនរបស់ក្រុមហ៊ុនដៃគូ។
ជាចុងក្រោយ លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិ ជឿជាក់ថាម្ចាស់អាជីវកម្មទាំងអស់នៅកម្ពុជា នឹងបន្តលើកំពស់អាជីវកម្មបច្ចេកវិទ្យា ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលនៅប្រទេសកម្ពុជាឲ្យបន្តរីកចម្រើនឥតឈប់ឈរ។