CheckinMe និង Smart Axiata សហការគ្នារៀបចំកម្មវិធីសិក្ខាសាលា HR Go Digital​



នៅរសៀលថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន CheckinMe និងក្រុមហ៊ុន Smart Axiata បានរួមសហការគ្នារៀបចំកម្មវិធីសិក្ខាសាលា HR Go Digital នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសដែលជាម្ចាស់អាជីវកម្ម អ្នកជំនាញផ្នែកធនធានមនុស្ស និង អ្នកគ្រប់គ្រងផ្នែកលក់។

កម្មវិធីនេះបានប្រព្រឹត្តយ៉ាងជោគជ័យគួរជាទីមោទនភាពក្រៃលែង ក្រោមអធិបតីភាព លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CheckinMe,  Ms. Mila Jivkova Kusheva ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata, អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន, អ្នកនាង ឃុន ពិសី ស្ថាបនិកក្រុមហ៊ុន Workingna និងលោក ស៊ូ សាវឿន ស្ថាបនិក Eagle Sales Coach។

លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CheckinMe បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងបានស្នើសុំឲ្យមានការគាំទ្រអាជីវកម្មឌីជីថល និងជំរុញសេដ្ឋកិច្ចឌីជីថលកម្ពុជាឲ្យបានកាន់តែច្រើន។ បន្ថែមពីនេះ វាគ្មិនរបស់យើងក៏បានឡើងធ្វើបទបង្ហាញជាបន្ដបន្ទាប់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ DISC និងរបៀបនៃការកំណត់ KPI ឲ្យបានត្រឹមត្រូវ។ កិច្ចពិភាក្សាពិសេសស្ដីពី “ការគ្រប់គ្រងធនធានមនុស្សតាមបែបឌីជីថល” បានធ្វើឡើងក្រោមការសម្របសម្រួលរបស់ លោក ឡី កំថូង ដោយវាគ្មិនកិត្តិយសនីមួយៗបានចែករំលែកបទពិសោធន៍ និងជំនាញការគ្រប់គ្រងធនធានមនុស្ស ដើម្បីការបង្កើនប្រសិទ្ធភាពការងារតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

 ក្រុមហ៊ុនទាំងពីរក៏បានបង្កើនចំណងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់ (MOU) ដោយ លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CheckinMe និង Ms. Mila Jivkova Kusheva ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata ដើម្បីផ្ដល់ភាពងាយស្រួល និងអត្ថប្រយោជន៍ដល់អតិថិជនទាំងសងខាងក្នុងន័យជួយពង្រីកដល់ការប្រើប្រាស់ និងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរសង្ឃឹមថាការរួមបញ្ចូលគ្នានេះនឹងជួយសម្រួលដល់ការងារគ្រប់គ្រងធនធានមនុស្សឲ្យបានកាន់តែល្អប្រសើរ តាមរយៈដំណោះស្រាយតាមបែបឌីជីថល ដែលចំណាយពេលតិច និងមានប្រសិទ្ធភាពខ្ពស់។

តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Smart Axiata, អតិថិជនទាំងអស់អាចសាកសួរព័ត៌មាន ស្វែកយល់បន្ថែមពីបច្ចេកវិទ្យាថ្មីៗ និងទិញផលិតផល CheckinMe នៅគ្រប់ Smart Shop ទាំងអស់ទូទាំងប្រទេស សរុបចំនួន 40 កន្លែងនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ទំនាក់ទំនងបន្ថែមសូមទំនាក់ទំនងលេខទូរស័ឌ្ទ 069 665-533 ឫតាមរយៈ FB Page: CheckinMe និងតាមរយៈ Website: www.checkinme.app

 

X
5s