ដំណើរទស្សនកិច្ចតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា​



សមាគមសហគ្រិនវ័យក្មេងកម្ពុជា សូមអបអរសាទរ និងគាំទ្រកិច្ចសហប្រតិបត្តការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដោយយើងខ្ញុំបានយល់ច្បាស់ពីទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលក្នុងការផ្ដួចផ្ដើមគម្រោងនេះចាប់តាំងពីឆ្នាំ ១៩៩៩ មក។ យើងក៏សង្កេតឃើញថាគម្រោងព្រែកជីកហ្វូណនតេជោ និងកិច្ចសហប្រតិបត្តការអភិវឌ្ឍន៍តំបន់ត្រីកោណនេះ គឺពិតជាបាននិងកំពុងជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឱ្យមានភាពរីកចម្រើនពិតប្រាកដមែន ហើយសមាគមសហគ្រិនវ័យក្មេងកម្ពុជានឹងដឹកនាំសហគ្រិនវ័យក្មេង ចុះធ្វើទស្សនកិច្ចទៅកាន់តំបន់ត្រីកោណអភិវឌ្ឍន៍ នាចុងខែ វិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីបង្កើតឱកាសវិនិយោគ តាមរយៈការសិក្សាឱ្យបានលម្អិតអំពីកាលានុវត្តភាពនៃតំបន់នេះ ជូនដល់សមាជិកសមាជិកាទូទាំងរាជធានីខេត្ត។

 

 

បេសកកម្មទៅកាន់តំបន់ត្រីកោណអភិវឌ្ឍន៍នេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ២ ជាចម្បង៖

១. សិក្សាពីលទ្ធភាព និងឱកាសវិនិយោគនៅលើតំបន់ណាមួយក្នុងខេត្តទាំងបួនរួមមាន រតនគិរី មណ្ឌលគិរី         ស្ទឹងត្រែង និងក្រចេះ ព្រមទាំងប្រមូលទិន្ន័យដើម្បីចងក្រងជាឯកសារមគ្គុទេសក៍វិនិយោគ ក្នុងការយកទៅផ្សព្វផ្សាយពីសក្ដានុពលនៃតំបន់ត្រីកោណអភិវឌ្ឍន៍ទៅកាន់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេស ដើម្បីទាក់ទាញការវិនិយោគទៅក្នុងតំបន់នេះឱ្យកាន់តែច្រើនបន្ថែមទៀត។

២. ជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តដើម្បីសិក្សាស្វែងយល់បន្ថែមអំពីទិសដៅអភិវឌ្ឍន៍របស់ខេត្តនីមួយៗ និងកសាងបណ្ដាញម្ចាស់អាជីវកម្មដែលកំពុងប្រកបរបរនៅក្នុងខេត្តទាំងបួននោះស្រាប់ ដើម្បីរួម   សហការគ្នាសិក្សាពីលទ្ធភាពក្នុងការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅក្នុងខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី បន្ថែមលើ សាខាសមាគមសហគ្រិនវ័យក្មេងកម្ពុជា ខេត្តក្រចេះ ដែលមានស្រាប់ ដើម្បីកសាងបណ្ដាញសហគ្រិន និងម្ចាស់អាជីវកម្ម រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តទាំងបួន      ស្របតាមទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ត្រីកោណឱ្យកាន់តែប្រសើរឡើង។

 

យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនឹងអាចបង្ហាញពីឱកាសវិនិយោគ ព្រមទាំងកៀរគរម្ចាស់អាជីវកម្មក្នុងខេត្តទាំងបួន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍតំបន់នេះឱ្យកាន់តែប្រសើរ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

 

X
5s