គន្លឹះ៤យ៉ាង​ដើម្បី​ក្លាយ​ជា​មនុស្ស​​​ម្នាក់​ដែល​ពោរពេញ​ដោយ​ទំនួល​ខុសត្រូវ​ខ្ពស់​



ទំនួលខុសត្រូវមិនមែនកើតមកតាំងពីកំណើតនោះទេ អត្តចរិតនេះត្រូវបានបណ្ដុះឡើងនៅពេលអ្នកមានអាយុច្រើន ទៅសាលា និងរស់នៅក្នុងជីវិត។ សកម្មភាពរបស់អ្នកជាអ្នកតាក់តែងនូវអត្តចរិតរបស់អ្នក។ ការណ៍ដែលអ្នកសាងកំហុសណាមួយឡើង ហើយព្យាយាមទម្លាក់កំហុសនោះទៅឲ្យអ្នកដទៃនោះបញ្ជាក់ថា អ្នកគ្មានការទទួលខុសត្រូវនៅក្នុងជីវិតទេ។ គន្លឹះទាំង៤នេះនឹងជួយបណ្ដុះនូវភាពមានទំនួលខុសត្រូវនៅក្នុងជីវិតអ្នក៖ 

១) កុំបង្កើតលេសឲ្យខ្លួនឯងទៀត៖

ប្រសិនបើអ្នកបានសាងកំហុសចំពោះអ្វីមួយ ជម្រើសដ៏ល្អគឺត្រូវតែទទួលស្គាល់ការពិតថា អ្នកពិតជាបានសាងកំហុសមែន ជៀសវាងការបង្កើតហេតុផល ឬ លេសរយពាន់ដើម្បីគេចយករួចខ្លួន។ នេះគឺជាផ្លូវដែលជួយឲ្យអ្នកក្លាយជាមនុស្ស ដែលពោរពេញដោយទំនួលខុសត្រូវមិនខាន ពោលគឺមិនមែនគេចយករួចខ្លួន ឬ និយាយឲ្យតែរួចពីមាត់ ដើម្បីឲ្យអ្នកដទៃគិតថា អស្ចារ្យ ហើយពេលមានបញ្ហាកើត ឡើង បែរជាគេចយករួចខ្លួននោះទេ។

២) បញ្ឈប់ការរអ៊ូរទាំ៖

មនុស្សប្រភេទនេះចូលចិត្តរអ៊ូទាំច្រើនឥតប្រយោជន៍ មានគំនិតដែលពោរពេញដោយភាពអវិជ្ជមានដែលនាំសេចក្ដីសុខស្ងប់ចាកចេញពីពួកគេដោយខ្លួនឯង និងមិនសូវបញ្ចេញសកម្មភាពល្អប្រសើរណាដើម្បីដោះស្រាយបញ្ហានោះទេ។ បើអ្នកមិនចូលចិត្តកិច្ចការណាមួយនោះទេ អ្នកគួរងាកមកធ្វើវាដោយខ្លួនឯងឬពិភាក្សាជាមួយអ្នកដែលធ្វើវាដើម្បីឲ្យអ្វីៗបានល្អប្រសើរជាងមុន។

៣) រៀនគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក៖

ក្នុងនាមជាមនុស្សមានទំនួលខុសត្រូវម្នាក់ អ្នកត្រូវចេះពីរបៀបគ្រប់គ្រងការចំណាយរបស់ខ្លួនដោយមិនចំណាយលើរបស់មិនចាំបាច់ ដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកក្នុងរយៈពេលខ្លីអស់ទាំងនោះទេ។ អ្នកត្រូវម៉ត់ចត់ប្រើប្រាស់លុយសម្រាប់បង់ថ្លៃចំណាយសំខាន់ៗក្នុងជីវិត បន្សល់លុយខ្លះសម្រាប់សន្សំក្នុងគណនេយ្យ និងប្រាក់សម្រាប់វិនិយោគមួយចំនួនទៀត ទៅតាមលទ្ធភាពជាក់ស្តែង។

៤) ជៀសវាងការពន្យារពេល និងត្រូវមានវិន័យប្រតិបត្តិតាមកាលវិភាគប្រចាំថ្ងៃ៖

មនុស្សជោគជ័យមិនមែនជាមនុស្សដែលអូសបន្លាយពេលវេលាក្នុងការសម្រេចការងាររបស់ពួកគេនោះទេ។ អ្នកត្រូវមានទំនួលខុសត្រូវលើរាល់ការងារដែលទាមទារអ្នកឲ្យបញ្ចប់ ជាជាងចំណាយពេលលើសកម្មភាពឥតប្រយោជន៍ផ្សេង។ ម្យ៉ាងទៀតនៅពេលអ្នកមានវិន័យលើខ្លួនឯងក្នុងការប្រតិបត្តិទៅតាមកាលវិភាគប្រចាំថ្ងៃនោះ អ្នកប្រាកដជាអាចសម្រេចបាននូវការងារទាំងឡាយរួចរាល់ ថែមទាំងមានពេលវេលាសម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួនផងដែរ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖www.lifehack.org

X
5s