៣ចំណុចដែលជាលក្ខណៈរបស់អ្នកដឹកនាំប្រកបដោយក្ដីមេត្តា
អ្នកដឹកនាំមួយចំនួនចូលចិត្តដឹកនាំកូនចៅដោយប្រើប្រាស់អំណាចដើម្បីត្រួតត្រា បញ្ជាបុគ្គលិកឲ្យធ្វើទៅតាមអ្វីដែលខ្លួនឯងចង់បាន។ យ៉ាងណាមិញ អ្នកដឹកនាំបែបនេះនឹងទទួលបានការកោតខ្លាចតែនៅនឹងមុខនោះទេ។
រីឯអ្នកដឹកនាំដែលមានក្ដីមេត្តា ពួកគេនឹងដាក់ខ្លួនឯងឲ្យដូចជាសំឡាញ់ដែលចាំជួយជ្រោមជ្រែងកូនចៅនៅពេលពួកគេត្រូវការជំនួយ។ អ្នកដឹកនាំបែបនេះនឹងទទួលបានការគោរពទាំងនៅមុខនិងនៅក្រោយខ្នងផងដែរ។ តើអ្នកដឹកនាំប្រកបដោយក្ដីមេត្តាមានលក្ខណៈសម្បត្តិយ៉ាងដូចម្ដេចខ្លះ ?
១) សិក្សារៀនសូត្រ៖ បុគ្គលដែលជាអ្នកដឹកនាំគំរូស្គាល់ពីដែនកំណត់នៃការចេះដឹងរបស់ខ្លួនឯង និងភាពល្ងង់ខ្លៅរបស់ខ្លួនឯង។ ពួកគេមិនបានលើកតម្កើងខ្លួនខ្ពស់ក្អេងក្អាងមិនស្ដាប់គេឯងនោះឡើយ ព្រោះពួកគេដឹងថាការធ្វើបែបនេះនឹងរារាំងពួកគេពីការអភិវឌ្ឍខ្លួនឯងឲ្យរីកចម្រើន និងជាលទ្ធផលនាំឲ្យប៉ះពាល់ដល់ប្រយោជន៍រួមនៅក្នុងក្រុមហ៊ុនទាំងមូល។ អ្នកដឹកនាំបែបនេះនឹងគោរពអ្នកដទៃដោយទុកពេលវេលាឲ្យពួកគេបញ្ចេញគំនិតផ្ទាល់ខ្លួន ដើម្បីឆ្ពោះទៅរកភាពរុងរឿងទាំងអស់គ្នា។
២) ជួយដកចេញនូវរនាំងរារាំងទាំងឡាយ៖ អ្នកដឹកនាំដែលប្រកបដោយក្ដីមេត្តា ចេះឈឺឆ្អាលបញ្ហារបស់កូនចៅ និងលូកដៃនៅក្នុងរឿងរបស់ពួកគេតាមតែអាចធ្វើទៅបានដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគេនៅក្នុងការបំពេញកិច្ចការងារឲ្យរលូន។ អ្នកដឹកនាំបែបនេះចំណាយពេលវេលាដើម្បីជជែកសួរនាំជាមួយកូនចៅ ហើយគិតគូររកវិធីណាដែលអាចជួយពួកគេដោះស្រាយបញ្ហាបាន និងជំរុញលើកទឹកចិត្តពួកគេឲ្យខិតខំតទៅទៀត។
៣) ជះឥទ្ធិពលវិជ្ជមានដល់កូនចៅ៖ ជាជាងសម្លឹងមើលតែទៅលើអ្វីដែលកូនចៅមិនបានធ្វើ អ្នកដឹកនាំដែលប្រកបដោយក្ដីមេត្តាសម្លឹងមើលទៅលើតម្រូវការអ្វីខ្លះដែលកូនចៅអាចកំពុងត្រូវការដើម្បីបំពេញកិច្ចការរបស់ពួកគេឲ្យរលូន។ សម្រាប់ពួកគេ ភាពជោគជ័យគឺជាកាលដែលមានឥទ្ធិពលវិជ្ជមាននិងជ្រាលជ្រៅទៅលើកូនចៅរបស់ពួកគេទាំងអស់គ្នា ជាជាងជាការមានភាពល្បីល្បាញនិងមានទ្រព្យសម្បត្តិច្រើន។ អ្នកដឹកនាំនេះតែងជួយជ្រោមជ្រែងកូនចៅឲ្យប្រឹងបញ្ចេញនូវសក្ដានុពលរបស់ខ្លួន ទាំងជាជំនាញ ទេពកោសល្យ កម្លាំងចិត្តខ្លាំងក្លា ទស្សនវិស័យ និងការប្ដេជ្ញាចិត្តដើម្បីសាមគ្គីគ្នាឆ្ពោះទៅសម្រេចគោលដៅរួមមួយ៕
ដោយ៖ ស្រីពៅ