សកម្មភាពចំនួន៥ដែលអ្នកអាចអនុវត្ត ដើម្បីបង្កើនថាមពលរបស់អ្នក នៅពេលសម្រាកបាយថ្ងៃត្រង់
នៅពេលអ្នកបានប្រឹងប្រែងធ្វើការអស់មួយព្រឹករួចមក វាគឺជារឿងសំខាន់ណាស់ដែលអ្នកគួរតែស្វែងរកសកម្មភាពណាដែលបង្កើនថាមពលរបស់អ្នកឡើងវិញ ជាជាងចំណាយពេលធ្វើសកម្មភាពដែលបង្ខាតថាមពលរបស់អ្នកដូចជាការលេងទូរស័ព្ទជាដើម។ ខាងក្រោមនេះគឺជាសកម្មភាពចំនួន៥ដែលអ្នកអាចសាកល្បងអនុវត្ត ដើម្បីបង្កើនថាមពលរបស់អ្នក នៅពេលសម្រាកបាយថ្ងៃត្រង់៖
១) ឆ្លៀតពេលធ្វើលំហាត់ប្រាណរាងកាយ ដែលអាចគ្រាន់តែជាការដើរ ឬពត់ខ្លួនជាដើម ដើម្បីដាស់ខួរក្បាលរបស់អ្នកឲ្យមានភាពស្វាហាប់និងមានថាមពល និងអាចបំផុសភាពច្នៃប្រឌិតរបស់អ្នក
២) ឬក៏អ្នកអាចឆ្លៀតពេលទម្រេតខ្លួនសម្រាកគេងបន្តិច ដើម្បីឲ្យខួរក្បាលបានសម្រាក និងបង្កើនថាមពលឡើងវិញ ហើយអ្នកនឹងអាចចាប់ផ្ដើមធ្វើការតទៀតជាមួយនឹងភាពស្រស់ស្រាយបន្ទាប់ពីភ្ញាក់ពីគេង
៣) ចៀសចេញពីភាពរំខានទាំងឡាយដែលមាននៅក្នុងបរិយាកាសធ្វើការរបស់អ្នក និងឧបករណ៍អេឡិចត្រូនិករបស់អ្នក ហើយដើរចេញទៅក្រៅរកកន្លែងដែលមានបរិយាកាសបែបធម្មជាតិ ហើយអង្គុយនៅស្ងៀមមិនធ្វើអ្វីសោះ និងស្រូបយកខ្យល់អាកាស ដើម្បីបន្ធូរអារម្មណ៍តានតឹងពីការងារឲ្យធូរស្រាល
៤) អានសៀវភៅដែលអ្នកពេញចិត្ត ដើម្បីផ្ដល់កម្លាំងជំរុញចិត្តដល់អ្នក និងធ្វើឲ្យអារម្មណ៍អ្នករីករាយឡើងវិញ
៥) ជជែកសន្ទនាគ្នាលែងជាមួយមិត្តរួមការងារ ដើម្បីបង្កើនចំណងមិត្តភាពរបស់អ្នកកាន់តែស្និទ្ធស្នាលជាងមុន៕
ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ ៣ចំណុចដែលជាលក្ខណៈរបស់អ្នកដឹកនាំប្រកបដោយក្ដីមេត្តា