តើអ្វីទៅជាភាពឆ្លាតវៃក្នុងយុគ្គសម័យឌីជីថល (Digital Quotient)?​



អ្នកប្រាដកជាធ្លាប់ឮមកហើយនូវភាពឆ្លាតវៃផ្នែកបញ្ញា (Intelligence Quotient) និងភាពឆ្លាតវៃផ្លូវអារម្មណ៍ (Emotional Intelligence) ប៉ុន្តែបន្ថែមពីនេះមានសូចនាករថ្មីមួយទៀតដែលមនុស្សជាច្រើនមិនទាន់បានដឹងនោះគឺ ភាពឆ្លាតវៃក្នុងយុគ្គសម័យឌីជីថល (Digital Quotient) ដែលវាហាក់ដូចជាថ្មីសម្រាប់បរិបទប្រទេសកម្ពុជា។ ភាពឆ្លាតវៃក្នុងសម័យឌីជីថលត្រូវបានបែងចែកជា ៣កម្រិតធំៗ៖

១) ភាពជាពលរដ្ឋក្នុងសម័យឌីជីថល (Digital Citizenship)៖ គឺជាសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យានិងប្រព័ន្ធផ្សព្វផ្សាយដោយមានទំនួលខុសត្រូវនិងប្រកបដោយសុវត្ថិភាពប្រសិទ្ធភាពខ្ពស់។

២) ភាពច្នៃប្រឌិតក្នុងសម័យឌីជីថល (Digital Creativity)៖ គឺជាសមត្ថភាពក្នុងការប្រែក្លាយជាផ្នែកនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលតាមរយៈការសហការគ្នាបង្កើតនូវមាតិកាថ្មីៗ និងបម្លែងគំនិតទៅជាផលិតផល ឬសេវាកម្មក្នុងវិស័យបច្ចេកវិទ្យា។

៣) អ្នកប្រតិបត្តិបញ្ជាការឌីជីថល (Digital Operator)៖ វាជាកម្រិតមួយដែលប្រព័ន្ធផ្សព្វផ្សាយនិងបច្ចេកវិទ្យាទំនើបៗត្រូវបានគេយកទៅប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងសកលលោក និងបង្កើតនូវឱកាសថ្មីៗសម្រាប់មនុស្សជាតិ។ ក្នុងចំណោមកម្រិតទាំង៣នេះ កម្រិត២ ភាពច្នៃប្រឌិតក្នុងសម័យឌីជីថលគឺជាផ្នែកមួយដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងជាងគេក្នុងវិស័យអប់រំ។ សាលាជាច្រើនកំពុងតែព្យាយាមបំពាក់នូវឧបករណ៍សិក្សាទំនើបៗដើម្បីបង្រៀនសិស្សឲ្យមានសមត្ថភាពក្នុងការសរសេរកូដកម្មវិធី បង្កើតមនុស្សយន្តជាដើម។ គ្រឹះស្ថានអប់រំជាច្រើនយល់ឃើញថាកម្រិតនេះជាកម្រិតដ៏មានសារៈសំខាន់ដោយឥទ្ធិពលវិជ្ជមានលើអាជីពការងារក្នុងពេលអនាគតរបស់ក្មេងៗ។ កម្រិតទី៣ក៏មានសារៈសំខាន់ផងដែរ ដោយវាផ្ដោតទៅលើសហគ្រិនភាពឌីជីថល។ ប៉ុន្តែកម្រិតទី១ ភាពជាពលរដ្ឋក្នុងសម័យឌីជីថល គឺមានសារៈសំខាន់ខ្លាំងណាស់ដែល ដែលមនុស្សម្នាក់ៗមិនអាចមើលរំលងបាន ដោយវាគឺជាមូលដ្ឋានគ្រឹះនិងជាការយល់ដឹងនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងជាសមត្ថភាពក្នុងការរស់នៅក្នុងពិភពឌីជីថល។ បើទោះបីជាប្រព័ន្ធបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្នមានការវិវឌ្ឍលឿនយ៉ាងណាក៏ដោយ មនុស្សជាច្រើនក្នុងយុគ្គសម័យឌីជីថលនេះកំពុងតែប្រឈមនឹងហានិភ័យដោយសារតែកង្វះចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដោយនិយាយជារួមទៅ មានមនុស្សជាច្រើនកំពុងជួបបញ្ហាដូចជាការញៀននឹងការប្រើប្រាស់បច្ចេកវិទ្យា ការប្រឈមមុខនឹងការគំរាមកំហែងក្នុងប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាកង្វះជំនាញទំនាក់ទំនងសង្គមជាដើម។ ដោយសារតែហេតុផលនេះហើយ ទើបការវិវឌ្ឍនៃជំនាញបច្ចេកវិទ្យាមានភាពចាំបាច់សម្រាប់មនុស្សជាតិទាំងមូល។

ខាងក្រោមនេះគឺជាជំនាញបច្ចេកវិទ្យាទាំង ៨ផ្នែកធំៗដែលអ្នកគួរយល់ដឹង ដើម្បីក្លាយជាភាពជាពលរដ្ឋក្នុងយុគ្គសម័យឌីជីថល៖

១) ពលរដ្ឋសម័យឌីជីថលដែលមានគុណភាព (Digital citizen identity/ Quality digital citizenship)៖ គឺជាការចេះទទួលយកចំណេះដឹងនិងការយល់ដឹងស៊ីជំរៅទៅលើព័ត៌មានបច្ចេកវិទ្យា (Digital identity) និងអាចគ្រប់គ្រងព័ត៌មានក្នុងពិភពអ៊ិនធើណែតនិងពិភពលោក។

២) ការគ្រប់គ្រងការប្រើប្រាស់ឌីជីថល (Screen time management/ digital use)៖ គឺជាសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនអ្នក និងគ្រប់គ្រងពេលវេលាច្បាស់លាស់ក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដូចជាការលេងទូរស័ព្ទ ការលេងហ្គេម ឬការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាដើម។

៣) ការគ្រប់គ្រងការគំរាមកំហែងលើប្រព័ន្ធបច្ចេកវិទ្យា (Cyber-bullying management)៖ គឺជាសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងការពារការធ្វើបាបក្នុងពិភពឌីជីថល។

៤) សុវត្ថិភាពក្នុងប្រព័ន្ធឌីជីថល (Digital Security)៖ គឺជាចំណេះដឹងនិងជាសមត្ថភាពក្នុងការថែរក្សា ការការពារការវាយប្រហារតាមរយៈប្រព័ន្ធអ៊ិនធើណែត ដូចជា ការការពារលេខកូដសម្ងាត់របស់អ្នក សុវត្ថិភាពក្នុងការប្រើប្រាស់អ៊ិនធើណែត និងការការពារប្រព័ន្ធសុវត្ថិភាពទូរស័ព្ទជាដើម។

៥) ការគ្រប់គ្រងភាពជាឯកជន (Privacy Management)៖ គឺជាការយល់ដឹងអំពីភាពជាឯកជនភាពរបស់អ្នក និងអ្នកដ៏ទៃ ដោយរួមបញ្ចូលដោយការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាការចែកចាយព័ត៌មានតាមរយៈបណ្ដាញទំនាក់ទំនងសង្គមជាដើម។ ដោយគេអាចហៅម្យ៉ាងទៀតបានថា សិទ្ធបច្ចេកវិទ្យា ដែលរួមបញ្ចូលទាំង ការប្រើប្រាស់ពាក្យសម្តី កម្មសិទ្ធបញ្ញា និងឯកជនភាពរបស់បុគ្គលណាម្នាក់ផងដែរ។

៦) ការគិតត្រិះរិះ ឬការគិតពិចារណា (Cirtical Thinking/ Digital Literacy)៖ គឺជាសមត្ថភាពក្នុងការវិភាគវែកញែកនិងបែងចែកព័ត៌មានផ្សេងៗថាតើវាជាព័ត៌មានពិតឬមិនពិត គួរឲ្យទុកចិត្តបានឬអត់ មានប្រយោជន៍ឬអត់សម្រាប់អ្នកជាដើម?

៧) ដានឌីជីថល (Digital Footprints)៖ គឺជាការយល់ដឹងអំពីអ្វីដែលអ្នកបន្សល់ទុកលើប្រព័ន្ធឌីជីថល ដូចជាការវាយលេខសម្ងាត់ចូល ហើយភ្លេចលុបចេញ សារឆ្លើយឆ្លង ឬរឿងសម្ងាត់អ្វីមួយជាដើម ។ បញ្ហាទាំងនេះអាចមានផលប៉ះពាល់ជាអវិជ្ជមានទៅលើជីវិតរបស់អ្នក។

៨) ភាពវៃឆ្លាតផ្លូវអារម្មណ៍ក្នុងប្រព័ន្ធឌីជីថល (Digital Empathy/ Digital Emotional Intelligence)៖ គឺជាសមត្ថភាពក្នងការយល់ដឹងពីស្ថានភាពអារម្មណ៍របស់នរណាម្នាក់លើប្រព័ន្ធបច្ចេកវិទ្យា ឬនិយាយដោយឡែកបានថាជាការបង្ហាញអារម្មណ៍អាណិតអាសូរ ភាពវាងវៃនៃអារម្មណ៍ និងភាពវាងវៃនៃអារម្មណ៍និងសង្គម នៃលើប្រព័ន្ធបច្ចេកវិទ្យាជាដើម៕

ប្រែសម្រួលដោយ៖ លង់ វណ្ណៈ ឯកសារយោង៖ Saint, M. (2018). Know the new indicators “DQ” of digital intelligence... . Phnom Penh, Cambodia: Western University TSP 1 Printing.

X
5s