របាយការណ៍​ថ្មី​បង្ហាញ​ថា មហាសេដ្ឋី​ភាគច្រើន​នៅ​លើ​ពិភពលោក​​មាន​ដោយសារតែ​ខិតខំ​រកស៊ី​ដោយ​ខ្លួនឯង​



មាន​មហាសេដ្ឋី​ប្រមាណ ២ ៦០៤ នាក់​នៅ​លើ​ពិភពលោក ហើយ​គេ​​បាន​រក​ឃើញ​ថា នៅ ក្នុង​ចំណោម​មហាសេដ្ឋី​ទាំង​នេះ មាន ៥៥,៨% គឺ​​​ពួកគេ​រក​ទ្រព្យ​​បាន​មក​ពី ការ​ខិតខំ ប្រឹងប្រែង​ដោយខ្លួនឯង។  នេះ​បើ​យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​របស់​ក្រុមហ៊ុន Wealth-X កាល​ពី​សប្ដាហ៍​មុន។

របាយការណ៍​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា បើ​គេ​សរុប​​ទ្រព្យសម្បត្តិ​​របស់​មហាសេដ្ឋី​​ទាំង ៥៥,៨% ដែល​​កសាង​ទ្រព្យសម្បត្តិ​ដោយ​ខ្លួនឯង​នេះ​គឺ​ស្មើ​នឹង ៥ ពាន់​ពាន់​លាន​ដុល្លារ​ឯណោះ។ ក្រៅ​ពី​នេះ មហាសេដ្ឋី ៣០,៩% រក​លុយ​ពី​ខ្លួន​ឯង​ខ្លះ​ផង ពី​មរតក​គ្រួសារ​ខ្លះ​ផង និង ១៣,៣% ផ្សេង​ទៀត​ទ្រព្យសម្បត្តិ​​ពួកគេ​បាន​មក​ពី​​​មរតក​គ្រួសារ​ទាំងស្រុង​តែម្ដង។

ជា​ការពិត មហាសេដ្ឋី​កំពូលៗ​មាន​ជាងគេ​បំផុត​ទាំង ១០ ​​ គឺ​កសាង​ទ្រព្យសម្បត្តិ​​ដោយ​ខ្លួន​​ឯង ក្នុង​នោះ​ដូចជា មហាសេដ្ឋី Jeff Bezos ប្រធាន​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​រហូត​ដល់​ទៅ ១៥៥ ពាន់​លាន​ដុល្លារ នេះ​បើ​យោង​តាម​ទស្សនាវដ្ដី Forbes។ ក្រៅ​ពី​​នេះ ​មហាសេដ្ឋី Larry Page ស្ថាបនិក​រួម​ក្រុមហ៊ុន Google ដែល​មាន​ទ្រព្យសម្បត្តិ ៥៣ ពាន់​លាន​ដុល្លារ គឺ​សុទ្ធតែ​ជា​មហាសេដ្ឋី​ដែល​រក​លុយ​ដោយ​ខ្លួន​ឯង​​​ទាំងអស់។

យ៉ាងណាមិញ ​របាយការណ៍​ក្រុមហ៊ុន Wealth-X ​បាន​រក​ឃើញ​ថា ចំនួន​មហាសេដ្ឋី និង​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ទាំងអស់​នៅ​លើ​ពិភពលោក​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ ២០១៨ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០១៧ កន្លង​ទៅ។ ចំនួន​នេះ បាន​ធ្លាក់​ចុះ​​អស់ ១៥០ នាក់​ពៅ​ចំនួន ២ ៧៥៤ នាក់ និង​ទ្រព្យសម្បត្តិ​ធ្លាក់​ចុះ​អស់​ពី ៩,២ មក​ត្រឹម ៨,៦ ពាន់​ពាន់​លាន​ដុល្លារ។ ការ​ធ្លាក់​ចុះ​នេះ​គឺ​ដោយសារតែ​​សញ្ញាណ​មិន​ល្អ​នៃ​ទីផ្សារ​ភាគហ៊ុន ការ​ប្រឈមមុខ​ដាក់​គ្នា​នៃ​សង្គ្រាម​ពាណិជ្ជកម្ម និង​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​សាកល៕

ប្រភព៖ CNBC

X
5s