លោក Udesh Chaskar៖ ផ្នត់គំនិតជាដើមទុនដែលសហគ្រិនត្រូវមានដើម្បីសម្រេចគោលដៅអាជីវកម្ម​



ជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី “Being Entrepreneurs and Startup” រៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក Udesh Chakar នាយកប្រចាំតំបន់នៃ World Startup Festival និងជាស្ថាបនិកនៃ Osiris International បានលើកឡើងថា “ផ្នត់គំនិតជាអ្វីដែលសហគ្រិនត្រូវមានដើម្បីសម្រេចគោលដៅអាជីវកម្ម”។ 

ជាមួយសំនួរដែលសួរថា “ធ្វើយ៉ាងណាទើបអាចបង្កើតផ្នត់គំនិតល្អមួយសម្រាប់ខ្លួនឯងបានដើម្បីឲ្យអ្នកសម្រេចបានគោលដៅអាជីវកម្ម?” លោក Udesh Chaskar បញ្ជាក់ចំណុចគោលសំខាន់ៗចំនួន ៦ គឺ៖

១) បង្កើតផែនទីសម្រាប់ជីវិត (Life map your vision on a daily basis)

បង្កើនផែនទីសម្រាប់ជីវិតខ្លួនឯងមានន័យថា សហគ្រិនកំពុងធ្វើការដៅចំនុច ឬផ្លូវដៅសម្រាប់ខ្លួនឯងដើម្បីអាចដើរទៅដល់គោលដៅដែលយើងបានកំណត់ទុករួច។ រាល់សកម្មភាពដែលអ្នកធ្វើត្រូវបានលទ្ធផលត្រលប់មកវិញ រាល់ការដាក់កំណត់ពេលវេលា ឬកាលវិភាគសម្រាប់ខ្លួនឯងគឺនាំអ្នកឲ្យមានវិន័យ។ ទោះជាសម័យនោះជាសម័យបច្ចេកវិទ្យាក៏ពិតមែន តែសហគ្រិនគួរទម្លាប់ធ្វើផែនទីជីវិតដោយសរសេរវាលើក្រដាស។

២) យកឈ្នះខ្លួនឯងឲ្យបាន (Challenge yourself everyday)

គ្មាននរណាម្នាក់ខ្សោយ ហើយក៏គ្មាននរណាម្នាក់ខ្លាំងដែរ មនុស្សម្នាក់ៗមានសមត្ថភាពផ្សេងៗគ្នា តែអ្វីដែលធ្វើឲ្យមនុស្សម្នាក់មិនអាចសម្រេចគោលដៅរបស់ខ្លួនបាន ក៏ព្រោះគេមិនអាចយកឈ្នះខ្លួនឯងបានប៉ុណ្ណោះ។ ចង់ឈ្នះខ្លួនឯងអ្នកគួរចាប់ផ្តើមពីការទម្លាប់លេងកីឡាជាមុន បន្ទាប់មកអ្នកនឹងអាចចាប់ផ្តើមអ្វីផ្សេងទៀតបានដោយពាក្យមួយម៉ាត់ថា “ខ្ញុំអាចធ្វើវាបាន” នេះជាអ្វីដែលសហគ្រិនត្រូវធ្វើ។

៣) ឆ្កឹះរកឬសគល់បញ្ហា និងដោះស្រាយវា (Approach problem from all sides)

នរណាក៏ស្អប់បញ្ហាដែរ តែក៏គ្មាននរណាអាចរត់គេចពីបញ្ហាបានដែរ។ ជួបបញ្ហាកាន់តែច្រើនបុគ្គលម្នាក់នោះកាន់តែរឹងមាំ និងមានភាពឆ្លាតវៃកាន់តែខ្លាំងជាងមុន។ សហគ្រិនជោគជ័យតែងព្យាយាមរកដំណោះស្រាយចំពោះបញ្ហាចំពោះមុន ហើយគេក៏តែងទទួលបានអ្វីដែលប្រសើរជាងអ្នកដទៃដែរ។

៤) ធ្វើការផ្លាស់ប្តូរ និងមានចលនាជានិច្ចនូវទស្សនវិស័យដែលខ្លួនមាន (Always be in motion )

បើសហគ្រិនមួយរូបមិនយកទស្សនវិស័យរបស់ខ្លួន មកធ្វើឲ្យមានចលនាទៅមុខទេ អ្នកនៅតែជាអ្នកលក់តួចតាច និងគ្មានការប្រកួតប្រជែងពេញលេញឡើយ។ 

៥) បង្កើតទម្លាប់អានជាប្រចាំ (Read on the daily basis)

ការអានគឺសំខាន់ណាស់ ព្រោះការអាចច្រើនជួយបង្កើនចំណេះដឹងរបស់យើងកាន់តែច្រើន។ សហគ្រិនជាមនុស្សដែលពោរពេញទៅដោយគំនិតច្នៃប្រឌិតក្នុងខ្លួន ហើយយកគំនិតទាំងនោះទៅដោះស្រាយបញ្ហាដែលមនុស្សនៅជុំវិញខ្លួនកំពុងជួបប្រទះ។ បើកាលណាសហគ្រិនមានទម្លាប់អានច្រើន មានន័យថាគេនឹងមានគំនិតច្នៃប្រឌិតកាន់តែច្រើន និងមានការប្រកួតប្រជែងកាន់តែច្រើនដូចគ្នា។

៦) វិនិយោគលើការរីកចម្រើនរបស់ខ្លួន (Invest in personal growth)

ការវិនិយោគជាអ្វីដែលត្រូវធ្វើ តែចំនុចសំខាន់មួយដែលសហគ្រិនត្រូវផ្សារភ្ជាប់ខ្លួននោះគឺការវិនិយោគលើការរីកចម្រើនខ្លួនឯង។ មាននន័យថាសហគ្រិនត្រូវតែបន្តការរៀនសូត្រជាប្រចាំ ដូចជាការចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលនានាដើម្បីពង្រីកចំណេះដឹងឲ្យកាន់តែទូលំទូលាយ៕

ដោយ៖ យ៉ាយ៉ា

 

X
5s