CEO ជិត២ពាន់នាក់ថា នេះគឺជាកត្តាទាំងបួនដែលជះឥទ្ធិពលលើអាជីវកម្មសព្វថ្ងៃ​



របាយការណ៍ថ្មីមួយបានរកឃើញថា នៅទូទាំងពិភពលោកថៅកែម្ចាស់អាជីវកម្មជាច្រើនកំពុងបង្ហាញទុទិដ្ឋិនិយមអំពីកំណើនសេដ្ឋកិច្ចនៅពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះនៅមានរឿងមួយនៅពីក្រោយការបាត់បង់ទំនុកចិត្តនេះ ដែលនោះគឺភាពមិនប្រាកដប្រជា។

ការស្ទង់មតិទៅលើនាយកប្រតិបត្តិក្រុមហ៊ុន (CEO) ដែលធ្វើឡើងដោយក្រុមហ៊ុន PwC (PwC’s Annual Global CEO Survey) ដែលមាននាយកប្រតិបត្តិក្រុមហ៊ុនជិត ១ ៦០០ នាក់ចូលរួមមកពីតំបន់ផ្សេងៗចំនួន ៨០ នៅជុំវិញពិភពលោកបានរកឃើញថា ចំនួនអ្នកដែល «មានទំនុកចិត្តខ្ពស់» ថា ប្រាក់ចំណូលក្រុមហ៊ុនរបស់ពួកគេនឹងកើនឡើងនៅក្នុងឆ្នាំ ២០២០ គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ២០០៩ មក។

ក្រុមហ៊ុន PwC និយាយថា លទ្ធផលនេះធ្វើឲ្យមានចំណាប់អារម្មណ៍យ៉ាងច្រើន ហើយថា ទំនុកចិត្តលើប្រាក់ចំណូលរបស់នាយកប្រតិបត្តិទាំងនោះ អាចជាសូចនាករដ៏ល្អមួយដែលឆ្លុះបញ្ចាំងពីនិន្នាការនៃកំណើនសេដ្ឋកិច្ច GDP ពិភពលោកទាំងមូល។

ជាការឆ្លើយតបទៅនឹងស្ថានភាពមិនល្អនេះ នាយកប្រតិបត្តិទាំងនោះ បានលើកឡើងពីកត្តាសំខាន់ៗចំនួន៤ ដែលមានឥទ្ធិពលលើអាជីវកម្មរបស់អ្នកក្នុងឆ្នាំ ២០២០នេះ៖

  1. បញ្ហាប្រឈមរបស់នាយកប្រតិបត្តិក្រុមហ៊ុន 
    កាលពី២ឆ្នាំមុន ការស្ទង់មតិរបស់ក្រុមហ៊ុន PwC ដដែលបានរកឃើញកម្រិតនៃភាពសុទិដ្ឋិនិយមរបស់នាយកប្រតិបត្តិទាំងនោះទៅលើអនាគតសាកលលោក។ សព្វថ្ងៃនេះ វាជារឿងផ្សេង។ តាមពិតទៅភាគរយនៃនាយកប្រតិបត្តិដែលគិតថា អត្រានៃកំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (GDP) នឹងថយចុះ បានកើនឡើង១០ដងពី ៥% ទៅ ៥៣%។

    របាយការណ៍ខាងលើបានបន្តថា ភាពមិនប្រាកដប្រជាកំពុងតែជំរុញឲ្យមានការភ័យខ្លាចនេះ។ បទប្បញ្ញត្តិហួសកម្រិតរបស់រដ្ឋ ត្រូវបានគេមើលឃើញថា គឺជាបញ្ហាប្រឈមដ៏លំបាកបំផុតមួយសម្រាប់អាជីវកម្ម បន្ទាប់មកគឺការព្រួយបារម្ភទៅនឹងភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ចសាកល ជម្លោះពាណិជ្ជកម្ម បម្រែមប្រួលអាកាសធាតុ និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។
  2. បទប្បញ្ញត្តិក្នុងការគ្រប់គ្រងលើវិស័យបច្ចេកវិទ្យា
    នាយកប្រតិបត្តិជាច្រើនគិតថា អ៊ិនធឺរណែតនឹងត្រូវប្រេះស្រាំជាងមុនដោយសារកង្វះខាតននៃបទប្បញ្ញត្តិជាសាកល។ នេះនឹងបង្ខំឲ្យរដ្ឋាភិបាលរបស់រដ្ឋនីមួយៗបង្កើតច្បាប់រៀងៗខ្លួនដើម្បីគ្រប់គ្រងលើបញ្ហានេះ ហើយតម្រូវឲ្យវិស័យឯងជន និងរដ្ឋអនុវត្តតាម។ 

    នៅទូទាំងពិភពលោក នាយកប្រតិបត្តិ ៥០% យល់ថា ច្បាប់ក្នុងស្រុកដែលគ្រប់គ្រងលើមាតិកាចេញផ្សាយ (Content) ពាណិជ្ជកម្ម និងឯកជន នឹងបង្កើតភាពបែកខ្ញែកលើអ៊ិនធឺណិត ខណៈដែល ៤០% ផ្សេងទៀតនិយាយថា ភាពបែកខ្សែកនេះមានចំនួនតិច។ ទន្ទឹមនឹងនេះ នាយកប្រតិបត្តិ ៧ នាក់ក្នុងចំណោម ១០ នាក់រំពឹងថា នឹងមានការកើនឡើងច្បាប់គ្រប់គ្រងលើមាតិកាចេញផ្សាយ (Content) ហើយក៏មានការបំបែកបំបាក់ក្រុមហ៊ុនបច្ចេកវិទ្យាលេចធ្លោធំៗផងដែរ។

    របាយការណ៍បញ្ជាក់ទៀតថា នាយកប្រតិបត្តិត្រូវការសហការកាន់តែទូលំទូលាយជាងមុនជាមួយរដ្ឋាភិបាលដើម្បីពិភាក្សាលើវិធីដែលបច្ចេកវិទ្យា និងទិន្នន័យត្រូវបានប្រើប្រាស់ឲ្យបានត្រឹមត្រូវសម្រាប់ការពារអតិថិជន និងជំរុញភាពច្នៃប្រឌិត។ នេះនឹងកាន់តែសំខាន់ទៅទៀតនៅស្របពេលដែលបដិវត្តឧស្សាហកម្មទី ៤ (4IR) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងចាប់ផ្តើមវាយលុកនៅលើទីផ្សារសេដ្ឋកិច្ចពិភពលោក។

  3. ការបង្កើនជំនាញថ្មីក្នុងកម្លាំងពលកម្ម
    នៅពេលដែលបដិវត្តឧស្សាហកម្មទី ៤ ណែនាំពីរបៀបធ្វើការងារថ្មី ជំនាញបច្ចេកទេសថ្មី ជំនាញឌីជីថលនិងជំនាញទន់ នឹងត្រូវបានទាមទារ។ ប៉ុន្តែយោងតាមរបាយការណ៍នេះ ជំនាញទាំងនេះកំពុងជួបភាពខ្វះខាតដែលនាំឲ្យមានការយល់ស្របគ្នាមួយក្នុងចំណោមនាយកប្រតិបត្តិទាំងនោះថា ការបណ្តុះបណ្តាល និងការបង្កើនជំនាញនៅក្នុងកម្លាំងពលកម្ម គឺជាច្រកផ្លូវដ៏សំខាន់បំផុតក្នុងការកាត់បន្ថយចំណុចខ្វះខាតលើចំណេះដឹងក្នុងជំនាញដ៏មានសក្តានុពលនៅក្នុងអង្គភាពរបស់ពួកគេ។

    មាននាយកប្រតិបត្តិពិភពលោកចំនួន ១៨% ប៉ុណ្ណោះត្រូវបានរាយការណ៍ថា កំពុងអនុវត្តិកម្មវិធីជាច្រើនដើម្បីជួយបណ្តុះបណ្តាលបុគ្គលិករបស់ពួកគេលើជំនាញថ្មីៗទាំងនេះ។ ប៉ុន្តែក្រុមហ៊ុនដែលឈានមុខគេលើការអនុវត្តកម្មវិធីបណ្តុះបណ្តាលថ្មីៗទាំងនោះបានអះអាងថា អាជីវកម្មទទួលបានលទ្ធផលកាន់តែប្រសើរក៏ដោយសារតែបរិយាកាសវប្បធម៌កិច្ចសហការក្នុងការងារមានភាពរឹងមាំល្អ មានផលិតភាពខ្ពស់ និងមានភាពច្នៃប្រឌិតកាន់តែច្រើន។ 

  4. បញ្ហាបម្រែបម្រួលអាកាសធាតុ
    ក្រុមហ៊ុន PwC បានទទួលស្គាល់ថា នាយកប្រតិបត្តិនៅយុគសម័យថ្មីនេះទំនងជាកំពុងមើលឃើញពីអត្ថប្រយោជន៍នៃការវិនិយោគក្នុងគំនិតផ្តួចផ្តើមទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុជាងកាលពី ១០ ឆ្នាំមុន។ យ៉ាងណាមិញ មុខជំនួញបែបនេះហាក់មិនទាន់ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅក្នុងចំណោមអាជីវកម្មជុំវិញពិភពលោកនៅឡើយទេ។

    ចាប់តាំងពីឆ្នាំ ២០១០ ចំនួននាយកប្រតិបត្តិដែលយល់ស្របទៅនឹងការអនុវត្តកម្មវិធីបៃតងអាចជួយបង្កើនកេរ្តិ៍ឈ្មោះក្រុមហ៊ុនពីសំណាក់ដៃគូពាក់ព័ន្ធសំខាន់ៗ រួមទាំងនិយោជិកបានកើនឡើងជិតទ្វេដងដល់ ៣០% ។ ទន្ទឹមនឹងនេះតួលេខដែលគិតថា គំនិតផ្តួចផ្តើមបែបនេះនឹងនាំទៅរកឱកាសនៃការផលិតផលលិតផល និងផ្តល់សេវាកម្ម គឺបានកើនឡើងប្រហាក់ប្រហែលគ្នានេះពីអត្រា ១៣% ទៅ ២៥%៕

ប្រភព៖ Weforum

 

X
5s