Apple គ្រោងផលិតរបាំងផ្លាស្ទិចការពារមុខ ១ លានគ្រឿងដល់់បុគ្គលិកពេទ្យជារៀងរាល់សប្ដាហ៍​



យោងតាមសារព័ត៌មាន Channel News Asia បានឱ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្យអាមេរិក Apple គ្រោងនឹងផលិតរបាំងមុខប្លាស្ទិកថ្លា (face shield) ហើយផ្ដល់ចំនួនជាង ១ លានរបាំងមុខប្លាស្ទិចនេះដល់បុគ្គលិកពេទ្យជារៀងរាល់សប្ដាហ៍ក្នុងការចូលរួមទប់ស្កាត់ប្រឆាំងការឆ្លងជម្ងឺកូវីដ១៩ នេះ។

បើផ្អែកលើ post វីដេអូមួយរបស់គណនី Twitter ផ្ទាល់ខ្លួនរបស់លោក Tim Cook ដែលជាប្រធានប្រតិបត្តិរបស់ Apple បានឱ្យដឹងថា Apple ធ្លាប់បានផលិតនិងផ្ដល់ម៉ាស់ការពារមុខជាង ២០ លានម៉ាស់ដល់ជុំវិញពិភពលោករួចមកហើយក្នុងការជួយកាត់បន្ថយកង្វះខាតម៉ាស់ជុំវិញពិភពលោក។

ហើយបច្ចុប្បន្ននេះក្រុមហ៊ុនបច្ចេកវិទ្យានេះបានដាក់ផលិតរបាំងការពារមុខផ្លាស្ទិចនេះនៅរោងចក្ររបស់ខ្លួននៅអាមេរិកនិងចិនហើយគ្រោងនឹងសហការជាមួយក្រុមហ៊ុនធំៗផ្សេងទៀតមានដូចជាក្រុមហ៊ុនអ៊ីតាលី Prada ជាដើមក្នុងការផលិតរបាំងការពារមុខផ្លាស្ទិចនេះដើម្បីចែកចាយទៅដល់ប្រទេសផ្សេងៗជុំវិញពិភពលោកក្រៅពីផ្ដោតលើការចែកចាយតែក្នុងអាមេរិកតែមួយប្រទេសគត់​។

ការពិតទៅ បច្ចុប្បន្ននេះមានក្រុមហ៊ុនធំៗជាច្រើនបានចូលរួមផលិតនិងចែកចាយគ្រឿងបរិក្ខារពេទ្យមានដូចជាក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors ជាដើមដែលកាលពីខែមុនបានផលិតម៉ាស៊ីន ventilators ដែលជាម៉ាស៊ីនជំនួយដល់ប្រព័ន្ធដកដង្ហើមបន្ទាប់ពីប្រធានាធិបតីលោកដូណលត្រាំបានចែងច្បាប់តម្រូវឱ្យក្រុមហ៊ុនផលិតឡាននេះផលិតម៉ាស៊ីន ventilators នេះ៕

ប្រភព៖ Channel News Asia

ដោយ៖ នឿន វណ្ណៈ

 

X
5s