តើអាយុប៉ុន្មានល្អបំផុត ដើម្បីចាប់ផ្ដើមចេញរកស៊ី?
តើអ្នកគួរចេញរកស៊ីនៅអាយុប៉ុន្មានទើបល្អបំផុត? អាយុ ២០ ឆ្នាំ? អាយុ ៣០ឆ្នាំ? ឬ ៤០ឆ្នាំ? នេះជាសំនួរមួយដែលគ្មានចម្លើយស្តង់ដារពិតប្រាកដណាមួយសម្រាប់អ្នកដែលមានបំណងចង់រកស៊ី ឬបើកជំនួញអាចយកទៅអនុវត្តឲ្យបានជារួមនោះឡើយ។ ប្រសិនបើអ្នកនៅមានភាពស្រពិចស្រពិលលើរឿងនេះ សូមក្រឡេកមកមើលការស្រាវជ្រាវខាងក្រោមនេះវិញម្តង។
យោងតាមការសិក្សាស្រាវជ្រាវមួយដែលមានចំណងជើងថា អាយុ និង ភាពជោគជ័យនៃអាជីពជាសហគ្រិនភាព (Age and entrepreneurial career success: A review and a meta-analysis) បានរកឃើញថា អត្រាភាពជោគជ័យរបស់អ្នកដែលចេញរកស៊ី នៅអាយុខ្ទង់ ២០ ឆ្នាំ គឺប្រហាក់ប្រហែលគ្នាទៅនឹងអ្នកដែលចេញរកស៊ីនៅអាយុខ្ទង់ ៥០ឆ្នាំដែរ។
ផ្អែកលើការស្រាវជ្រាវខាងលើ វាមានតុល្យភាពមួយដែលកើតមាននៅលើចំណុចនេះ។ ខណៈដែលសហគ្រិនវ័យក្មេងមានទំនោរខ្លាំងទៅលើចំណេះដឹងបច្ចេកវិទ្យាថ្មីៗ និងស្ទាក់ស្ទើរក្នុងការប្រឈមមុខទៅនឹងហានិភ័យ សហគ្រិនវ័យចំណាស់វិញមាបទពិសោធន៍ច្រើន មានជំនាញខ្លាំងក្នុងមុខជំនួញ មានបណ្ដាញទំនាក់ទំនងខ្លាំង និងមានដើមទុនរឹងមាំ។
ផ្ទុយទៅវិញ ស្ថាបនិកដែលចាប់ផ្តើមជំនួញនៅអាយុខ្ទង់ ៣០ និង ៤០ឆ្នាំ ហាក់ដូចជាមិនសូវទទួលបានជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្មរបស់ពួកគេនោះទេ។ ការស្រាវជ្រាវខាងលើដដែលបានរកឃើញថា “ឆាកជីវិតនៅវ័យនេះ” មានទំនួលខុសត្រូវខ្ពស់នៅក្នុងរឿងដំណាលគ្នានេះដូចជា ការកសាងគ្រួសារ ការរកចំណូល ការព្យាយាមគេចឲ្យផុតពីហានិភ័យផ្សេងៗជាដើម និងអាចបង្កើតឧបសគ្គធំៗជាច្រើនទៀត ។ នេះវាមិនមែនជាអាយុមួយដ៏សមស្របបំផុត និងងាយស្រួលសម្រាប់កសាងជីវិតជាសហគ្រិននោះទេ។
ទោះបីជាបែបនេះក្តី ការរកឃើញទាំងនេះគឺមានលក្ខណៈផ្ទុយគ្នាពីការសិក្សាមុនៗរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក (United States Census Bureau )ដែលបង្ហាញថា អាយុដែលជោគជ័យបំផុតរបស់សហគ្រិនគឺភាគច្រើនកើតមានចំពោះមនុស្សដែលស្ថិតនៅក្នុងវ័យកណ្ដាលជាពិសេសអ្នកជំនួញមកពីវិស័យបច្ចេកវិទ្យាតែម្តង។ អាយុជាមធ្យមនៃអ្នកជំនួញជោគជ័យមកពីក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះគឺមានអាយុ ៤៥ ឆ្នាំ។
បើទិន្នន័យមិនផ្ទុយគ្នាបែបនេះ សំនួរសួរថា តើណាមួយជាចម្លើយល្អបំផុតសម្រាប់អ្នកដើម្បីចេញរកស៊ី? បើយោងតាមការស្រាវជ្រាវប៉ុន្មានខាងលើនេះ អ្នកពិតជាលំបាកក្នុងការសម្រេចចិត្តថា តើណាមួយត្រឹមត្រូវជាងនោះទេ? យ៉ាងណាក៏ដោយ សូមចាំថា បើមានការស្រាវជ្រាវកាន់តែច្រើន នោះអ្នកនឹងទទួលបាចម្លើយផ្សេងៗគ្នាកាន់តែច្រើនលើប្រធានបទមួយនេះ។
ក្នុងមួយថ្ងៃៗមានមនុស្សច្រើនណាស់ចាប់ផ្តើមធ្វើជំនួញ។ ប៉ុន្តែបើអ្នកនេះធ្វើជំនួញ អ្នកនោះក៏ធ្វើជំនួញ ហើយអ្នកក៏ធ្វើជំនួញ នោះស្ថានភាពរបស់អ្នកមិនដូចគ្នាទេ។ វាគ្មានការវិភាគបែបវិទ្យាសាស្ត្រណាមួយប្រកបដោយសុ ក្រឹត្យ ១០០% និងជាគំរូស្តង់ដារមួយដែលបង្ហាញថា អ្នកគួរចាប់ផ្តើមជំនួញនៅអាយុប៉ុន្មានទើបជោគជ័យបំផុតនោះទេ។
ប្រសិនបើអ្នកចាប់ផ្ដើមជំនួញនៅអាយុខ្ទង់ ២០ សូមជឿជាក់លើខ្លួនអ្នក ហើយពុះពារដើម្បីសម្រេចក្តីសុបិន្តក្នុងមុខជំនួញរបស់អ្នក។ ប្រសិនបើអ្នកចាប់ផ្ដើមជំនួញនៅអាយុខ្ទង់ ៥០ សូមជឿជាក់លើខ្លួនឯង ហើយចេញប្រយុទ្ធដើម្បីនាំភាពជោគជ័យក្នុងមុខជំនួញរបស់អ្នក។ ប្រសិនបើអ្នកចាប់ផ្ដើមជំនួញនៅអាយុខ្ទង់ ៣០ ឬ ៤០ឆ្នាំ សូមមានទំនុកចិត្តលើខ្លួនឯង ហើយចូរបំភ្លេចចោលនូវទស្សនៈបែបនេះបែបនោះដែលធ្វើឲ្យទឹកចិត្តរបស់អ្នករារែក ឬសង្ស័យក្នុងជីវិតជំនួញរបស់អ្នកចោលទៅ។
ដោយសារតែគំនិតរបស់អ្នក ការខិតខំប្រឹងប្រែងរបស់អ្នក ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់អ្នកក្នុងនាមអ្នកជានរណា និងថាតើអ្នកចង់បានអ្វីពិតប្រាកដ? ប្រឹងប្រែងព្យាយាមប៉ុណ្ណា? ទាំងនេះហើយគឺកត្តាសំខាន់បំផុតមានតម្លៃធំធេងជាងការកំណត់លើអាយុចេញរកស៊ី របស់អ្នកទៅទៀត៕
អត្ថបទទាក់ទង៖