ប្រយោគ​ចំនួន​៤ឃ្លា ដែល​បាន​ពន្យល់​ចូល​ទៅ​ដល់​ខ្លឹមសារ​ស៊ីជម្រៅ​នៃ​ការ​បង្រៀន​របស់​ព្រះពុទ្ធ​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន​៤ឃ្លា ដែល​បាន​ពន្យល់​ចូល​ទៅ​ដល់​ខ្លឹមសារ​ស៊ីជម្រៅ​នៃ​ការ​បង្រៀន​របស់​ព្រះពុទ្ធ:

) «ព្រះសទ្ធត​ក៏​បាន​ព្យាយាម​កាត់​ផ្ដាច់​សេចក្ដីទុក្ខ​ចេញ​ពី​ឫសគល់​របស់​វា​ដែរ។ ប៉ុន្តែ​ទ្រង់​មិន​បាន​នឹក​ស្រមើស្រមៃ​ដំណោះស្រាយ​ដូចជា​ចាប់ផ្ដើម​ការ​បដិវត្ត​នយោបាយ ចាកចេញ​ទៅ​រស់នៅ​ភព​ផ្សេង ឬ​បង្កើត​ពិភពលោក​សេដ្ឋកិច្ច​ថ្មី​នោះ​ឡើយ។ ទ្រង់​មិន​បាន​គិត​សូម្បីតែ​បង្កើត​សាសនា​ឬ​ក៏​បង្កើត​ច្បាប់​ទម្លាប់​នៃ​ការ​ប្រព្រឹត្ត​នូវ​ទង្វើ​ដែល​នឹង​នាំ​មក​នូវ​សន្តិភាព​និង​ភាព​ចុះសម្រុង​នោះ​ដែរ។ ទ្រង់​រុករក​ស្រាវជ្រាវ​សេចក្ដីទុក្ខ​ជាមួយ​នឹង​ចិត្ត​ទូលំទូលាយ ហើយ​តាមរយៈ​ការ​សញ្ជឹង​គិត​ដ៏​ច្រើន ទ្រង់​បាន​រក​ឃើញ​ថា​នៅ​ត្រង់​ឫសគល់ គឺជា​អារម្មណ៍​របស់​យើង​ដែល​នាំ​ទៅ​រក​សេចក្ដីទុក្ខ។ ជាក់ស្ដែង ពួកវា​គឺជា​សេចក្ដីទុក្ខ​នេះឯង។» Dzongsar Khyentse Rinpoche

) «បើ​មិន​បែប​នេះ​ទេ​គឺ​បែប​នោះ បើ​មិន​ដោយ​ផ្ទាល់​ទេ​ក៏​ដោយ​ប្រយោល​ដែរ ដែល​រាល់​អារម្មណ៍​ទាំងអស់​បាន​កើត​ចេញ​មក​ពី​ភាព​អាត្មានិយម​នៅ​ក្នុង​ន័យ​ត្រង់​ថា​ពួកវា​ពាក់ព័ន្ធ​នឹង​ការ​ជាប់ជំពាក់​នឹង​ខ្លួនឯង។ លើស​ពី​នេះ​ព្រះសទ្ធត​ក៏​បាន​រក​ឃើញ​ថា បើ​ទោះជា​ពួកវា​មើល​ទៅ​ហាក់​ដូចជា​ការពិត​ក៏​ដោយ ប៉ុន្តែ​អារម្មណ៍​មិនមែន​ជា​ចំណែក​មួយ​នៃ​អត្ថិភាព​របស់​បុគ្គល​ម្នាក់​ដែល​កើតឡើង​ពី​កំណើត​ពី​ខាងក្នុង​មក​នោះ​ឡើយ។ ពួកវា​មិនមែន​កើតឡើង​ដោយ​ធម្មជាតិ​ពី​កំណើត​មក​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​ការ​ដាក់​បណ្ដាសា​ឬ​ក៏​ជា​ការ​សាប់​គ្រាប់ពូជ​ក្នុង​ទម្រង់​ណាមួយ​ដែល​នរណា​ម្នាក់​ឬ​ព្រះជាម្ចាស់​ណាមួយ​បាន​ដាក់​មក​លើ​យើង​នោះ​ដែរ។ អារម្មណ៍​កើតឡើង​នៅ​ពេល​ហេតុ​និង​លក្ខខណ្ឌ​ជាក់លាក់​ណាមួយ​មក​ព្រមគ្នា។» Dzongsar Khyentse Rinpoche

) «មនុស្ស​ជាច្រើន​ជា​ធម្មតា​តែង​មាន​អារម្មណ៍​ថា​ខ្លួនឯង ឬ​ក៏​ជា​អ្វី​ដែល​យើង​សំដៅ​ទៅលើ​នៅ​ពេល​យើង​និយាយ​ថា «ខ្ញុំ» គឺជា​អ្វី​ដែល​អាច​ទ្រទ្រង់​ខ្លួនឯង​បាន​និង​មិន​អាស្រ័យ​លើ​អ្នកដទៃ។ ប៉ុន្តែ តាមការពិត បើ​យើង​គិត​ពី​វា រាងកាយ​របស់​យើង​ចាប់​ពី​ក្បាល​ដល់​ចុង​ជើង កើតឡើង​ដោយ​អាស្រ័យ​លើ​អ្នកដទៃ​ទាំងស្រុង។ សមត្ថភាព​របស់​យើង​ក្នុង​ការ​ដែល​អាច​មាន​ជីវិត​រស់រាន​បាន​គឺ​ត្រូវ​ពឹងផ្អែក​លើ​អ្នកដទៃ​ទាំងស្រុង។ អាហារ​ដែល​យើង​បរិភោគ សំលៀកបំពាក់​ដែល​យើង​ស្លៀកពាក់ សូម្បីតែ​ជា​ខ្យល់​ដែល​យើង​ដកដង្ហើម ទាំងនេះ​សុទ្ធតែ​មក​ពី​អ្នកដទៃ​ទាំងអស់។ នេះ​គឺ​ជាក់ស្ដែង​ច្បាស់ក្រឡែត​ណាស់។» Karmapa

) «ព្រះសម្មាសម្ពុទ្ធ​ដឹង​ថា​ដោយសារ​តែ​សេចក្ដី​សុខ​និង​សេចក្ដីទុក្ខ​សុទ្ធតែ​មិន​អាច​ផ្ដល់​ក្ដី​សុខ​បាន​ទាំងពីរ ពួកវា​គឺ​មាន​តម្លៃ​ស្មើគ្នា។ នៅ​ពេល​សេចក្ដី​សុខ​លេច​ឡើង ទ្រង់​បណ្ដោយ​ឲ្យ​វា​ទៅ។ ទ្រង់​មាន​ការ​ហ្វឹកហាត់​ត្រឹមត្រូវ មើល​ឃើញ​ថា​របស់​ទាំងពីរ​នេះ​មាន​តម្លៃ​និង​គុណវិបត្តិ​ស្មើគ្នា។ ពួកវា​កើតឡើង​នៅ​ក្រោម​ច្បាប់​កម្មផល គឺថា​ពួកវា​មិន​នឹងន​និង​មិន​អាច​ផ្ដល់​ក្ដី​សុខ​បាន​ឡើយ។ នៅ​ពេល​កើត ពួកវា​នឹង​ស្លាប់។ នៅ​ពេល​ទ្រង់​ឃើញ​បែប​នេះ ទិដ្ឋិ​ត្រឹមត្រូវ​ក៏​លេចឡើង ផ្លូវ​ត្រឹមត្រូវ​ក្នុង​ការ​ហ្វឹកហាត់​ក៏​បាន​ក្លាយ​ជា​ភ្លឺ​ច្បាស់។ មិន​ថា​មាន​អារម្មណ៍​ឬ​ការ​គិត​ទម្រង់​បែប​ណា​លេចឡើង​នៅ​ក្នុង​ចិត្ត​របស់​ទ្រង់​នោះ​ឡើយ ទ្រង់​ដឹង​វា​ថា​គ្រាន់តែ​ជា​ល្បែង​បន្តបន្ទាប់​គ្នា​នៃ​សេចក្ដី​សុខ​និង​សេចក្ដីទុក្ខ​ប៉ុណ្ណោះ។ ទ្រង់​មិន​ជាប់ជំពាក់​នឹង​ពួកវា​ឡើយ។» Ajahn Chah

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិបណ្ឌិត​ចំនួន​១០​ឃ្លា ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​ការ​បង្រៀន​ដ៏​កំពូល​របស់​តៅ​និង​​ព្រះពុទ្ធ

X
5s