វិធី ៧ យ៉ាងដែលអាចជួយឲ្យអ្នកឆ្លាតជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ​



ដើម្បីក្លាយជាអ្នកជំនួញជោគជ័យម្នាក់ អ្នកត្រូវតែជាមនុស្សដែលមានសមត្ថភាព ហើយសមត្ថភាពរបស់អ្នកជំនួញដែលជោគជ័យជារឿយៗត្រូវបានកំណត់ដោយភាពឆ្លាតវៃរបស់អ្នក។ ដូច្នេះហើយ អ្នកគួរចំណាយពេលប្រចាំថ្ងៃ ដើម្បីរៀនសូត្រ និងបង្កើនមូលដ្ឋានចំណេះដឹងថ្មីៗបន្ថែមទៀត។ ការដែលអ្នកដឹងច្រើន អ្នកនឹងកាន់តែយល់ពីបញ្ហានិងដំណោះស្រាយស៊ីជម្រៅជាងមុន។

វិធីទាំង ៧ ខាងក្រោមនេះនឹងជួយជម្រុញដល់ការយល់ដឹងរបស់អ្នកឱ្យកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ៖

១. អានឱ្យបានច្រើន

ចិត្តគំនិតយើងប្រៀបដូចជាសាច់ដុំអ៊ីចឹង ពេលណាយើងប្រើវាកាន់តែច្រើន វានឹងកាន់តែខ្លាំង ហើយរឹងមាំ។ ការអានគឺជាធាតុមួយយ៉ាងសំខាន់ក្នុងការបង្កើនចំណេះដឹងថ្មីៗ។ មិនថាអ្នកអានសៀវភៅ អានកាសែត អានព័ត៌មាន ឫអានអត្ថបទផ្សេងៗដែលមាននៅលើប្រព័ន្ធអ៊ីនធើនែតក៏ដោយ អ្នកគួរជ្រើសរើសឱ្យបានត្រឹមត្រូវ និងអានដោយយកចិត្តទុកដាក់។

២. ចំណាយពេលចេញក្រៅ

ពេលដែលអ្នកចេញក្រៅអ្នកនឹងបានឃើញនូវអ្វីដែលថ្មី ដូចជា ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងរបៀបធ្វើការងារថ្មីខុសប្លែកពីអ្វីដែលអ្នកធ្លាប់បានធ្វើ។ អ្នកក៏អាចធ្វើដំណើរទៅកន្លែងដែលអ្នកមិនធ្លាប់បានទៅពីមុនមក ដើម្បីបង្កើនភាពអត់ធ្មត់និង អភិវឌ្ឍទស្សនៈរបស់អ្នកឱ្យកាន់តែទូលំទូលាយជាងមុន។

៣. ឆ្ងល់អីសួរភ្លាម 

ការចង់ដឹង ចង់លឺ គឺជាកត្តាសំខាន់មួយដែលធ្វើឱ្យអ្នកក្លាយជាមនុស្សឆ្លាត។ បើអ្នកមិនយល់ ឬចង់ដឹងពីចំណុចណាមួយ អ្នកគួរតែស្វែងរកចម្លើយ ឬសួរអ្នកដែលយល់ដឹងចំនុចនោះ។

ពាក្យស្លោកខ្មែរមួយឃ្លាបានពោលថា «ធ្វើអ្វីធ្វើឱ្យហើយ កុំទុកឡើយបង្កើតកេរ្ដិ៍» ដូចគ្នាដែរ បើអ្នកមានចម្ងល់អ្វីហើយ គួរតែចោទសួរ និងដោះស្រាយភ្លាមៗកុំទុកចាំពេលនេះ ពេលនោះ។

៤. ចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលផ្សេងៗ

ក្រៅពីការរៀននៅសាលា អ្នកគួរចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាល ឬសិក្ខាសាលា ដែលមានការចូលរួមពីសំណាក់វាគ្មិនដែលមានបទពិសោធន៍ច្បាស់លាស់។ ការចូលរួមនេះផ្ដល់ឱកាសឱ្យអ្នកពង្រឹងជំនាញទន់ផ្សេងៗ រួមទាំងអាចកសាងបណ្តាញទំនាក់ទំនងជាមួយអ្នកចូលរួមវគ្គបណ្ដុះបណ្ដាលដែលមកពីក្រុមហ៊ុន ឬស្ថាប័នផ្សេងទៀត។

៥. ចែករំលែកចំណេះដឹងរបស់អ្នកទៅកាន់អ្នកផ្សេងទៀត

ការចែករំលែកចំណេះដឹងរបស់អ្នកទៅកាន់អ្នកដ៏ទៃមិនធ្វើឱ្យអ្នកខាតបង់អ្វីនោះទេ។ នៅពេលដែលអ្នកកាន់តែចែករំលែក អ្នកកាន់តែយល់ដឹងកាន់និង ធ្វើឱ្យការចងចាំរបស់អ្នកកាន់តែប្រសើរជាងមុន។ លើសពីនេះទៅទៀតអ្នកក៏អាចទទួលបានការកោតសរសើរនិង ការគោរពស្រលាញ់ពីមនុស្សជុំវិញខ្លួនថែមទៀតផង។

៦. ចំណាយពេល ៥ ទៅ ១០នាទី ធ្វើសម្មាធិ

មុនពេលអ្នកចូលគេង អ្នកគួរចំណាយពេល ៥ ទៅ ១០នាទី ធ្វើសម្មាធិចិត្ត ហើយព្យាយាមគិតឡើងវិញថាថ្ងៃនេះអ្នកបានធ្វើអ្វីខ្លះ ហើយរឿងដែលអ្នកបានធ្វើនោះផ្ដល់ផលប្រយោជន៍ដល់អ្នក ឬទេ? ហើយថ្ងៃស្អែក តើអ្នកមានគម្រោងធ្វើអ្វីបន្តទៀត? អ្នកគួរមានកូនសៀវភៅមួយដើម្បីកត់ត្រាទុករាល់សកម្មភាពដែលអ្នកបានធ្វើ ក៏ដូចជាសកម្មភាពដែលអ្នកត្រូវធ្វើបន្ត។ 

៧. ផ្លាស់ប្ដូរទម្លាប់ចាស់

ទម្លាប់ចាស់ណាដែលមិនល្អ អ្នកគួរផ្លាស់ប្ដូរវាចោលទៅ។ ឧទាហរណ៍ ការគេងមិនគ្រប់គ្រាន់ ការញ៉ាំបាយមិនបានទៀងពេលវេលាជាដើម។ នៅពេលដែលសរីរាង្គកាយរបស់អ្នកមិនបានទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ការលូតលាស់ទាំងផ្លូវកាយនិងផ្លូវចិត្តក៏និងស្ថិតនៅត្រឹមកម្រិតទាបមួយ។ ផ្ទុយទៅវិញ បើអ្នកថែរក្សាសុខភាពអ្នកបានល្អ ចិត្តគំនិតរបស់អ្នកនិងល្អស្រស់ថ្លា ធ្វើកិច្ចការអ្វីក៏ប្រកបដោយគំនិតច្នៃប្រឌិតថ្មីៗដូចគ្នា៕

ដោយ៖ សុធារ៉ា

 

X
5s