ឃាតករសម្លាប់ស្តេចអូទ្រីស-ហុងគ្រី ភាគទី ៥ «កេរតំណែលបន្សល់ទូករបស់កាវ្រីឡូព្រីនស៊ីប»
កេរតំណែលរបស់ព្រីនស៊ីប
អ្វីដែលជាកេរតំណែលរបស់ព្រីនស៊ីបទុកសម្រាប់អ្នកជំនាន់ក្រោយ នៅតែជាបញ្ហាខ្វែងគំនិតគ្នា ឬទំនាស់ទស្សនៈគ្នា រវាងអ្នកគាំទ្រ និងអ្នកជំទាស់។ សម្រាប់ជនជាតិស៊ែប គេចាត់ទុកព្រីនស៊ីបជាវីរបុរសរបស់គេ។ ប៉ុន្តែសម្រាប់ជនជាតិបូស្នៀ គេចាត់ទុកព្រីនស៊ីបជាភេរវករ។ នៅប្រទេសយូហ្គោស្លាវី ដែលប្រកាន់យករបបសង្គមនិយម គេឲ្យតម្លៃយ៉ាងខ្ពង់ខ្ពស់ចំពោះព្រីនស៊ីបដោយចាត់ទុកគាត់ជាវីរបុរសជាតិ ជាអ្នកតស៊ូដើម្បីសេរីភាព និងឥស្សរភាពរបស់ជនជាតិយូហ្គោស្លាវី ចេញពីនឹមត្រួតត្រារបស់ពួកអូទ្រីស។
ប៉ុន្តែសម្រាប់សម័យកាលបច្ចុប្បន្ននេះ ជនជាតិក្រូអាត និងបូស្នៀភាគច្រើន ចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតរបស់គេ។ គេយល់ថាព្រីនស៊ីបជាឃាតករ។ លោកអាស៊ីមសារ៉ាស់ឈ្លីក (Asim Sarajlić) ជាអ្នកតំណាងរាស្ត្រមកពីគណបក្សចលនាប្រជាធិបតេយ្យ ដែលមាននិន្នាការជាតិនិយមបូស្នៀ ថ្លែងថាព្រីនស៊ីបបានបិទបញ្ចប់យុគសម័យកាលមាសនៃប្រវត្តិសាស្ត្រក្រោមការគ្រប់គ្រងរបស់អូទ្រីស។ យើងសូមជំទាស់នឹងការកាឡៃការពិតដែលថា ព្រីនស៊ីបជាអ្នកតស៊ូដើម្បីសេរីភាព (គាត់ចង់មានន័យថាព្រីនស៊ីបមិនមែនជាអ្នកតស៊ូដើម្បីសេរីភាពស្អីទេ។ នោះគ្រាន់តែជាការនិយាយកាឡៃការពិតតែប៉ុណ្ណោះ)។
ដោយមិនខ្វល់ថាអ្នកណាគេគិតបែបណាទេ ពួកស៊ែបនៅតែបន្តរំឭកទៅដល់គុណបំណាច់របស់ព្រីនស៊ីបជានិច្ច។ លោកសាម៉ាត់ស៊ីចា (Samardžija) ជាអភិបាលក្រុងសារ៉ាយេវ៉ូខាងកើត ថ្លែងថាអំពើរាជឃាតនោះមិនគួរណាចាត់ចូលជាអំពើភេរវកម្មទេ។ គេគួរតែចាត់ទុកអំពើនោះជាចលនាយុវជនដែលចង់រំដោះខ្លួនពីនឹមអាណានិគម។ ពោលគឺ នឹមអាណានិគមដែលប្រៀបបានបាននឹងរបបទាសភាព។ ស្ពានឈ្មោះ «ឡាទីនប្រ៊ីច» (Latin Bridge) កាលសម័យយូហ្គោស្លាវីគ្រប់គ្រង ត្រូវគេដូរឈ្មោះទៅជា «ស្ពានព្រីនស៊ីប» (Princip's Bridge) ដើម្បីឧទ្ទិសចំពោះព្រីនស៊ីប។
(រូបសំណាកព្រីនស៊ីបនៅទីក្រុងសារ៉ាយេវ៉ូ)
ស្លាកស្នាមអនុស្សាវរីយ៍
គេហដ្ឋានដែលព្រីនស៊ីបធ្លាប់ស្នាក់នៅ ពេលគាត់ធ្វើដំណើរទៅឈប់សំចតនៅទីក្រុងសារ៉ាយេវ៉ូ បានរងការបំផ្លិចបំផ្លាញកាលពីអំឡុងសង្គ្រាមលោកលើកទីមួយ។ ក្រោយសង្គ្រាម គេចាប់ផ្ដើមសាងសង់ផ្ទះនោះឡើងវិញ និងអភិរក្សទុកជាសារមន្ទីរនៅចក្រភពយូហ្គោស្លាវី។ ក្រោយមកនៅឆ្នាំ១៩៤១ កងទ័ពអាល្លឺម៉ង់វាយលុកចូលប្រទេសយូហ្គោលស្លាវីក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ ទីក្រុងសារ៉ាយេវ៉ូក៏បានក្លាយទៅជាផ្នែកមួយនៃប្រទេសក្រូអាត ដែលជាដែនដីឯករាជ្យពីប្រទេសដទៃ។ ក្រោយមក ផ្ទះនោះរងការវាយកម្ទេចចោលជាថ្មីម្ដងទៀត លើកនេះពីសំណាក់ពួកក្រូអាត។ ក្រោយការបង្កើតរដ្ឋយូហ្គោស្លាវីដែលប្រកាន់យករបបកុម្មុយនិស្តកាលពីឆ្នាំ១៩៤៤ ផ្ទះកាវ្រីឡូព្រីនស៊ីបបានក្លាយជាសារមន្ទីរជាថ្មីម្ដងទៀត។ ក្រៅពីនេះ នៅទីក្រុងសារ៉ាយេវ៉ូក៏មានសារមន្ទីរមួយទៀតដែលសាងសង់ឡើងដើម្បីឧទ្ទិសចំពោះព្រីនស៊ីប។ នៅក្នុងសង្គ្រាមយូហ្គោលស្លាវីកាលពីអំឡុងឆ្នាំ១៩៩០ ប្លាយ ផ្ទះព្រីនស៊ីបបានរងការបំផ្លិចបំផ្លាញ។ ក្រោយមកនៅឆ្នាំ២០១៥ ផ្ទះនេះត្រូវគេសាងសង់ឡើងវិញជាលើកទីបី ហើយស្ថិតនៅគង់វង្សរហូតដល់សព្វថ្ងៃ។
(កាំភ្លើងខ្លីម៉ាក FN Model 1910 ដែលព្រីនស៊ីបប្រើសម្រាប់ធ្វើឃាតព្រះអង្គម្ចាស់ហ្វ្រង់ហ្វ៊ែឌីណង់)
កាំភ្លើងខ្លីដែលព្រីនស៊ីបប្រើសម្រាប់ធ្វើឃាតព្រះអង្គម្ចាស់ហ្វ្រង់ហ្វ៊ែឌីណង់ ត្រូវសមត្ថកិច្ចរឹបអូសជាវត្ថុតាង។ ក្រោយមក កាំភ្លើង និងអាវប្រឡាក់ឈាមរបស់ព្រះអង្គម្ចាស់ហ្វ្រង់ហ្វ៊ែឌីណង់ ក៏ធ្លាក់ទៅក្នុងដៃរបស់អាចារ្យម្នាក់ជាអ្នករក្សាទុក។ អាចារ្យរូបនេះធ្លាប់ជាមនុស្សស្គាល់គ្នាជិតស្និទ្ធជាមួយព្រះអង្គម្ចាស់ ហ្វ្រង់ហ៊្វែឌីណង់ និងក៏ជាអ្នកប្រោះព្រំទឹកមន្ត និងសូត្រធម៌ជូនដំណើរព្រះអង្គម្ចាស់ និងអ្នកម្នាងជាលើកចុងក្រោយនៅក្នុងពិធីបុណ្យសពផងដែរ។ កាំភ្លើង និងអាវនោះត្រូវគេរក្សាទុកជាកម្មសិទ្ធិរបស់ Austrian Jesuits។ ក្រោយមក គេបានយករបស់ទាំងនេះទៅដាក់តាំងនៅសារមន្ទីរប្រវត្តិសាស្ត្រយោធានៃទីក្រុងវីយែនកាលពីឆ្នាំ២០០៤ រហូតដល់សព្វថ្ងៃ៕
(អាវរបស់ព្រះអង្គម្ចាស់ហ្វ៊ែឌីណង់ នៅក្នុងពេលដែលព្រះអង្គរងការបាញ់ប្រហារ)
-ចប់-
ឯកសារពិគ្រោះ ដកស្រង់ពីសព្វវចនាធិប្បាយវីឃីភីឌា (Wikipedia) និងគេហទំព័រដទៃទៀត
ប្រែសម្រួលដោយ៖ សុខ សេរីរដ្ឋ
រក្សាសិទ្ធិដោយគេហទំព័រ BizKhmer