ប្រយោគចំនួន ៥ឃ្លា ពីបញ្ញវន្តដែលសិក្សាពីការប្រៀបធៀបរវាងសាសនានិងអ្នកនិពន្ធជាតិអាមេរិកមួយរូប លោក Thomas Merton
ថ្ងៃនេះយើងបានចងក្រងនូវប្រយោគចំនួន ៥ឃ្លា ពីអ្នកនិពន្ធជាតិអាមេរិកមួយរូបគឺ លោក Thomas Merton ដែលលោកក៏ជាសង្ឃមួយអង្គ ទេវវិទូ កវីកំណាព្យ សកម្មជនសង្គម និងបញ្ញវន្តដែលសិក្សាពីការប្រៀបធៀបរវាងសាសនាមួយរូបផងដែរ:
១) «នៅក្នុងភាពស្ងៀមស្ងាត់ ព្រះលែងជាវត្ថុវិស័យតទៅទៀតហើយក្លាយមកជាបទពិសោធន៍មួយវិញ។»
២) «មនុស្សអាចនឹងចំណាយពេលពេញមួយជីវិតរបស់ពួកគេឡើងលើជណ្ដើរនៃភាពជោគជ័យគ្រាន់តែដើម្បីឲ្យរកឃើញថា ពេលណាដែលពួកគេបានឈានទៅដល់កំពូល តាមពិតទៅជណ្ដើរនោះបានផ្អែកទៅលើជញ្ជាំងដែលខុសសោះ។»
៣) «បើអ្នកកាន់តែព្យាយាមគេចវេះពីសេចក្ដីទុក្ខច្រើនប៉ុណ្ណា អ្នកនឹងកាន់តែរងទុក្ខប៉ុននោះ ព្រោះថាអ្វីដែលតូចតាចជាងមុននិងមិនសំខាន់ជាងមុនចាប់ផ្ដើមធ្វើទារុណកម្មលើអ្នក សមាមាត្រទៅនឹងភាពភ័យខ្លាចរបស់អ្នកទៅលើការដែលត្រូវបានធ្វើឲ្យឈឺចាប់។ បុគ្គលណាដែលធ្វើខ្លាំងបំផុតដើម្បីគេចវេះពីសេចក្ដីទុក្ខ នៅចុងបញ្ចប់ គឺជាបុគ្គលដែលរងទុក្ខជាងគេបំផុត។»
៤) «ការចាប់ផ្ដើមនៃក្ដីស្រឡាញ់គឺជាការព្រមឲ្យមនុស្សដែលយើងស្រឡាញ់ធ្វើជាខ្លួនឯងយ៉ាងពេញលេញឥតខ្ចោះ គឺជាការប្ដេជ្ញាចិត្តក្នុងការដែលមិនកាច់ពត់ពួកគេដើម្បីឲ្យស្របទៅតាមរូបភាពរបស់យើងខ្លួនឯងនោះឡើយ។ បើនៅក្នុងការស្រឡាញ់ពួកគេ យើងមិនបានស្រឡាញ់នូវអ្វីដែលជាពួកគេ ប៉ុន្តែគ្រាន់តែភាពស្រដៀងគ្នារបស់ពួកគេទៅនឹងយើង នោះយើងមិនបានស្រឡាញ់ពួកគេឡើយ យើងគ្រាន់តែស្រឡាញ់ចំណាំងផ្លាតរបស់យើងដែលយើងបានរកឃើញនៅក្នុងពួកគេប៉ុណ្ណោះ។»
៥) «កុំពឹងផ្អែកទៅលើក្ដីសង្ឃឹមនៃលទ្ធផល។ អ្នកអាចនឹងត្រូវប្រឈមមុខនឹងការពិតដែលការងាររបស់អ្នកអាចនឹងមិនមានតម្លៃនិងមិនបានសម្រេចនូវលទ្ធផលសូម្បីតែបន្តិចអ្វីឡើយ។ នៅពេលដែលអ្នកសាំុនឹងទស្សនបែបនេះ អ្នកចាប់ផ្ដើមកាន់តែខ្លាំងទៅៗក្នុងការដែលលែងផ្ចង់អារម្មណ៍របស់អ្នកទៅលើលទ្ធផលទៀតហើយ ផ្ទុយទៅវិញគឺទៅលើតម្លៃ ភាពត្រឹមត្រូវ ការពិតនៃការងារខ្លួនវា។ នៅចុងបញ្ចប់ វាគឺជាការពិតនៃទំនាក់ទំនងផ្ទាល់ខ្លួនដែលសង្គ្រោះអ្វីៗទាំងអស់។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ ដែលអាចបំបែកការគិតក្លែងក្លាយរបស់អ្នកចំពោះខ្លួនឯងចោលបាន