សហគ្រិន​ដែល​គ្មាន​ជំនាញ​ទាំងអស់​នេះ ​គ្មាន​ឱកាស​បាន​ទទួល​នូវ​ភាព​ជោគជ័យ​ឡើយ​



ការចាប់ផ្ដើមនិងការគ្រប់គ្រងអាជីវកម្មគឺជារឿងមួយដ៏សែនលំបាក ហើយដើម្បីទទួលបាននូវភាពជោគជ័យទៀតនោះ វារឹតតែមានឧបសគ្គច្រើនមិនអស់ដែលអ្នកអាចនឹងមិននឹកស្មានដល់។ 

វាត្រូវមានការបូករួមចូលគ្នានូវរឿងជាច្រើនដែលមួយក្នុងចំណោមនោះគឺជំនាញក៏ដូចជាបុគ្គលិកលក្ខណៈរបស់សហគ្រិនរូបនោះផងដែរ តែបើគ្មានដូចចំណុចខាងក្រោមនេះទេ អ្នកនឹងមិនអាចទទួលបាននូវភាពជោគជ័យឡើយ៖

១) ការស្ដាប់

សហគ្រិនភាគច្រើនគិតថាគំនិតខ្លួនឯងល្អ ហើយមិនព្រមស្ដាប់យោបល់ពីបុគ្គលិកតូចតាចនោះទេ ព្រោះពួកគេគិតថាបុគ្គលិកទាំងនោះគ្មានបានការប៉ុន្មានទេ បើពួកគេពូកែមែនមិនមែនធ្វើការងារតូចតាចឡើយ។ នេះជាចំណុចដែលសហគ្រិនទាំងអស់នោះយល់ខុស ព្រោះថាការចំណាយពេលប៉ុន្មាននាទីស្ដាប់ពីគំនិត យោបល់ ក៏ដូចជាការរិះគុណពីអ្នកដទៃអាចជួយឲ្យពួកគេនិងក្រុមហ៊ុនរបស់ពួកគេទទួលបាននូវការចំណេញជាច្រើនមិនថាជាប្រាក់ ឬគំនិតនោះទេ។

២) ការយកចិត្តទុកដាក់

មនុស្សជុំវិញខ្លួនរបស់អ្នកសុទ្ធតែមនុស្សសំខាន់ទាំងអស់ហើយអ្នកទាំងអស់នោះមានចំណែកនៅក្នុងភាពជោគជ័យរបស់អ្នកគ្រប់ៗគ្នា ដូចនេះការបារម្ភក៏ដូចជាការយកចិត្តទុកដាក់របស់អ្នកអាចកើតមានមិនត្រឹមតែលើបុគ្គលិកក្នុងក្រុមហ៊ុនរបស់អ្នកតែប៉ុណ្ណោះទេ តែវាកើតមានឡើងទៅលើក្រុមគ្រួសារ អតិថិជន ក៏ដូចជាដៃគូអាជីវកម្មរបស់អ្នកផងដែរ។

៣) ទំនាក់ទំនងល្អ

តើអ្នកណាចង់សហការធ្វើពាណិជ្ជកម្មជាមួយអ្នកបើអ្នកជាមនុស្សដែលក្រអើតក្រទមបែបនេះ ដូចនេះមិនថាអ្នករវល់ឬហត់យ៉ាងណានោះទេ ប្រសិនបើអ្នកដទៃញញឹម ឬចង់និយាយជាមួយអ្នក អ្នកគួរតែធ្វើការឆ្លើយតបឲ្យបានសមរម្យបំផុតតាមតែអាចធ្វើបាន ព្រោះថាបើអ្នកចង់ទទួលបាននូវភាពជោគជ័យនៅក្នុងវិស័យជំនួញរបស់អ្នក ទំនាក់ទំនងល្អជាមួយអ្នកដទៃនេះហើយដែលអាចជួយអ្នកបាន៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.addicted2success.com

X
5s