ជំនួបផ្គូផ្គងរវាងសហគ្រិនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ លើកទី៤​



នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការរៀបចំកម្មវិធី “ជំនួបរវាងសហគ្រិនជាមួយគ្រឹះសា្ថនហិរញ្ញវត្ថុ” លើកទី៤ នៅសណ្ឋាគារអូឡាំព្យាស៊ីធី រាជធានីភ្នំពេញ។ កិច្ចជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្កើតឱកាសដល់សហគ្រិនដែលជាម្ចាស់អាជីវកម្មគ្រប់វិស័យជាពិសេសវិស័យកសិកម្ម អាចជួប ផ្គូផ្គង និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្រឹះសា្ថនហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីផ្លាស់ប្តូរមតិយោបល់ ស្វែងយល់ពីតម្រូវការគ្នាទៅវិញទៅមក ដូចជាលក្ខខណ្ឌកម្ចី ការផ្តល់ជូនពិសេស ប្រភេទនៃហិរញ្ញប្បទាន ផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់គ្រឹះសា្ថនហិរញ្ញវត្ថុ ដែលជាកត្តាមួយដ៏សំខាន់សម្រាប់ជួយគាំទ្រហិរញ្ញប្បទានដល់វិស័យធុរកិច្ចនៅកម្ពុជា និងរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនៃកម្ពុជា។

ការលើកកម្ពស់ និងជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មនៅកម្ពុជា គឺជាសកម្មភាពស្នូល និងអាទិភាពដែលសមាគមទាំងបី ផ្តោតជាសំខាន់សម្រាប់ អភិវឌ្ឍធុរកិច្ច និងសេដ្ឋកិច្ចនៅកម្ពុជា ដែលក្នុងនោះរួមមាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា (กYEAC) ដែលមាន ឧកញ៉ា ប៉ិច បូឡែន ជាប្រធាន និងដែលជាសមាគមតំណាងសហគ្រិន និងម្ចាស់អាជីវកម្ម សមាគមធនាគារនៅកម្ពុជា (ABC) ដែលមានលោក រ័ត្ន សោភ័ណ ប្រធាន និងដែលជាសមាគមតំណាងគ្រឹះស្ថានធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលមានលោកជំទាវ ឌិត នីតា ជាប្រធានក្រុមប្រឹក្សាភិបាល និងដែលជាសមាគមតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

ឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍ថា  “សមាគមទាំងបីបានសហការគ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រ បង្កើតនូវកម្មវិធីគាំទ្រជាច្រើនដស់សហគ្រាស និងបានពិភាក្សាលើការបង្កើតឲ្យមានជម្រើសជាច្រើន ក្នុងការជំរុញបន្ថែមលើលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្ម។ ជាក់ស្ដេង ថ្មីៗនេះសមាគមទាំងបីបានសហការជាមួយដៃគូពាក់ព័ន្ធជាច្រើនដូចជា ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងការបង្កើតនូវវគ្គបណ្ដុះបណ្ដាលអំពីលទ្ធភាពទទួលបានហិរញ្ញប្បទានពីធនាគារ ក្នុងនោះរួមមានដូចជាវគ្គបណ្ដុះបណ្ដាលស្ដីពីខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ (Movable Asset and Supply Financing) ជាដើម ក្នុងគោលបំណងផ្ដល់ជាជម្រើសបន្ថែម ដើម្បីឲ្យសហគ្រិន និងម្ចាស់អាជីវកម្មមានជម្រើសច្រើនសម្រាប់ទទួលបានការផ្គត់ផ្គង់ហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់គាំទ្រអាជីវកម្ម ព្រោះខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុនេះត្រូវបានប្រើប្រាស់ច្រើន និងពេញនិយមខ្លាំង ជាពិសេសនៅប្រទេសសិង្ហបុរី និងបណ្តាប្រទេសជាច្រើនទៀតក្នុងតំបន់ និងសកលលោកផងដែរ។” 

ឧកញ៉ាប្រធានបានបញ្ជាក់បន្ថែមថា “ឆាប់ៗខាងមុខនេះសមាគមនឹងប្រកាសដាក់ឲ្យដំណើការនូវ MSME Digital Lending Plateform សម្រាប់ជួយសម្រួល និងជំរុញឲ្យកាន់តែប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទានពីធនាគារ។ ម្ចាស់អាជីវកម្មត្រូវត្រៀមរៀបចំខ្លួនឲ្យបានល្អ ដូចជាការទទួលយកបច្ចេកវិទ្យាទៅប្រើប្រាស់នៅក្នុងអាជីវកម្មរបស់ខ្លួន និងត្រូវមានអភិបាលកិច្ចអាជីវកម្មឱ្យបានកាន់តែប្រសើរឡើង ព្រោះនៅក្នុងសកលភាវូបនីយកម្មនេះ ជាពិសេសការរីកចម្រើនផ្នែកបច្ចកវិទ្យា និងឌីជីថល យើងត្រូវស្វះស្វែង និងចេះទាញយកប្រយាជន៍ពីជម្រើសហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀត ដូចជាកម្ចីបែបខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ។ ប្រសិនយើងមិនស្វែងរកអ្វីដែលថ្មីទេ វាពិបាកណាស់សម្រាប់ការអភិវឌ្ឍអាជីវកម្ម ជាពិសេសអាជីវកម្មបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមិនមានទ្រព្យបញ្ចាំ។”

កម្មវិធីជំនួបរវាងសហគ្រិនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនេះ បានទទួលការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់សមាគមសំខាន់ៗទាំង ៣ នៅកម្ពុជា និងស្ថាប័នដៃគូ រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងតំណាងមកពីស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុនានា ព្រមទាំងសហគ្រិនដែលជាម្ចាស់អាជីវកម្មប្រមាណជាជាង ២៥០ នាក់មកពីគ្រប់វិស័យ រួមមានវិស័យអប់រំ សុខាភិបាល សេវាកម្ម បច្ចេកវិទ្យា កសិកម្ម ទេសចរណ៍ សំណង់ និងចំណីអាហារជាដើម។

លោក រ័ត្ន សោភ័ណ បានលើកឡើងថា “វិស័យធនាគារបានដើរតួយ៉ាងសំខាន់ក្នុងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យមដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា និងជាស្ថាប័នដែលមានតួនាទីសំខាន់ខ្លាំងក្នុងការជួយពង្រឹងដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសជាតិទាំងមូល។ ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញនេះ ការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវពីគ្រឹះស្ថានធនាគារ នឹងជួយជំរុញប្រតិបត្តិការអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជាបានកាន់តែលឿន។ យ៉ាងណាក៏ដោយ ម្ចាស់អាជីវកម្មក៏ត្រូវស្វែងយល់ផងដែរ អំពីប្រភេទផលិតផលធនាគារដែលស័ក្ដិសមទៅនឹងប្រភេទអាជីវកម្មរបស់ខ្លួន ជាពិសេសមុននឹងសម្រេចចិត្តស្នើឥណទាន និងចៀសវាងការងាកទៅរកកម្ចីក្រៅប្រព័ន្ធដែលអាចនឹងមានហានិភ័យខ្ពស់”។

 

សមាគមទាំងបីប្ដេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំង និងសកម្មបំផុតក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមរបស់វិស័យធុរកិច្ចនៅកម្ពុជាដែលសហគ្រិនកំពុងជួបប្រទះ តាមរយៈការសហការរៀបចំផ្ដល់ជាវគ្គបណ្ដុះបណ្ដាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុ សិក្ខាសាលាពាក់ព័ន្ធ និងកម្មវិធីជំនួបដោយផ្ទាល់រវាងម្ចាស់អាជីវកម្មជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយសមស្របសម្រាប់អាជីវកម្មរបស់ពួកគេ។

លោកជំទាវ ឌិត នីតា បានថ្លែងនៅក្នុងកម្មវិធីថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនមែនផ្ដល់ឥណទានតែត្រឹមកម្រិតបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែមានផ្ដល់ជូនដល់ក្រុមហ៊ុនសហគ្រាសធុនមីក្រូ តូច និងមធ្យមជាយូរមកហើយ និងទៅលេីគ្រប់វិស័យនៃខឿនសេដ្ឋកិច្ច។  ថ្វីត្បិតតែ អត្រាការប្រាក់ខ្ពស់ជាងគ្រឹះស្ថានធនាគារបន្តិចមែន ប៉ុន្តែក៏មានចំណុចវិជ្ជមានមួយចំនួនដែលម្ចាស់អាជីវកម្មអាចពិចារណាដូចជានីតិវិធីស្នើឥណទានមិនស្មុគស្មាញ និងមានភាពបត់បែនច្រើនសម្រាប់អាជីវកម្ម ជាពិសេសអាជីវកម្មនៅតំបន់ដាច់ស្រយាល។ យ៉ាងណាមិញ ម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យមទាំងអស់ គួរត្រៀមខ្លួនឱ្យបានរួចរាល់ តាមរយៈការចុះបញ្ជីឲ្យបានត្រឹមត្រូវ ពង្រឹងសមត្ថភាពផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ដើម្បីជាមូលដ្ឋានចម្បងក្នុងការឈានទៅរកប្រភពទុនបន្ថែម ដែលក្នុងនោះ ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចជាជម្រើសមួយក្នុងចំណោមប្រភពទុនជាច្រើនផ្សេងទៀត”។

 

គួររំឭកផងដែរថា សមាគមទាំងបីបានអនុវត្តកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ប្រកបដោយជោគជ័យចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ក្នុងនោះរួមមានវគ្គបណ្ដុះបណ្ដាល ក៏ដូចជាវគ្គតម្រង់ទិស និងសិក្ខាសាលាផ្សេងៗស្តីពីប្រធានបទសំខាន់ៗដែលពាក់ព័ន្ធនឹងហិរញ្ញវត្ថុ និងគណនេយ្យ ដូចជាការគ្រប់គ្រងលំហូរសាច់ប្រាក់ ការត្រៀមខ្លួនដើម្បីទទួលបានហរិញ្ញប្បទាននិងទុនវិនិយោគជាដើម។ គិតមកទល់ពេលនេះ កម្មវិធីនេះបានផ្ដល់អត្ថប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមប្រមាណជាជាង ២៤០០ សហគ្រាស ក្នុងនោះសហគ្រាសដែលជោគជ័យក្នុងការទទួលបានហិរញ្ញប្បទានសរុបជាទំហំទឹកប្រាក់ប្រមាណជាជាង ៧ លានដុល្លារ។

 

 

X
5s