"ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤" និង "គម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល"​



"ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤" និង "គម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល"

 

នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំកម្មវិធី "សន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣" ដែលនេះជាឆ្នាំទី១៥ ហើយដែលសមាគមបានរៀបចំសន្និបាទប្រចាំឆ្នាំ និងជួបជុំសមាជិកសមាជិកាសមាគម ក្រោមអធិបតីភាព ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ​ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ឯកឧត្ដម ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់ជំនួយ អ្នកឧបត្ថមគាំទ្រដល់សមាគម និងសមាជិកសមាជិកាប្រម៉ាណជា ២០០ នាក់។

 

សន្និបាតប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងបូកសរុបលទ្ធផលការងារដែលបានមកពីការធ្វើសកម្មភាពជាច្រើនរបស់សមាគមនៅឆ្នាំ ២០២៣ ក៏ដូចជាការត្រួតពិនិត្យ វាយតម្លៃ ផ្ដល់យោបល់ និងឆ្លុះបញ្ចាំងពីសកម្មភាពដែលធ្វើបានជោគជ័យជាច្រើន ដើម្បីកែលម្អផែនការថ្មីក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត។ ក្នុងនោះក៏មានការប្រកាសជូនសមាជិកសមាជិកាអំពីរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល គណៈកម្មការសមាគម និងកញ្ចប់ថវិកាសមាគមឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ផងដែរ។ បន្ថែមលើនេះ ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមធ្វើបទបង្ហាញអំពីគោលនយោបាយ និងបចេ្ចកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីផ្ដល់ជាទិដ្ឋភាពរួមដល់សមាជិកសមាគម ដែលជាម្ចាស់អាជីវកម្មមកពីគ្រប់វិស័យ។

 

សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យា ឌីជីថល អាជីវកម្មបរិយាបន្ន ការច្នៃប្រឌិត និងការបង្កើតថ្មី របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ សមាគមមានជំនឿរួមមួយថា ការជឿនលឿននៃសេដ្ឋកិច្ច របស់ប្រទេសមួយ ភាគច្រើនត្រូវពឹងផ្អែកទៅលើអ្នកជំនាញ និងធុរជនវ័យក្មេងជំនាន់ក្រោយ។

 

ឯកឧត្តម វ៉េង សុធី បានសរសើរ និងវាយតម្លៃខ្ពស់ដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ចំពោះសមិទ្ធផល និងស្នាដៃជាច្រើន ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២៣ ដែលបានចូលរួមចំណែកជាច្រើនក្នុងការលើកកម្ពស់សហគ្រិនភាព នឹងកំពុងចូលរួមចំណែកយ៉ាងសកម្មលើការអភិវឌ្ឍធុរកិច្ច និងវិស័យឯកជនរបស់កម្ពុជា។ ឯកឧត្តមបានបន្ថែមថា ក្រសួងពាណិជ្ជកម្មមានទិសដៅយុទ្ធសាស្ត្រក្នុងការសម្រួលពាណិជ្ជកម្មកម្ពុជា និងបង្កើតបរិយាកាសធុរកិច្ចដែលអំណោយផល និងនិរន្តរភាពសម្រាប់សេដ្ឋកិច្ច និងឧស្សាហកម្ម។ ក្នុងនោះ ការលើកកម្ពស់វិស័យឯកជនគឺជាទិសដៅយុទ្ធសាស្ត្រមួយក្នុងចំណោមទិសដៅយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង។ ឯកឧត្ដមក៏បានលើកទឹកចិត្តឱ្យដៃគូរពាក់ព័ន្ធផ្សេងៗ ធ្វើការរួមគ្នា ដើម្បីគាំទ្រសហគ្រិនភាពនៅកម្ពុជា ជាពិសេស ដៃគូក្នុងវិស័យឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដៃគូរវាងឯកជន និងរដ្ឋ និងសង្គមស៊ីវិល សម្រាប់បុព្វហេត្វក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

 

ឆ្លៀតក្នុងឱកាសសន្និបាតប្រចាំឆ្នាំនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏បានចុះអនុស្សរណៈនៃភាពជាដៃគូជាមួយស្ថាប័ន ដៃគូចំនួនបីសំខាន់ៗ រួមមានដូចជា សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា (CASF)  សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) និងគម្រោង Harvest III របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។​ ការចុះអនុស្សរណៈនៃភាពជាដៃគូនេះ​ នឹងផ្ដល់ឱកាសឱ្យស្ថាប័នទាំងបី បង្កើនកិច្ចសហការជាមួយសមាគមក្នុងការអនុវត្តគម្រោងដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូសហគ្រិនភាពនៅកម្ពុជាទាំងមូល។

 

ឯកឧត្ដម យឹម លាត បានលើកឡើងថា "ខ្ញុំចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រេចបានក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ជាពិសេសការរួមចំណែកយ៉ាងសំខាន់របស់សមាគម ក្នុងនាមជាវិស័យឯកជនដែលជាដៃគូចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍមាគ៌ាកម្ពុជា ឱ្យរីកចម្រើនលូតលាស់គ្រប់វិស័យនាពេលបច្ចុប្បន្ន"។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា "វិស័យឯកជន គឺជាភ្នាក់ងារសេដ្ឋកិច្ចមួយក្នុងការបង្កើតការងារតាមរយៈគម្រោងវិនិយោគនានារបស់ខ្លួន ដែលបានបង្កើតប្រាក់ចំណូលដល់អង្គភាពក្រុមគ្រួសារ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ស្របគ្នានឹងកិច្ចខិតខំប្រឹងប្រែងកៀគរការវិនិយោគនានា ទាំងការវិនិយោគផ្ទាល់ពីបរទេស ការវិនិយោគផ្ទាល់ពីឯកជនក្នុងស្រុក គឺជាប្រភពវិនិយោគដែលមិនអាចខ្វះបាន ដែលរាជរដ្ឋាភិបាលកំពុងខិតខំជំរុញតាមរយៈការដាក់ចេញនូវវិធានការ និងគោលនយោបាយនានា ដើម្បីបង្កបរិយាកាសងាយស្រួល និងអំណោយផលដល់ការវិនិយោគ និងប្រកបអាជីវកម្ម"។

 

ឧកញ៉ា  ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ពីសមិទ្ធផលដែលសមាគមសម្រេចបានក្នុងឆ្នាំ២០២៣។ ឧកញ៉ាប្រធានបានមានប្រសាសន៍ថា "សមាគមបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់សមាជិកឱ្យបានកាន់តែពេញលេញ និងឆ្លើយតបទៅនឹងតម្រូវការសមាជិក ស្របនឹងតម្រូវការទីផ្សារជាតិ និងអន្តរជាតិ ក្នុងនោះមានដូចជា ការជំរុញការទទួលបានហិរញ្ញវត្ថុ ទាំងកម្ចី និងវិនិយោគ ការកសាងសមត្ថភាព ការកសាងភាពដៃគូអាជីវកម្ម ការចុះបញ្ជីអាជីវកម្ម ការកសាងជំនាញបច្ចេកវិទ្យា និងឌីជីថល និងសកម្មភាពធំៗសំខាន់ផ្សេងទៀតដែលឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍរបស់វិស័យឯកជន។ ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវ ដល់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ ម្ចាស់ឧបត្ថម្ភ បន្តគាំទ្រដល់សមាគមបន្ថែមទាំងបច្ចេកទេស និងថវិកា ដើម្បីសមាគមអាចបន្តបេសកកម្មរបស់ខ្លួន និងសម្រេចចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យឯកជនប្រកបដោយគុណភាពខ្ពស់"។

 

គួរដឹងដែរថា អំឡុងពេលសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ "កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤" និង "គម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល"​ ដែលទទួលបានការគាំទ្រថវិកាដោយគណៈកម្មាធិការគ្រប់គ្រងមូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (គ.ស.អ.) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

 

ដោយឡែក "កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤" ទទួលបានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈគម្រោង FEED THE FUTURE CAMBODIA HARVEST III ក៏ដូចជាម្ចាស់ឧបត្ថម្ភ និងស្ថាប័នដៃគូសំខាន់ៗដូចជា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងធនាគារកាណាឌីយ៉ា (Canadia)។ បន្ថែមលើនេះ កម្មវិធីនេះក៏ទទួលបានការគាំទ្រធំពី ផេនដា ខមមើសល ប៊ែង ម.ក (Panda Bank) និង Silver Sponsor ពីក្រុមហ៊ុន ជេ អី អាយ (JTI) និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank)

 

អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) វ៉ាយអ៊ីអេស៊ី ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង មកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និងយុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបសង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

 

សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានចក្ខុវិស័យជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ឈានទៅរកការធ្វើអាជីវកម្មបែបឌីជីថល បរិយាប័ន្ន និងភាពច្នៃប្រឌិត។ ដូច្នេះហើយ បញ្ហាប្រឈមទាំង ៦ ដែលជាអាទិភាពនៅក្នុងទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២០ – ២០២៥ នឹងជាផែនទីយុទ្ធសាស្ត្រសម្រាប់ផែនការប្រតិបត្តិការរបស់សមាគមផងដែរ។ វាក៏បានផ្តល់ឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជានូវតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពច្នៃប្រឌិតក្នុងការបម្រើផលប្រយោជន៍ដល់សហគ្រិនវ័យក្មេងកម្ពុជាទាំងមូល។ ទាំងអស់នេះគឺជាឱកាសចូលរួមចំណែកក្នុងបរិយាកាសអាជីវកម្មដែលមានភាពប្រសើរជាងមុន ដោយការអនុវត្តជំនាញជាក់ស្ដែង បទពិសោធ ឥទ្ធិពល និងធនធានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។

 

សម្រាប់ព័ត៌មានបន្ថែម៖

លោក ស៊ឹម តារា អគ្គលេខាធិការរងសមាគម

លេខទូរសព្ទ៖ ០១២ ៧៧១ ០៥១/ ០៩៦ ៦៩៩ ៩៩៦៨

 

 

X
5s