ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤ និងគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល
នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្រោមកិច្ចសហការក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ "កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤" ក្នុងឱកាសនៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ឯកឧត្ដម ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់ជំនួយ អ្នកឧបត្ថមគាំទ្រដល់សមាគម និងសមាជិកសមាជិកាប្រម៉ាណជា ៣០០ នាក់។
កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤ នេះ សមាគមទទួលបានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈគម្រោង FEED THE FUTURE CAMBODIA HARVEST III ក៏ដូចជាម្ចាស់ឧបត្ថម្ភ និងស្ថាប័នដៃគូសំខាន់ៗដូចជា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងធនាគារកាណាឌីយ៉ា (Canadia)។ បន្ថែមលើនេះ កម្មវិធីសន្និបាតនេះក៏ទទួលបានការគាំទ្រធំពី ផេនដា ខមមើសល ប៊ែង ម.ក (Panda Bank) និង Silver Sponsor ពីក្រុមហ៊ុន ជេ អី អាយ (JTI) និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank)។
ការដាក់ឱ្យដំណើរការកម្មវិធីនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ អ្នកវិនិយោគ និងការកសាងសមត្ថភាព តាមរយៈវគ្គបណ្តុះបណ្តាលសំខាន់ៗទាំង ៦ វគ្គ លើជំនាញ ការគ្រប់គ្រងសាច់ប្រាក់ ការធ្វើផែនការអាជីវកម្ម ទុនបង្វិល ការរៀបចំឯកសារ និងការត្រៀមជាស្រេចសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មក្នុងការទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគ។ បន្ថែមលើនេះ សហគ្រិនមានឱកាសក្នុងការជួបជាមួយស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគដោយផ្ទាល់តាមរយៈការផ្គូផ្គងរវាងម្ចាស់អាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុក្នុងព្រឹត្តិការណ៍ រាត្រីជំនួបជាមួយស្ថាប័នហិរញ្ញវត្ថុ និងការផ្គូផ្គងរវាងម្ចាស់អាជីវកម្មជាមួយអ្នកវិនិយោគដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ រាត្រីជំនួបជាមួយអ្នកវិនិយោគហគ្រិន។ ជាងនេះផងដែរ ម្ចាស់អាជីវកម្មដែលចូលរួមក្នុងកម្មវិធីនេះ នឹងមានឱកាសទទួលបានជំនួយបច្ចេកទេស ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុផងដែរ។
ដើម្បីពង្រីក និងពង្រឹងកិច្ចសហការអនុវត្តកម្មវិធីនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានចុះអនុស្សរណៈនៃភាពជាដៃគូជាមួយស្ថាប័នដៃគូចំនួនបីសំខាន់ៗ រួមមានដូចជា សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា (CASF) សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) និងគម្រោង Harvest III របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ ការចុះអនុស្សរណៈនៃភាពជាដៃគូនេះ នឹងផ្ដល់ឱកាសឱ្យស្ថាប័នទាំងបី បង្កើនកិច្ចសហការជាមួយសមាគមក្នុងការអនុវត្តគម្រោងពាក់ព័ន្ធនឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន និងគម្រោងផ្សេងៗទៀតដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូសហគ្រិនភាពនៅកម្ពុជាទាំងមូល។
ដោយឡែក គម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល គឺជាគម្រោងផ្តល់ការគាំទ្រថវិកា ដោយគណៈកម្មាធិការគ្រប់គ្រងមូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (គ.ស.អ.) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ថ្លែងក្នុងកម្មវិធី ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា "សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមើលឃើញពីតម្រូវការចាំបាច់របស់សហគ្រិន និងម្ចាស់អាជីវកម្មជាច្រើន ហើយបានដាក់បញ្ចូលលទ្ធភាពទទួលបានហិរញ្ញប្បទាន ទៅក្នុងទិសដៅយុទ្ធសាស្ត្រ និងជាអាទិភាពសំខាន់របស់សមាគម។ កន្លងមកសមាគមសហគ្រិនវ័យក្មេងកម្ពុបានរៀបចំវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ វេទិកាចែករំលែក និងការផ្គូផ្គងរវាងសមាជិក និងវិនិយោគិន ក៏ដូចជាការសហការជាមួយដៃគូយុទ្ធសាស្រ្តជាច្រើន។ ហើយថ្ងៃនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានចុះអនុស្សរណៈក្នុងភាពជាដៃគូ ជាមួយស្ថាប័នធំសំខាន់ៗចំនួន ៣ បន្ថែមទៀតដើម្បីគាំទ្រដល់សមាជិករបស់សមាគម"។
ឯកឧត្ដម យឹម លាភ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងកម្មវិធីនេះថា "ហិរញ្ញប្បទាន គឺជាប្រភពគាំទ្រដល់ការវិនិយោគដែលមិនអាចខ្វះបាន។ ការផ្តល់ហិរញ្ញប្បទាន នឹងផ្តល់ឱកាសដល់ការវិនិយោគ ឬអាជីវកម្ម នូវធនធានចាំបាច់សម្រាប់បន្តស្វែងរកកាលានុវត្តភាព និងការរីកចចម្រើន។ ដើម្បីបំពេញតម្រូវការហិរញ្ញប្បទាន វិស័យធនាគារ នៅកម្ពុជាបានដើរតួនាទីជាអន្តរការិយកម្មកៀគរប្រភពធនធានហិរញ្ញវត្ថុនៅទំនេរ សម្រាប់បំពេញតម្រូវការ និងផ្តល់ទៅកាន់វិស័យឯកជនសម្រាប់វិនិយោគ ទៅតាមទិសដៅ និងផែនការ ស្របតាមការរីកចម្រើននៃទីផ្សានាពេលបច្ចុប្បន្ន"។ ឯកឧត្ដមបានបន្ថែមថា "សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាសមាគមដ៏ធំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា បានដើរតួនាទី យ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់រវាងតម្រូវការ និងការផ្គត់ផ្គង់ហិរញ្ញប្បទាន ហើយកម្មវីធី "Access to Finance Program 2024" ដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនាពេលបន្តិចទៀតនេះ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅបង្កើនប្រសិទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន ទៅដល់សហគ្រិនយើង"។
លោកស្រី អ៊ិត កល្យាណ អនុប្រធានគម្រោង “FEED THE FUTURE CAMBODIA HARVEST III” បានលើកឡើងថា "សមាគមសហគ្រិនវ័យក្មេងកម្ពុជាគឺជាសមាគមដំបូងគេដែលទទួលបានមូលនិធិគាំទ្រពីគម្រោង Feed the Future Cambodia Harvest III "។ លោកស្រីបានបង្ហាញពីសេចក្ដីជឿទុកចិត្តថា តាមរយៈការអនុវត្តគម្រោងក្រោមភាពជាដៃគូជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា គម្រោងនេះនឹងផ្ដល់ជូនអត្ថប្រយោជន៍ និងផលជះវិជ្ជមានជាច្រើនដល់សហគ្រាសធុនមីក្រូ និងតូចក្នុងវិស័យកសិកម្មនៅកម្ពុជា៕