តើមានការផ្លាស់ប្ដូរអ្វីខ្លះកើតឡើង នៅពេលអ្នករត់ហាត់ប្រាណនៅព្រឹកព្រលឹមមុនពេលទៅធ្វើការ ?
ការហាត់ប្រាណដូចជាការរត់នេះជាដើម សុទ្ធតែត្រូវបានគេអះអាងគាំទ្រពីគុណសម្បត្តិរបស់វាដែលមានចំពោះទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត។ តើមានការផ្លាស់ប្ដូរអ្វីខ្លះកើតឡើងបើសិនជាអ្នកអនុវត្តទម្លាប់ដ៏ល្អនេះនៅព្រឹកព្រលឹមមុនចាប់ផ្ដើមទៅធ្វើការ ?
១) ការរត់នៅពេលព្រឹកព្រលឹម នឹងជួយលាងសម្អាតខួរក្បាលរបស់អ្នក៖ សកម្មភាពធ្វើលំហាត់ប្រាណដូចជាការរត់នេះជាដើម ត្រូវបានវិទ្យាសាស្ត្រស្រាវជ្រាវរកឃើញថាមានឥទ្ធិពលទៅលើខួរក្បាលរបស់អ្នកឲ្យមានភាពសកម្មស្វាហាប់ជាងមុន។ ការរត់អាចជួយបំផុសអ្នកឲ្យមានអារម្មណ៍វិជ្ជមាន ស្រស់ស្រាយ មានសតិស្មារតីស្វាងល្អ ដែលសុទ្ធតែជាកត្តាដែលអាចជួយអ្នកឲ្យចាប់ផ្ដើមធ្វើកិច្ចការរបស់អ្នកប្រកបដោយប្រសិទ្ធភាពខ្ពស់ពេញមួយថ្ងៃបាន។
២) នាំយកគំនិតថ្មីៗដល់អ្នក៖ មានពេលខ្លះ អ្នកខំគិតរកដំណោះស្រាយយ៉ាងខ្លាំងទៅលើបញ្ហាណាមួយ ប៉ុន្តែនៅតែមិនអាចទទួលបាននូវចម្លើយដ៏សមគួរបាន។ ប៉ុន្តែ នៅពេលអ្នកឈប់គិតអំពីវា ហើយចាប់ផ្ដើមធ្វើរឿងអ្វីផ្សេង ដំណោះស្រាយដ៏ល្អមួយក៏ស្រាប់តែផុសចេញឡើងមកដោយឯកឯង ជាពិសេសវាកើតឡើងនៅពេលដែលអ្នកដើរលំហែនៅក្នុងធម្មជាតិ ឬអំឡុងពេលហាត់ប្រាណជាដើម។ ហេតុនេះបើអ្នកចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកជាមួយការរត់មុនពេលទៅធ្វើការ នោះវានឹងអាចជួយបង្កើនសមត្ថភាពដោះស្រាយបញ្ហារបស់អ្នកក្នុងពេលធ្វើការបាន។
៣) ជួយឲ្យអ្នកគេងលក់ស្រួលនៅពេលយប់៖ នៅពេលអ្នកចាប់ផ្ដើមការរត់នៅព្រឹកព្រលឹម វានឹងជំរុញឲ្យមានការផលិតអ័រម៉ូនអាដ្រេណាលីនច្រើន ដែលជំរុញឲ្យអ្នកមានថាមពលខ្លាំង និងជួយឲ្យអ្នកមានអារម្មណ៍ល្អ បន្ទាប់មកវាក៏ធ្លាក់ចុះបន្តិចម្ដងៗរហូតដល់យប់ឡើងអ្នកអាចគេងលក់បានស្រួល៕
ដោយ៖ ស្រីពៅ
សូមអាន៖ ទម្លាប់ ៣យ៉ាងដែលអ្នកអាចអនុវត្ត ដើម្បីចាកចេញពីកន្លែងធ្វើការទៅផ្ទះទាំងអារម្មណ៍រីករាយ