នាយិកា​ក្រុមហ៊ុន​នុំ​ស្រួយ​លីលី​ចែក​រំលែក​គន្លឹះ​ធ្វើ​អាជីវកម្ម​ដំបូង​ឲ្យ​ទទួល​ជោគជ័យ​



សហគ្រិន​ស្រ្តី​ឆ្នើម​កម្ពុជា លោក​ជំទាវឧកញ៉ា កែវ មុំ នាយិកា​នៃ​ក្រុមហ៊ុន​ផលិតនំស្រួយ​លីលី​ ដែល​ជា​ក្រុមហ៊ុន​កំពុង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ព្រម​ទាំង​មាន​ការ​ទទួល​ស្គាល់​លំដាប់​​ថ្នាក់​ជាតិ​ និង​អន្តរជាតិ។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ចែក​រំលែក​គន្លឹះ​អាជីវកម្ម​ជា​មួយ​ក្រុម​ការងារ ​Bizkhmer លោក​ជំទាវ​បាន​លើក​ឡើង​ថា ចំពោះ​ការ​បើក​ដំណើរ​ការ​អាជីវកម្ម​ គឺ​មិន​ពិបាក​ខ្លាំង​នោះ​ទេ តែអ្វី​ដែល​សំខាន់​នោះ​គឺ​​ការ​ធ្វើ​វា​ឲ្យ​មាន​និរន្តរភាព​ទើប​ជា​រឿង​ដែល​ពិបាក​សម្រាប់​​អ្នក​ធ្វើ​អាជីវកម្ម។

ជា​មួយ​គ្នា​នេះ​លោក​ជំទាវ​បាន​ចែករំលែក​ទៀតថា​ ចំពោះ​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​អាជីវកម្ម​ដំបូង​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​សិក្សា​ទៅ​លើ​ទីផ្សារ​ថា​តើ​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​លើ​ទី​ផ្សារ​គេ​មាន​តម្រូវ​ការ​អ្វី ហើយ​ចំពោះ​យើង​ខ្លួន​ឯង​ត្រូវ​ដឹង​ថា​តើ​យើង​ស្រលាញ់​ពេញ​ចិត្ត​ធ្វើ​អាជីវកម្ម​នោះ​ដែរ​ឬ​ទេ។ លោក​ជំទាវបន្ត​ដោយ​សង្កត់​ធ្ងន់​ថា "ទោះ​បី​ជា​យើង​ឃើញ​អាជីវកម្ម​ដែល​យើង​ស្រលាញ់​នោះ អ្នក​ដទៃ​គេ​ធ្វើ​ទៅ​បរាជ័យ ក៏​​ប៉ុន្តែ​មិន​ប្រាកដ​ទេ​ថា​យើង​ធ្វើ​អាជីវកម្ម​នោះ​ទៅ​នឹង​បរាជ័យ​ដូច​គេ​នោះ"​។ ពោល​គឺ​យើង​ត្រូវ​មាន​ទស្សនៈវិស័យ​របស់​ខ្លួន​ឯង​ឲ្យ​ច្បាស់​លាស់ យើង​ត្រូវ​មាន​បេសកកម្ម​ដែល​យើង​អាច​មើល​ឃើញ​ថា​យើង​ត្រូវ​ដើរ​ផ្លូវ​ណា​ដែល​អាច​ទទួល​បាន​ជោគជ័យ ហើយ​យើង​ក៏​ត្រូវ​សិក្សា​ទៅ​លើ​ការ​ធ្វើ​អាជីវកម្ម​របស់​អ្នក​ដទៃ​ថា​តើ​ហេតុ​អ្វី​បាន​ជា​គេ​ធ្វើ​ទៅ​មិន​ជោគជ័យ​ ដូច្នេះ​យើង​អាច​យក​ចំណុច​នេះ​មក​សិក្សា​ហើយ​បញ្ជៀស​ផ្លូវ​ដើរ​របស់​យើង​ នោះ​យើង​នឹង​ទទួល​បាន​ជោគជ័យ។

នេះ​ជា​ការ​លើក​ឡើង​បន្តែម​របស់​នាយិកា​រូប​នេះ។ ទន្ទឹម​គ្នា​នេះ​ដែរ​សហគ្រិន​ស្រ្តី​ឆ្នើម​រូប​នេះ​បាន​លើក​ឡើង​បន្ត​ថា នា​ពេល​បច្ចុប្បន្ន​ពិភព​លោក​កំពុង​រីកចម្រើន​ដែល​គេ​ហៅ​ថា​ពិភពលោក​នៅ​ក្នុង​ដៃ ដូច្នេះ​សម្រាប់​យុវជន​ក្នុង​សម័យ​នេះ ប្រសិន​បើ​ពួក​គាត់​ពិត​ជា​ចង់​ធ្វើ​អាជីវកម្ម​ពិត​មែន​គឺ​មិន​ខ្វះ​ទេ​ព័ត៌មាន​ដែល​ពួក​គាត់​អាច​ស្វែង​រក​បាន​តាមរយៈ​ទូរស័ព្ទ​ទំនើប​ តាម​រយៈ​មិត្តភក្ដិ​សាច់​ញ្ញាត្តិ ឬ​តាម​រយៈ​ការ​ចែក​រំលែក​បទពិសោធន៍​នៅ​តាម​បណ្ដា​សមាគមន៍​នានា​ជា​ដើម​។  លោក​ជំទាវ​ ឧកញ្ញា​ កែវ មុំ "កុំ​បាក់​ទឹក​ចិត្ត​ពេល​ដែល​យើង​ជួប​បញ្ហា ត្រូវ​គិត​ថា​មិន​មែន​យើង​ធ្វើ​មិន​កើតនោះ​ទេ​ ប៉ុន្តែ​មក​ពី​យើង​ធ្វើ​វា​មិន​ទាន់​បាន​ យើង​ធ្វើ​វា​មិន​ទាន់​ត្រូវ ​ទើប​​វា​មិនទាន់​ត្រូវ"៕

អត្ថបទ​ដោយ​៖ ជួប ស្រីរ័ត្ន

X
5s