គន្លឹះ ៤ យ៉ាងធ្វើឲ្យអ្នកកាន់តែឆ្លាតវៃរឿងលុយកាក់
ភាពជោគជ័យហិរញ្ញវត្ថុ មិនទាមទារឲ្យអ្នកក្លាយជាអ្នកជំនាញដ៏ប៉ិនប្រសព្វរឿងគ្រប់គ្រងលុយកាក់មួយរូបនោះឡើយ។ ក៏ប៉ុន្តែវាផ្តើមចេញពីការយកចិត្តទុកដាក់របស់អ្នកក្នុងការគ្រប់គ្រងចំណូលចំណាយដូចជាការសន្សំ ការចំណាយ និងការចេះលៃលកសម្រាប់យកវាទៅវិនិយោគជាដើមដែលអាចជួយឲ្យអ្នកអាចកសាងទ្រព្យសម្បត្តិកាន់តែច្រើនឡើងនៅពេលអនាគត។
ខាងក្រោមនេះជាយុទ្ធសាស្ត្រ ៤ ចំណុចដែលអាចជួយត្រួសត្រាយផ្លូវអ្នកស្វែងយល់កាន់តែច្បាស់ពីកត្តាមួយចំនួនដែលធ្វើឲ្យអ្នកជោគជ័យហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៩នេះ៖
១. ចាប់ផ្តើមវិនិយោគតាំងពីអាយុ ២០ឆ្នាំទៅប្រសិនបើអ្នកអាចធ្វើបាន
ចាប់ផ្តើមសន្សំ និងវិនិយោគកាន់តែឆាប់ កាន់តែល្អ។ រឿងដែលត្រឹមត្រូវបំផុតនោះគឺថា អ្នកគួរវិនិយោគឲ្យបានកាន់តែច្រើននៅអាយុខ្ទង់ ២០ ជាជាងរង់ចាំរហូតដល់អាយុ ៣០ ឆ្នាំប្រសិនបើអ្នកអាចធ្វើបាន។ នេះគឺដោយសារថា បើអ្នកចាប់ផ្តើមធ្វើវាតាំងពីក្មេង អ្នកនៅសល់ពេលកាន់តែច្រើនដើម្បីសន្សំ និងវិនិយោគកាន់តែច្រើន។
២. ឆ្លាតវៃរឿងលុយកាក់ កុំផ្ដោតលើការសន្សំច្រើនពេក
ប្រសិនបើអ្នកគិតតែពីសន្សំ ប៉ុន្តែមិនព្រមវិនិយោគ មានន័យថា អ្នកកំពុងធ្វើឲ្យលុយរបស់អ្នករសាត់អណ្ដែតបាត់បង់ទាំងមិនដឹងខ្លួននៅក្នុងរយៈពេលយូរអង្វែង។ អ្នកសាកគិតទៅមើលក្នុងមួយឆ្នាំអត្រាអតិផរណា ឬ លុយធ្លាក់ថ្លៃប៉ុន្មាន% ក្នុងមួយឆ្នាំ? ទំនិញតម្លៃ ២០ ដុល្លារក្នុងរយៈពេល ៥ឆ្នាំមុនអាចមានតម្លៃ ៣០ ដុល្លារក្នុងឆ្នាំនេះ ឬ អ្នកត្រូវការលុយ ៥០ ដុល្លារដើម្បីទិញវានៅក្នុងរយៈពេល៥ឆ្នាំទៅមុខ។ យ៉ាងណាមិញ ប្រសិនបើអ្នកយកលុយទៅវិនិយោគដូចជាធ្វើឲ្យលុយចេះបង្កើតលុយដូចជាទិញផ្ទះ ដីធ្លី បើកមុខជំនួញ នោះលុយរបស់អ្នកនឹងមានចលនារកចំណូលបន្ថែមឲ្យអ្នក ដែលចំណេញច្រើនជាងការសន្សំរាប់សិបដង។
៣. មានភាពអត់ធ្មត់ពេលទីផ្សារច្របូកច្របល់
វាជារឿងធម្មតាទេនៅពេលទីផ្សារច្របូកច្របល់ មនុស្សទូទៅតែងមានការព្រួយបារម្ភ តក់ក្រហល់ ប្រញាប់ប្រញាល់លក់ចេញហើយអាចឈានទៅរកការបាត់បង់ការគ្រប់គ្រងលើខ្លួនឯងតែម្តង។ ជាដំបូន្មានរបស់អ្នកជំនាញ អ្នកត្រូវមើលពីឱកាសនៅអនាគតវែងឆ្ងាយ ជាជាងកាលៈទេសៈបច្ចុប្បន្ន ត្បិតអីភាពច្របូកច្របល់នេះវាមិនមែនកើតមានជាអចិន្ត្រៃយ៍រហូតនោះឡើយ។ អ្វីដែលអ្នកត្រូវធ្វើប្រសិនបើមានស្ថានភាពបែបនេះ គឺអ្នកត្រូវមានភាពអត់ធ្មត់ឲ្យបានខ្ពស់បំផុត កុំឆាប់ជ្រួលច្របល់តាមគេតាមឯងពេកព្រោះថានៅក្នុងគ្រោះក៏មានលាភដែរ។
៤. យល់ឲ្យបានច្បាស់ពីបំណុលល្អ និងបំណុលមិនល្អ
បំណុលមិនមែនសុទ្ធតែមិនល្អសម្រាប់អ្នកនោះឡើយ។ បំណុលល្អវានឹងធ្វើឲ្យខ្សែជីវិតរបស់អ្នកឈរនៅលើភ្លើងខៀវ ខណៈដែលបំណុលមិនល្អអាចទាញទម្លាក់អ្នកធ្លាក់ចូលទៅក្នុងជីវិតដែលបរាជ័យហិរញ្ញវត្ថុ។ ប្រសិនបើអ្នកមានបំណុលមិនល្អច្រើន អ្នកនឹងបាត់បង់ការគ្រប់គ្រងលើខ្លួនឯង និងពឹងផ្អែកអ្នកដទៃកាន់តែច្រើន។ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវប្រាកដថា អ្នកមានបំណុលល្អច្រើន ហើយប្រសិនបើមានបំណុលមិនល្អ ត្រូវប្រញាប់ដោះស្រាយវាឲ្យបានឆាប់បំផុត ព្រមទាំងចាត់ទុកវាជារឿងអាទិភាព។ បើមានបំណុលមិនល្អច្រើន ការវិនិយោគដ៏ល្អបំផុតនៅពេលនេះ គឺដោះបំណុលនេះឲ្យអស់ បន្ទាប់មកចាំសន្សំប្រាក់ និងវិនិយោគជាក្រោយ វាមិនទាន់យឺតពេលទេ៕
ប្រភព៖ cnbc