500 Startups បោះទុន ១៤លានដុល្លារវិនិយោគទៅលើអាជីវកម្មនៅវៀតណាម
ក្រុមហ៊ុនវិនិយោគ 500 Startups ដែលជាក្រុមហ៊ុនបណ្ដាក់ទុន (venture capital firm) មានមូលដ្ឋាននៅ Silicon Valley បាននិងកំពុងពង្រីកដើមទុនរបស់ខ្លួនបន្ថែមទៅដល់អាជីវកម្មដែលមានសក្ដានុពលថ្មីថ្មោង ឬ startups នៅប្រទេសវៀតណាមដែលជាប្រទេសមួយកំពុងមានសន្ទុះទីផ្សារសម្រាប់ពាណិជ្ជកម្ម។ ថ្មីៗនេះប្រទេសវៀតណាមបានក្លាយទៅជាប្រទេសដែលបង្កើតអាជីវកម្មក្នុងប្រភេទជា ecosystem មានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងចំណោមប្រទេសធំៗនៅអាស៊ីអាគ្នេយ៍។
ការវិនិយោគត្រូវបានធ្វើឡើងស្ថិតនៅក្រោម 500 Startups វៀតណាមដែលគិតមកដល់ពេលនេះ បានវិនិយោគទៅលើអាជីវកម្មថ្មីថ្មោង ចំនួន ៣៦នៅក្នុងប្រទេសវៀតណាមដែលបោះទុនទឹកប្រាក់សរុបប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះក៏នៅមានអាជីវកម្មជាដៃគូចំនួន ៦៤ ផ្សេងទៀតដែលកំពុងស្នើសុំកញ្ចប់វិនិយោគពីក្រុមហ៊ុន 500 Startups ដែលមានទឹកប្រាក់ចន្លោះ១០ ម៉ឺន ទៅ ២៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះវិនិយោគទៅលើវិស័យខុសៗគ្នាជាច្រើន ដូចជា ប្រព័ន្ធ អាជីវកម្មអេឡិចត្រូនិច (e-commerce) អេតថិក (edtech) និង ប្លុកឆាន( blockchain)។
គូបញ្ជាក់ថា 500 Startups វៀតណាមត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ និងមានទុនដំបូងប្រមាណ ១០លានដុល្លារសម្រាប់វិនិយោគអាជីវកម្មនៅប្រទេសវៀតណាម។ នៅកម្ពុជា ក្រុមហ៊ុនវិនិយោគនេះ បានវិនិយោគក្រុមហ៊ុនក្នុងស្រុកមួយហើយក៏ជា Startup ដំបូងគេនៅកម្ពុជាដែលទទួលបានទុនវិនិយោគនេះ គឺ គេហទំព័រកម្សាន្តស្រដៀងហ្នឹង Buzzfeed អាមេរិក Khmerload ក្នុងទំហំទឹកប្រាក់ប្រមាណ ២០ម៉ឺនដុល្លារ៕
ដោយ ច័ន្ទលាភ