ហេតុអ្វីបានជា Digital Marketing ជាផ្នែកសំខាន់នៃភាពជោគជ័យរបស់អាជីវកម្ម?
Digital marketing គឺជាការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីសម្រួលដល់ដំណើរការអាជីវកម្ម តាមរយៈការផ្សព្វផ្សាយ ការលក់ផលិតផលឬសេវាកម្មនានានៅលើអ៊ីនធឺណេត ឬបណ្ដាញទំនាក់ទំនងសង្គមនានា។ ការប្រើប្រាស់ប្រព័ន្ធឌីជីថលក៏ជាការគាំទ្រដល់អាជីវកម្ម និងការផ្សព្វផ្សាយម៉ាកយីហោ។ ការធ្វើ Digital Marketing ជាសកម្មភាពនៃការធ្វើទីផ្សារដែលខិតខំព្យាយាមយ៉ាងណាឲ្យផលិតផល ឬសេវាកម្មរបស់ខ្លួនបានគេស្គាល់ និងបានដល់ដៃអតិថិជនបានលឿន។
ក្រុមអ្នកជំនាញផ្នែកទីផ្សារធ្វើការភ្ជាប់ទំនាក់ទំនងក្នុងសកម្មភាពផ្សេងគ្នានៃប្រព័ន្ធឌីជីថលរួមមាន៖
ក) Content៖ ការសរសេរអត្ថបទ ការសិក្សាស្រាវជ្រាវ ebooks យុទ្ធនាការតាមបណ្តាញសង្គមជាដើម។
ខ) មានការច្នៃបង្កើត (Creative)៖ មានការផ្សារភ្ជាប់នូវរូបភាព និងមាតិការ (Content) មានការរចនារូបភាព វីដេអូ និង Infographics នានា។
គ) ស្ថិតិ៖ ជាការវិភាគសម្រាប់ទីផ្សារ បង្ហាញជា Key Performance Indicator សម្រាប់អាជីវកម្មជាដើម។
១) Digital marketing ជួយដល់អាជីវកម្មប្រភេទណាខ្លះ?
គ្រប់ទម្រង់នៃអាជីវកម្មទាំងអស់ សុទ្ធតែអាចប្រើប្រាស់ Digital marketing ដើម្បីជួយដល់ដំណើរការអាជីវកម្មរបស់ខ្លួន ទាំងការគ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងសន្និធិ ការលក់ និងទំនាក់ទំនងជាមួយអតិថិជន។ Digital marketing នេះក៏ជាអ្នកជួយបើកចំហរព្រំដែននៃអាជីវកម្មបានទូលំទូលាយជាងមុន ព្រោះអ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនបានកាន់តែច្រើនជាងមុននិងលឿនជាងមុន និងអាចជជែកចរចាជាមួយអតិថិជនបានច្រើនជាងការមកទិញនៅក្នុងហាងផ្ទាល់។
២) អត្ថប្រយោជន៍នៃការធ្វើ Digital marketing
ក) គេហទំព័រ
វាអាចជួយអ្នកឲ្យមើលឃើញជាក់ស្តែងពិតប្រាកដនូវចំនួនមនុស្ស ឬអ្នកចូលមើលគេហទំព័ររបស់អ្នកក្នុងពេលវេលាពិតប្រាកដមួយ ហើយអ្នកក៏អាចដឹងថាអតិថិជនរបស់អ្នកបានចូលទៅមើលគេហទំព័រផ្សេងណាខ្លះទៀតក្រៅពីគេហទំព័ររបស់អ្នក។
ខ) ការធ្វើ Content មានភាពទាក់ទាញដល់អាជីវកម្ម
ប្រើប្រាស់ Digital marketing អ្នកអាចធ្វើការរចនាខិតប័ណ្ណនៅលើគេហទំព័រ ឬបណ្ដាញទំនាក់ទំនងសង្គមជំនួសការយកខិតប័ណ្ណទៅដើរចែកឬផ្សព្វផ្សាយដូចកាលពីមុន។ ដាក់លេខទូរស័ព្ទ ឬសារអេឡិចត្រូនិច ដើម្បីទាញយកការធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយអតិថិជន។
គ) ងាយដល់ដៃអតិថិជន
ការចែកចាយព័ត៌មានឆាប់រហ័ស ងាយស្រួលទៅដល់ដៃអតិថិជន អាចធ្វើឲ្យអតិថិជនងាយស្រួលក្នុងការស្វែងរកផលិតផលឬសេវាកម្មរបស់អ្នក។ អាចឲ្យគេសាកសួរព័ត៌មានជាមុនក៏បាន ហើយអ្នកអាចដឹងពីតម្រូវការរបស់គេបានលឿនជាងមុនពេលមិនទាន់ប្រើប្រាស់ Digital marketing។ វាជាហេតុនាំឲ្យអាជីវកម្មរបស់អ្នករីកចម្រើនបានល្អប្រសើរ និងទទួលជោគជ័យ។
៣) គុណវិបត្តិនៃការធ្វើ Digital Marketing
ក) ទាមទារជំនាញ និងចំណេះដឹងខ្ពស់
ការធ្វើ Digital marketing ទាមទារឲ្យអ្នកមានចំណេះដឹងច្រើនពាក់ព័ន្ធនឹងបចេ្ចកវិទ្យា សូម្បីបុគ្គលិកដែលអ្នកជួលមកធ្វើការ ក៏ទាមទារចំណេះដឹងក្នុងការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកដើម្បីឆ្លើយតបជាមួយអតិថិជនដែរ។
ខ) ចំណាយពេលវេលាច្រើនលើអាជីវកម្ម
ដោយសារអ្នកចង់បើកចំហរទីផ្សារទៅដល់អតិថិជនបានកាន់តែច្រើន អាចឲ្យអតិថិជនចូលទិញ ឬបញ្ជាទិញបានស្ទើរគ្រប់ពេល នោះអ្នកក៏ត្រូវចំណាយពេលច្រើនជាមួយអតិថិជន ជាមួយអាជីវកម្មអ្នកកាន់តែច្រើនជាងមុនដូចគ្នា។ ជាងនេះទៀត ប្រសិនបើអ្នកជួលបុគ្គលិកលក់ហើយត្រូវចំណាយពេលច្រើនក្នុងការលក់នោះ វាក៏ជាការមិនពេញចិត្តរបស់បុគ្គលិកដូចគ្នា។
គ) អ្នកដទៃ ពិសេសគូប្រកួតប្រជែងអាចដឹងពីព័ត៌មានងាជីវកម្មយើងស្ទើរតែទាំងអស់
អតិថិជនអាចចូលមើលព័ត៌មានក្រុមហ៊ុនអ្នក អ្នកផ្សេងណាក៏អាចចូលមើលបាន ពិសេសគូប្រកួតប្រជែងអាចមើលដឹងថាអ្នកមានអតិថិជនប៉ុន្មានអ្នក៕
ដោយ យ៉ាយ៉ា