គន្លឹះ ៦ចំនុចជាជំនួយក្នុងការធ្វើជំនួញអន្តរជាតិ
បច្ចេកវិទ្យាកំពុងភ្ជាប់ពិភពលោកឲ្យកាន់តែជិតគ្នាជាងមុនខ្លាំងបំផុត គ្រប់គ្នាអាចរីករាយនឹងការធ្វើដំណើរ ទេសចរណ៍ សិក្សាការផ្លាស់ប្តូរនានាពីជាតិមួយទៅជាតិមួយពិសេសការដោះដូរទំនិញឬសេវាកម្ម។ ចុះបើអ្នកចង់ធ្វើជំនួញឆ្លងប្រទេស ចង់ពង្រីកសាខាអាជីវកម្មទៅក្រៅប្រទេសតើអ្នកគួរធ្វើអ្វីខ្លះ គួរស្វែងយល់ពីអ្វីខ្លះសម្រាប់អាជីវកម្មរបស់អ្នក? ខាងក្រោមនេះជាជំនួយស្មារតីមួយចំនួនសម្រាប់អ្នកដែលកំពុងពិចារណាលើអាជីវកម្មអន្តរជាតិ៖
១) ការចាប់ផ្តើមដំបូងក្នុងប្រទេសនោះជាមួយប្រទេសអាជីវកម្មថ្មី
ឈានជើងចូលក្នុងទីផ្សារមួយជាការល្អបំផុតគឺនាំយកអាជីវកម្មថ្មីមួយចូលទៅ ចុះទម្រាំអាជីវកម្មឆ្លងប្រទេសទៀតអ្នកកាន់តែត្រូវស្វែងរកអ្វីថ្មីដើម្បីទាក់ចិត្តអតិថិជនថ្មី។
២) ស្រាវជ្រាវទីផ្សារជាមុន
មិនមែនជារឿងលេងសើចទេក្នុងការស្រាវជ្រាវទីផ្សារមុនចាប់ផ្តើមអាជីវកម្ម វាជារឿងស្លាប់រស់សម្រាប់យើង។ ស្រាវជ្រាវទីផ្សារធ្វើឲ្យយើងដឹងពីនរណានឹងក្លាយជាអតិថិជនរបស់យើង ប៉ុន្មានភាគរយដែលអាចទៅជាអតិថិជនសក្តានុពល អតិថិជនប្រភេទណា និងប៉ុន្មានភាគរយដែលមិនត្រូវការផលិតផលឬសេវាកម្មយើង។ លើសពីនេះយើងដឹងបានទៀតថានរណាជាគូរប្រកួតប្រជែងរបស់យើង តើគេមានកម្លាំងខ្លាំងប៉ុនណា យើងមានវិធីសាស្រ្តអ្វីអាចទប់ទល់ជាមួយគេ។
៣) ជួលអ្នកដែលស្គាល់ពីទីតាំង ឬកន្លែងដែលយើងនឹងតាំងទីអាជីវកម្មនោះ
គ្មានអ្វីចម្លែកទេដែលអ្នកត្រូវជួលនរណាម្នាក់ដែលស្គាល់ច្បាស់ពីទីតាំងសម្រាប់អាជីវកម្មរបស់អ្នកឲ្យមកជួយអ្នក គេជាមនុស្សដែលស្គាល់សឹងតែច្បាស់ពីវប្បធម៌ប្រទេសនោះ ស្គាល់ពីអ្វីដែលជាតម្រូវការធំនៃប្រជាជនក្នុងតំបន់នោះ ជាងនេះទៀតគេក៏ជាអ្នកដែលបានយល់ច្បាស់ពីច្បាប់ទម្លាប់សម្រាប់អាជីវកម្មដូចគ្នា។
៤) គោរពទំនៀមទំលាប់ប្រពៃណីតំបន់ និងប្រទេសនោះ
ស្របពេលដែលអ្នកជួលនរណាម្នាក់ជំនួយដើម្បីប្រកបអាជីវកម្មហើយ ខ្លួនអ្នកក៏ត្រូវស្វែងយល់ពីទំនៀមទំលាប់ប្រពៃណីតំបន់ និងប្រទេសនោះ និងគោរពទៅតាមអ្វីដែលគេបានកំណត់។ពេលអ្នកអាចគោរព និងធ្វើតាមការពេញចិត្តស្របនឹងវប្បធម៌របស់គេ អ្នកទទួលប្រយោជន៍ពិតជាខ្លួនអ្នកមិនមែននរណាឡើយ ព្រោះអ្នកបានចំណូលពីអាជីវកម្ម។
៥) ដាក់ផែនការនៃការធ្វើដំណើរ
ពេលអ្នកមានអាជីវកម្មនៅក្រៅប្រទេសជាក់ណាស់ថាអ្នកត្រូវធ្វើដំណើរជាញឹកញាប់។ ពេលខ្លះអ្នកត្រូវចំណាយពេលយ៉ាងច្រើនសម្រាប់គោលដៅធ្វើដំណើរដ៏វែងឆ្ងាយ ហើយវាក៏ជាបញ្ហាបន្តិចនៅពេលដែលអ្នកហោះហើរជាលកដំបូង ត្រូវចាំថាអ្វីដែលអ្នកត្រូវធ្វើជាចាំបាច់នោះគឺការគោរពពេលវេលា ទៅឲ្យទាន់ម៉ោងចៀសវាខកជើងយន្តហោះ។
៦) រក្សាទំនាក់ទំនង
ដូចដែលបានរៀបរាប់ខាងលើថា បច្ចេកវិទ្យាបានផ្លាស់ប្តូរពិភាពលោកមកស្ថិតក្នុងរង្វង់មួយដែលកៀកគ្នាបំផុត។ មនុស្សគ្រប់គ្នាអាចភ្ជាប់ទំនាក់ទំនងបានគ្រប់ពេលវេលា គ្រប់ទីកន្លែងមិនថាឆ្ងាយកម្រិតណាទេ។ ដូចនេះការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនង ឬបណ្តាញសង្គមជារឿងមួយដែលអ្នកគួរធ្វើជាប្រចាំ៕
ដោយ៖ យ៉ាយ៉ា