ហេតុអ្វីគ្រាន់តែប្រាក់ខែកន្លែងថ្មីខ្ពស់ អ្នកសុខចិត្តរត់ចោលមេល្អបែបនេះ?
ក្នុងជីវិតអ្នកធ្វើការឲ្យគេ គោលដៅរបស់មនុស្សម្នាក់ៗអាចមានភាពខុសៗគ្នា។ អ្នកខ្លះចង់បានប្រាក់ខែខ្ពស់ ប៉ុន្តែមិនសូវយកចិត្តទុកដាក់រឿងការងារល្អ ឬមិនល្អត្រូវនឹងសមត្ថភាពរបស់ខ្លួនឡើយ។ អ្នកខ្លះទៀត ប្រាក់ខែច្រើនប៉ុន្មានមិនសំខាន់ អ្វីដែលសំខាន់គឺចង់បានបទពិសោធន៍ និងចំណេះដឹង។ ចំពោះខ្លួនអ្នកវិញ តើអ្នកជាប្រភេទអ្នកធ្វើការក្នុងប្រភេទណា?
ឥឡូវនេះសាកល្បងមកឆ្លើយសំនួរថា តើអ្នកសុខចិត្តរត់ចោលមេល្អរបស់អ្នកដែរឬទេ ប្រសិនបើកន្លែងថ្មីគេឲ្យប្រាក់ខែច្រើន? សូមឆ្លើយដោយស្មោះត្រង់។ ប្រសិនបើអ្នកចង់ឈានជើងដើរចេញពីមេល្អរបស់អ្នកដើម្បីឱកាសការងារដែលអ្នកយល់ថា ល្អជាងកន្លែងចាស់ ឬក៏ថា កន្លែងថ្មីល្អទាំងការងារ ល្អទាំងក្រុមហ៊ុន ឬល្អទាំងអ្នកដឹកនាំ អ្នកអាចធ្វើការសម្រេចចិត្តចាក់ចេញបាន។ ប៉ុន្តែបើហេតុផលចាកចេញព្រោះតែកន្លែងថ្មីមានប្រាក់ខែច្រើន អ្នកគួរពិចារណាឡើងវិញ។
មានមូលហេតុមួយចំនួនដែលអ្នកត្រូវគិតគឺថា មេល្អនាំភ័ព្វវាសនាល្អអ្វីខ្លះដល់អ្នក។ មេល្អមិនមែនជាមនុស្សល្អឥតខ្ចោះនោះទេ។ ប៉ុន្តែជាមួយនឹងភាពសាមញ្ញ និងភាពមិនល្អឥតខ្ចោះទាំងអ្នកទាំងមេរបស់អ្នកនេះ ហើយដែលមេរបស់អ្នកអាចធ្វើឲ្យភាពមិនល្អឥតខ្ចោះទាំងនោះកាន់តែល្អប្រសើរឡើង នោះហើយគឺជាមេល្អ។ មេល្អអាចប្រែក្លាយជីវិតបុគ្គលិកដែលគ្មានចេះអ្វីសោះ ទៅជាបុគ្គលិកគំរូក្លាយជាអ្នកដឹកនាំគេនៅពេលអនាគត។
ហេតុផលមួយទៀតដែលសំខាន់ជាងនេះគឺថា មេល្អម្នាក់ចាត់ទុកថា ការឲ្យតម្លៃមនុស្សគឺជារឿងសំខាន់។ ដោយសារតែមេល្អឲ្យតម្លៃលើចំណុចនេះហើយទើបគេសង្កេតឃើញវត្តមានក្រុមការងារដ៏ល្អកើតមានឡើង។ អ្នកមិនចាំបាច់ព្រួយបារម្ភខ្លាំងពេកនោះឡើយព្រោះថា មេល្អរបស់អ្នកនឹងដឹកនាំក្រុមការងារទាំងមូលឲ្យដើរទៅមុខកាន់តែឆ្ងាយហួសពីការគិតរបស់អ្នកទៅទៀត និងជាដំណើរផ្លូវដ៏ទាក់ទាញសម្រាប់មនុស្សគ្រប់គ្នា។
ចង់ដឹងថាមេរបស់អ្នកល្អ ឬអត់ មិនពិបាកសម្គាល់នោះឡើយ។ នៅពេលដែលអ្នកកំពុងបំពេញការងាររបស់អ្នក អ្នកអាចរៀនអង្កេតមើលដោយខ្លួនឯង ហើយជាទូទៅមេល្អមានលក្ខណសម្បត្តិសំខាន់ៗ ៥ នេះ៖
លក្ខណសម្បត្តិ ទី១ របស់មេល្អ គឺភាពដាក់ខ្លួន
មេប្រភេទនេះកម្រណាស់នៅក្នុងស្ថាប័នទាំងរដ្ឋ និងឯកជន ត្បិតអីនៅពេលមានតំណែងកាន់តែធំ មេដឹកនាំខ្លះចាប់ផ្តើមមើលរំលងសមត្ថភាព មិនឲ្យតម្លៃអ្នកដទៃ ឬកូនចៅរបស់ខ្លួន។ ហេតុអ្វីបានជាគុណសម្បត្តិមួយនេះសំខាន់? ការដាក់ខ្លួនរបស់មេដឹកនាំល្អ បង្ហាញភាពជាគុណធម៌ដ៏គំរូមួយដល់អ្នកថា នៅពេលក្លាយជាអ្នកដឹកនាំគេ អ្នកត្រូវឲ្យតម្លៃលើមនុស្សជុំវិញខ្លួនដូចជា ការឲ្យតម្លៃលើទស្សនៈ គំនិតយោបល់ និងលើកតម្កើងអ្នកមានសមត្ថភាព។ មិនតែប៉ុណ្ណោះ ភាពដាក់ខ្លួននេះបានបង្រៀនពួកគេថា ត្រូវក្លាហានក្នុងការទទួលស្គាល់កំហុស និងរៀនពីកំហុស ព្រមទាំងដឹងពីព្រំដែននៃចំណេះដឹងរបស់ខ្លួនស្ថិតនៅក្នុងកម្រិតណា។
លក្ខណសម្បត្តិទី២ របស់មេល្អ គឺភាពឈឺឆ្អាល និងយកចិត្តទុកដាក់ដល់បុគ្គលិក
នៅពេលអ្នកបំពេញការងារ លទ្ធផលការងារគឺជារឿងមួយទៅហើយ។ មេល្អមិនត្រូវការភាពអស្ចារ្យអ្វីពីអ្នកទេ ហើយក៏មិនអាចបិទភ្នែកនៅសំងំសុខម្នាក់ឯងបានដែរ។ ហេតុដូច្នេះហើយ តើមេល្អអាចមើលរំលងសុខទុក្ខបុគ្គលិករបស់ខ្លួនម្តេចនឹងកើតទៅ? នៅពេលអ្នកមានបញ្ហាផ្ទាល់ខ្លួន ចង់ផ្លាស់ប្ដូរការងារ មានសម្ពាធការងារ ឬបញ្ហាជាច្រើនទៀត អ្នកនឹងទទួលបានអន្តរាគមន៍លើបញ្ហាទាំងនេះ។ អ្នកនឹងសង្កេតឃើញថា មេល្អរបស់អ្នកនឹងបើកភ្លើងខៀវដល់អ្នក ធ្វើការសម្រេចចិត្ត លើកទឹកចិត្ត និងផ្តល់គុណតម្លៃផ្សេងៗប្រកបដោយកិត្តិយសសមនឹងសមត្ថភាពរបស់អ្នក។ មេល្អរបស់អ្នកនឹងឈរអបអរនូវសមិទ្ធផលរបស់អ្នកប្រកបដោយភាពរីករាយ និងបង្ហាញទំនុកចិត្ត ព្រមទាំងភាពកក់ក្តៅដល់បុគ្គលិកក្រោមបង្គាប់ទាំងអស់។
លក្ខណសម្បត្តិទី៣ របស់មេល្អ គឺភាពសុចរិតទៀងត្រង់
នៅពេលដែលអ្នកជ្រើសរើសមេដឹកនាំដែលមានភាពសុចរិតទៀងត្រង់ ឬសីលធម៌ល្អ តើអ្នកមិនឆ្ងល់ខ្លួនឯងទេ ថាហេតុអ្វីបានជាអ្នកមិនបារម្ភពីជម្រៅចិត្តមេរបស់អ្នក? ហេតុអ្វីបានជាអ្នកសប្បាយចិត្តនៅពេលធ្វើការជាមួយមេប្រភេទនេះ? ដោយសារតែមេល្អរបស់អ្នកជាស្មោះត្រង់ដោយចំហដល់មនុស្សគ្រប់គ្នា អ្នកនឹងមិនចាំបាច់បារម្ភថា មេរបស់អ្នកមានអ្វីជាអាថ៌កំបាំងសម្រាប់អ្នកនោះឡើយ។ អ្នកមិនចាំបាច់សង្ស័យ ហើយក៏មិនបាត់បង់ទំនុកចិត្តទៅលើមេរបស់អ្នកនោះដែរ។
លក្ខណសម្បត្តិទី៤ របស់មេល្អ គឺធ្វើឲ្យបុគ្គលិកគ្រប់រូបមានអារម្មណ៍ថា ពួកគេជាដៃគូរកស៊ីជាមួយគ្នា
នៅពេលដែលអ្នកវិនិយោគទៅលើការទំនាក់ទំនងដ៏ជិតស្និទ្ធមួយ និងកសាងទំនុកចិត្តឡើង មេល្អរបស់អ្នកនឹងធ្វើឲ្យសមាជិកក្រុមការងារទាំងអស់មានអារម្មណ៍ថា ពួកគេកំពុងវិនិយោគក្នុងអាជីវកម្មមួយទាំងអស់គ្នាដូច្នេះដែរ។ មេប្រភេទនេះ ផ្តល់ឲ្យអ្នកនូវអារម្មណ៍ថា អ្នកជាផ្នែកមួយនៃម្ចាស់ក្រុមហ៊ុននោះ និងចូលរួមបំពេញការងាររបស់អ្នកដូចជាអ្នកកំពុងធ្វើជំនួញមួយដែរ។
លក្ខណសម្បត្តិទី៤ របស់មេល្អ គឺផ្តល់រង្វាន់ និងទទួលស្គាល់សមត្ថភាពរបស់បុគ្គលិក
នេះជារឿងមួយសំខាន់ ព្រោះថាមេល្អមិនដែលកេងប្រវ័ញ្ច ឬយកមុខយកមាត់តែម្នាក់ឯងពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកក្រោមបង្គាប់នោះឡើយ។ មនុស្សប្រភេទនេះយល់ថា ភាពជោគជ័យដែលទទួលបានគឺជាការខិតខំប្រឹងប្រែងសម្រាប់ក្រុមការងារទាំងមូល ហើយវាក៏មិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ដែរ។ ក៏ប៉ុន្តែមេល្អក៏មិនស្ទាក់ស្ទើរនោះដែរក្នុងការបង្ហាញនូវការគោរពកោតសរសើរត្រង់ៗដល់អ្នកដែលប្រឹងប្រែងបញ្ចេញសមត្ថភាពល្អប្រសើរជាងគេ។ ជាការតបស្នង មេល្អត្រូវតែផ្តល់រង្វាន់លើកទឹកចិត្ត និងជំរុញឲ្យពួកគេខិតខំប្រឹងប្រែងបន្តទៀតដើម្បីផ្តល់ភាពជាគំរូដើម្បីត្រៀមខ្លួនធ្វើជាអ្នកបន្តវេននៅពេលខាងមុខ។
បើមេរបស់អ្នកជាមនុស្សមានគុណសម្បត្តិល្អបែបនេះ តើអ្នកពិតជាដាច់ចិត្តមិនសោកស្តាយទេឬ?
ប្រភព៖ Inc