សញ្ញាណទាំង ៦បង្ហាញថាអ្នកមានភាពជាសហគ្រិនក្នុងខ្លួន
តើអ្នកដែលធ្លាប់ស្តាប់រឿងសត្វឥន្រ្ទីទេ? អ្នកអាចជាឥន្រ្ទីដែលកំពុងរស់ក្នុងហ្វូងសត្វទា អ្នកអាចមានសក្តានុពលគ្រប់គ្រាន់ក្នុងការក្លាយខ្លួនជាសហគ្រិនដ៏មានឥទ្ឋិពលមួយរូប។ តែអ្នកមិនដឹងថាខ្លួនឯងជានរណា។ ខាងក្រោមនេះជាសញ្ញាណទាំង៦ ដែលបង្ហាញថាអ្នកគឺជា សហគ្រិន៖
- មានគំនិតថ្មីៗ
បើអ្នកចូលចិត្តរិះរកគំនិត ឬ ដំណោះស្រាយថ្មីៗទាក់ទងនឹងបញ្ហានៅជុំវិញខ្លួន។ វាជាសញ្ញាណមួយ ដែលបង្ហាញថាអ្នកគឺជាសហគ្រិន។ មនុស្ស បញ្ហា និងទីផ្សារ តែងតែផ្លាស់ប្តូរជានិច្ច។ ដូចនេះ សហគ្រិននឹងប្រើលក្ខណៈសម្បត្តិរបស់ខ្លួនខាងលើ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរទាំងនេះ។ - ចូលចិត្តការផ្លាស់ប្តូរ
តើអ្នកតែងតែមានអារម្មណ៍ធុញទ្រាន់ចំពោះទម្លាប់ចាស់គម្រិលមែនទេ? បើអ្នកអាចផ្លាស់ប្តូរទម្លាប់ចាស់គម្រិលបាន អ្នកមិនត្រឹមតែជាសហគ្រិននោះទេ តែគឺជាសហគ្រិនដ៏ អស្ចារ្យម្នាក់ថែមទៀតផង។ សហគ្រិនអស្ចារ្យគឺជាមនុស្សដែលតែងតែមានគំនិតថ្មីៗដែលអាចនាំទៅរកការផ្លាស់ប្តូរគួរឲ្យកត់សំគាល់ណាមួយ។ - អ្នកចូលចិត្តនៅម្នាក់ឯង
ប្រាកដណាស់ថាសហគ្រិនត្រូវតែមានទំនាក់ទំនងជាមួយនឹងអ្នកដទៃ ដើម្បីលក់ផលិតផល ឬ សេវាកម្មរបស់ពួកគេ ក៏ដូចជាជំរុញលើកទឹកចិត្តដល់ក្រុមការងាររបស់គេផងដែរ។ ប៉ុន្តែសហគ្រិន ក៏ជាមនុស្សដែលចូលចិត្តចំណាយពេលនៅម្នាក់ឯងដែរ ដើម្បីត្រិះរិះពិចារណា។ ការនៅម្នាក់ឯងធ្វើឲ្យគេអាចស្វេងរកគំនិតថ្មី យុទ្ធសាស្ត្រថ្មី និងសកម្មភាពថ្មីសម្រាប់ក្រុមការងារខ្លួន។ - មានការផ្ចង់អារម្មណ៍
មនុស្សទូទៅមួយចំនួនមានគំនិតអស្ចារ្យ ប៉ុន្តែពួកគេមានបញ្ហាក្នុងការផ្តោតអារម្មណ៍។ បុគ្គលិកលក្ខណៈជាសហគ្រិនគឺជាមនុស្សដែលស្ថិតក្នុង ស្ថានការណ៍ដែលមានសម្ពាធខ្លាំង ប៉ុន្តែបែជាមានការផ្ចង់អារម្មណ៍ដ៏អស្ចារ្យទៅវិញ។ ការផ្ចង់អារម្មណ៍ធ្វើឲ្យអ្នកអាចសម្រេចការងារបានយ៉ាងមានប្រសិទ្ធភាពនិងប្រសិទ្ធផល។ - ដឹងថាពេលណាត្រូវធ្វើការ ពេលណាត្រូវសម្រាក
មានទស្សនមួយលើកឡើងថា៖ «ធ្វើការដើម្បីមានជីវិតរស់នៅ ប៉ុន្តែកុំរស់នៅដើម្បីតែធ្វើការ»។ ប្រាកដណាស់ថា សហគ្រិនគឺជាមនុស្សដែលញៀននឹងការងារ ប៉ុន្តែសហគ្រិនដែលឆ្លាត ភាគច្រើនគឺ គេដឹងថាពេលណាត្រូវសម្រុកវាយលុក ពេលណាត្រូវសម្រាក ពេលណាត្រូវដកថយ។ សហគ្រិនពេលខ្លះគេផ្តាច់ខ្លួនមួយ សំងំហាត់វិជ្ជាគុណថ្មីមួយរយៈ រួចសឹមបន្តដំណើរបន្តទៀត។ - មិនខ្លាចការបរាជ័យ
អារម្មណ៍មិនភ័យខ្លាចចំពោះការបរាជ័យ ធ្វើឲ្យអ្នកហ៊ានប្រថុយ ហ៊ានទទួលយកហានិភ័យ ហ៊ានធ្វើអ្វីដែលអ្នកដទៃមិនធ្លាប់ធ្វើ ដែលវាជំរុញឲ្យអ្នកវិវឌ្ឍខ្លួនទៅជាសហគ្រិនម្នាក់។ ការមិនខ្លាចបរាជ័យសំខាន់ខ្លាំងណាស់ដែលធ្វើឲ្យអាជីវកម្មមួយអាចពុះពារទៅមុខបាន៕
ដោយ៖ ជា ឧត្តម្ភ