ចំណុចសំខាន់ៗចំនួន ៧ ដែលអ្នកត្រូវពិចារណាមុនពេលបង្កើតដៃគូជំនួញ​



ការនាំយកដៃគូជំនួញថ្មីចូលទៅក្នុងមុខជំនួញរបស់អ្នក អាចមានឥទ្ធិពលវិជ្ជមានទៅលើស្ថាប័នរបស់អ្នកជាពិសេស គឺអាចជួយពង្រីកផលិតផល និងសេវាកម្មរបស់កាន់តែទទួលបានបទពិសោធខ្លាំងឡើងជាងនៅលើទីផ្សារជំនួញ។ ក៏ប៉ុន្តែគន្លឹះក្នុងការស្វែងរកដៃគូជំនួញដ៏ជោគជ័យមួយ គឺអ្នកត្រូវប្រាកដថា អ្នក និងដៃគូរបស់អ្នកស័ក្តិសមនឹងអ្នក មានចក្ខុវិស័យ និងគោលដៅដូចអ្នក បើមិនដូច្នេះទេ អ្នកនឹងប្រថុយជួបគ្រោះថ្នាក់ច្រើនជាងលាភសំណាង។ 

នៅខាងក្រោមនេះ Bizkhmer សូមលើកយកចំណុចសំខាន់ៗចំនួន ៧ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សហគ្រិនទាំងអស់យកទៅពិចារណាមុនពេលជ្រើសរើសនរណាម្នាក់មកធ្វើជាដៃគូជំនួញ៖ 

  1. ផលចំណេញទៅវិញទៅមក
    ស្ថាបនិកក្រុមហ៊ុនប្រឹក្សា APT លោក Andrew Thomas បានមានប្រសាសន៍ថា នៅពេលដៃគូចំនួញចាប់ដៃគ្នា រកស៊ី ពួកគេត្រូវច្បាស់ណាស់ថា ភាគីទាំងសងខាងនឹងទទួលបានអ្វីខ្លះពីការចាប់ដៃរកស៊ីជាមួយគ្នា។ ការទទួលបានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកដោយតម្លាភាព នឹងជំរុញឲ្យភាគីទាំងសងខាងខិតខំប្រឹងប្រែងដើម្បីភាពជោគជ័យក្នុងនាមជាដៃគូជំនួញរបស់ពួកគេ។

    លោកបានបន្តថា ខណៈដែលដៃគូណាមួយបង្ហាញពីផលប្រយោជន៍ដែលភាគីនីមួយៗទទួលបាននៅពេលចាប់ដៃគូជំនួញ វាជារឿងសំខាន់ណាស់ដែលថា ផលប្រយោជន៍នោះនឹងស្ថិតស្ថេរ និង ធ្វើឲ្យដៃគូម្នាក់ៗចង់វិនិយោគបន្ថែមទៀត។ ដូច្នេះហើយប្រាក់ចំណូលប្រកបដោយនិរន្តរភាពគឺជារឿងសំខាន់នៅទីនេះ ហើយជាមូលហេតុសំខាន់នៅពីក្រោយនៃការចាប់ដៃគូជំនួញទាំងអស់។
  2. កេរ្តិ៍ឈ្មោះ
    លោក Nicole Munoz ដែលជាស្ថាបនិកក្រុមហ៊ុន Nicole Munoz Consulting បានលើកឡើងថា កត្តាសំខាន់នៃភាពជាដៃគូជំនួញ គឺកេរ្តិ៍ឈ្មោះដែលភាគីនីមួយៗមាន និងសមត្ថភាពរបស់ពួកគេក្នុងការរក្សាឲ្យបាននូវកេរ្តិ៍ឈ្មោះឲ្យបានល្អក្នុងអាជីវកម្មសម្រាប់អនាគតដែលអាចមើលឃើញ។ លោកបន្តថា បន្ទាប់មកអ្វីៗគ្រប់យ៉ាងនៃអាជីវកម្មដែលល្អមួយ គឺអាស្រ័យនៅលើកេរ្តិ៍ឈ្មោះល្អនេះឯង។

    លោក Munoz បានពន្យល់ដូច្នេះថា៖ “"វាពិតជារឿងសំខាន់ណាស់ដែលអ្ននកត្រូវប្រាកដថា យើងទាំងពីរតែងតែ គាំទ្រ និងប្តេជ្ញាចិត្តថែរក្សាកេរ្តិ៍ឈ្មោះរបស់យើងឲ្យបានល្អ។ ទោះបីជាដៃគូម្នាក់ចាកចេញក៏ដោយ ក៏កេរ្តិ៍ឈ្មោះល្អនៅតែអាចឆ្លុះបញ្ចាំងជាវិជ្ជមានទៅលើទិដ្ឋភាពទាំងមូលនៃអាជីវកម្មរបស់យើងបានយូរអង្វែងទៅមុខទៀតដែរ”។  
  3. ទំហំរបស់ភាគីនីមួយៗ
    បើយោងតាមទស្សនៈរបស់លោក Karl Kangur ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Above House បាននិយាយដូច្នេះថា៖ “កំហុសមួយដែលសហគ្រិនភាគច្រើនបានធ្វើ គឺការចាប់ដៃគូជំនួញជាមួយនរណាដែលមានជាងខ្លួនឆ្ងាយពេក”។

    លោកថា ខណៈដែលពេលដំបូងវាជារឿងងាយស្រួល  ដៃគូដែលមានជាងអ្នកទំនងជាដើរខ្សែលើទាញផលប្រយោជន៍ និងកាត់បន្ថយការខាតបង់របស់ពួកគេនៅពេលដែលអ្វីៗមិនដំណើរការដូចការរំពឹងទុក និងពេលភាពជាដៃគូជំនួញបរាជ័យ ហើយបន្សល់ទុកឲ្យភាគីម្ខាងទៀតដែលទន់ខ្សោយត្រូវរ៉ាប់រងយ៉ាងត្រដាបត្រដួស។
  4. ភាពជឿជាក់ និងចំណុចខ្លាំង
    ការស្រាវជ្រាវស្វែងយល់ពីភាពជឿជាក់ ចំណុចខ្លាំង និងចំណុចខ្សោយរបស់អនាគតភាគីរបស់អ្នក គឺជាកូនសោសម្រាប់ភាពជោគជ័យក្នុងនាមជាដៃគូជំនួញ នេះបើយោងតាមការលើកឡើងរបស់លោក Fritz Colcol នាយកប្រតិបត្តិក្រុមហ៊ុន ABN Circle។

    “ខ្ញុំស្គាល់ច្បាស់ណាស់ពីចំណុចខ្លាំង និងចំណុចខ្សោយដៃគូជំនួញរបស់ខ្ញុំ។ ខ្ញុំស្រាវជ្រាវរកមើលពីអ្វីដែលគាត់បានធ្វើនៅក្រុមហ៊ុនមុនៗ។ បើមិនធ្វើអញ្ចឹងទេ ភាពជាដៃគូជំនួញដ៏មានសក្តានុពលរបស់អ្នកអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ក្រុមហ៊ុនរបស់អ្នក”។ លោក Fritz Colcol បញ្ជាក់។ 
  5. បុគ្គលិកលក្ខណៈ
    ក្នុងទំនាក់ទំនងណាក៏ដោយ បុគ្គលិកលក្ខណៈគឺមានសារៈសំខាន់ណាស់សម្រាប់កសាងភាពជាដៃគូជំនួញដ៏ជោគជ័យមួយ។ បុគ្គលិកលក្ខណៈល្អ អាចធានាបាននូវការសហការគ្នាប្រកបដោយផ្លែផ្កា និងយូរអង្វែងដោយផ្អែកលើការទំនាក់ទំនងល្អ និងគោរពគ្នាទៅវិញទៅមក។ នេះបើយោងតាមការលើកឡើងរបស់លោក Kristin Kimberly Marquet ស្ថាបនិកក្រុមហ៊ុន  Marquet Media។

    “នៅពេលចាប់ដៃគូរកស៊ី វាសំខាន់ណាស់ដែលដៃគូជំនួញមានអត្តចរិតដូចគ្នា។ នៅពេលមនុស្សពីរនាក់មានអត្តចរិតខុសគ្នា វាអាចនាំឲ្យចោទជាបញ្ហាធំដូចជា អំណាចរបស់ភាគីលើភាគីម្ខាងទៀត និងបង្កើតបរិយាកាសការងារមិនល្អដល់បុគ្គលិក"។ លោក Marquet ព្រមាន។ 
  6. កម្រិតនៃការស្គាល់គ្នារបស់ភាគីទាំងពីរ
    ទាក់ទងនឹងចំណុចនេះវិញ បើផ្អែកតាមការលើកឡើងរបស់សហស្ថាបនិកក្រុមហ៊ុន WPBeginner លោក Syed Balkhi បាននិយាយដូច្នេះថា៖ “ ខ្ញុំចូលចិត្តធ្វើជំនួញជាមួយនរណាដែលខ្ញុំស្គាល់ច្បាស់ជាងគេ។ នេះជួយឲ្យខ្ញុំយល់ថា តើតម្លៃរបស់យើងទាំងពីរមានភាពស៊ីសង្វាក់គ្នាដែរឬអត់ ហើយតើយើងអាចធ្វើការជាមួយគ្នាបានល្អកម្រិតណា?”។

    លោកបានបញ្ជាក់ទៀតថា ការស្គាល់មនុស្សគឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់នៅពេលចាប់ដៃគូរកស៊ី ពីព្រោះវាធានានូវចក្ខុវិស័យរួមគ្នាដើម្បីកសាងក្រុមហ៊ុនឲ្យបានយូរអង្វែងនៅពេលអនាគត និងធ្វើឲ្យមានភាពងាយស្រួលក្នុងការចុះសម្រុងគ្នានៅពេលមានការសម្រេចចិត្តក្នុងគ្រាលំបាក។ 
  7. គោលដៅរយៈពេលវែង
    ទិដ្ឋភាពសំខាន់បំផុតមួយដែលត្រូវពិចារណាមុនពេលចាប់ដៃគូជំនួញ គឺថាតើអ្នកបានចែករំលែកនូវគោលដៅរយៈពេលវែងមួយដូចគ្នាហើយឬនៅ។ បើយោងតាមការលើកឡើងរបស់លោក Matthew Podolsky ស្ថាបនិកក្រុមហ៊ុនច្បាប់ Florida Law Advisers, P.A បានឲ្យដឹងថា ទោះបីជាភាគីទាំងសងខាងអាចចាប់ដៃគ្នាកសាងមុខជំនួញជាមួយនឹងតម្រូវការ និងបំណងប្រាថ្នាដូចគ្នាក៏ដោយ ក៏គោលដៅរយៈពេលវែង គឺជាអ្វីដែលសហគ្រិនគ្រប់រូបមិនត្រូវមើលរំលង។

    លោក Podolsky បានណែនាំដូច្នេះថា៖ “កាលពីមុនខ្ញុំបានសហការជាមួយដៃគូជំនួញដ៏អស្ចារ្យម្នាក់ ប៉ុន្តែក្រោយមកពួកយើងបានចែកផ្លូវគ្នាពីព្រោះយើងអត់មានគោលដៅរយៈពេលវែងនៅលើផ្លូវតែមួយទេ។ អ្នកត្រូវច្បាស់លាស់លើចំណុចនេះ និងផ្លូវដែលអ្នកចង់ដើររួមគ្នាទៅថ្ងៃអនាគត”៕

អត្ថបទដែលទាក់ទង៖

ប្រភព៖ Inc 

 

X
5s