៣ ចំណុចបញ្ជាក់ថា គន្លឹះជោគជ័យលើអាជីវកម្ម ល្គឹកណាអ្នកជោគជ័យលើការគ្រប់គ្រប់សាច់ប្រាក់
សាច់ប្រាក់ឬលុយគឺជាតម្រូវការចាំបាច់បំផុតសម្រាប់មនុស្សម្នាក់ លុយមិនសំខាន់តែសំខាន់បើគ្មានលុយធ្វើអ្វីក៏មិនចេញដែរ។ ភាពជោគជ័យកាន់តែខ្លាំងគឺអាចធ្វើឱ្យប្រាក់បង្កើតប្រាក់ហើយដោះស្រាយបញ្ហាទាក់ទងទៅនឹងលុយកាក់បាន ចេះគ្រប់គ្រងលុយកាក់ សាច់ប្រាក់ មានន័យថាអ្នកចេះធ្វើជាម្ចាស់លើលុយ ក៏ប៉ុន្តែលុយនឹងធ្វើជាម្ចាស់លើអ្នកប្រសិនបើអ្នកមិនអាចគ្រប់គ្រងវាបានល្អនោះទេ។
ភាពជោគជ័យនៃការគ្រប់គ្រងសាច់ប្រាក់នាំអ្នកទៅកាន់ភាពជោគជ័យផ្សេងៗ ជាពិសេសសម្រាប់អ្នកដែលចង់បើកដំណើរការអាជីវកម្ម។ ខាងក្រោមនេះជាហេតុផលសំខាន់ៗ ៣ ចំណុចបង្ហាញថាអ្នកនឹងទទួលបានជោគជ័យលើការគ្រប់គ្រងអាជីវកម្ម ដរាបណាអ្នកអាចគ្រប់គ្រងសាច់ប្រាក់បាន៖
១) លុយគឺជាស្ដេច Cash is a King
ក្នុងន័យនេះគេអាចនិយាយបានថា មានលុយគឺមានអ្វីគ្រប់យ៉ាង ក្នុងជីវភាពរស់នៅសព្វថ្ងៃមិនអាចគ្មានលុយបាននោះទេ។ បើចំពោះអ្នកដែលចង់មានអាជីវកម្មផ្ទាល់ខ្លួនទៀត ដាច់ខាតត្រូវតែប្រើប្រាស់ដើមទុនសំខាន់មួយ នោះគឺលុយ។ តាមរយៈការលើកឡើងខាងលើ អ្នកនឹងក្លាយទៅជាម្ចាស់លើអ្វីគ្រប់យ៉ាងបើអ្នកអាចធ្វើជាម្ចាស់លើលុយ អ្នកអាចគ្រប់គ្រងចំណូលចំណាយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយក៏អាចគ្រប់គ្រងចំណូលចំណាយដែលអ្នកត្រូវការចាំបាច់សម្រាប់អាជីវកម្ម។ នៅពេលដែលសហគ្រិនអាចធ្វើការគ្រប់គ្រងទៅលើលំហូរសាច់ប្រាក់ (Cash Flow) ក្នុងមុខរបរអាជីវកម្មរបស់ខ្លួន អាជីវកម្មមួយនោះមានលទ្ធភាពក្នុងការធ្វើដំណើរការទៅមុខយ៉ាងមានរបៀបរៀបរយ ហើយអាជីវកម្មមួយនោះក៏ពើបប្រទះទៅនឹងស្ថានភាពនៃការដំណើរការទៅមុខជាប្រចាំ។ ចំណូលពីអាជីវកម្មអាចទទួលបាននៅក្នុងរង្វង់នៃការព្យាករណ៍ទុក ចំណែកឯបំណុលស្ថិតនៅក្នុងកម្រិតដែលអាចគ្រប់គ្រងបានដូចគ្នា។
ចុចអាន៖ ដំបូន្មានខ្លីៗ ២០ ចំណុចផ្ញើជូនសហគ្រិនក្មេងៗសម្រាប់ពិចារណាមុនចេញរកស៊ី
សហគ្រិនដែលជោគជ័យធ្វើការគ្រប់គ្រងលើសាច់ប្រាក់នេះ ដោយយកប្រាក់ដើម្បីបង្កើតប្រាក់មានន័យថា គេអាចយកប្រាក់ដែលទទួលបានពីផលចំណេញអាជីវកម្មមួយ ទៅពង្រីកបន្ថែមនូវអាជីវកម្មនោះ ឬអាចយកទៅវិនិយោគបន្តទៅលើអាជីវកម្មមួយឬពីរផ្សេងទៀត ជាហេតុដែលរបស់គេកាន់តែរីកដុះដាលទៅៗ។
២) បន្តពង្រឹងការគ្រប់គ្រងសាច់ប្រាក់
ទោះជាទទួលបានជោគជ័យក្នុងកម្រិតណាក៏ដោយ ប៉ុន្តែបុគ្គលជោគជ័យមិនដែលធ្វេសប្រហែសលើការគ្រប់គ្រងសាច់ប្រាក់របស់ខ្លួនឡើយ។ ការបន្តគ្រប់គ្រងសាច់ប្រាក់មានន័យថា គេតែងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ទៅលើចំណូលនិងចំណាយ លំហូរសាច់ប្រាក់ក្នុងការតភ្ជាប់ប្រតិបត្តិការ ឬសកម្មភាពនានាក្នុងដំណើរការអាជីវកម្ម ឬការវិនិយោគរបស់គេ។ ក្នុងនាមជាសហគ្រិនគេមិនអាចប្រើប្រាស់សាច់ប្រាក់ឲ្យមានសកម្មភាពតែមួយច្រកនោះទេ ក្នុងពេលដែលគេកាន់តែជោគជ័យលើអាជីវកម្មមួយ គេនឹងបំបែកសាច់ប្រាក់ទៅលើការវិនិយោគផ្សេងទៀត ពិសេសគឺការបង្កើតចំណូលអកម្មតាមរយៈការវិនិយោគលើមូលបត្រ ប័ណ្ណបំណុល មូលនិធិសោធននិវត្តន៍ រាត្រីវិនិយោគរួមណាមួយ។ ការដែលគេធ្វើបែបនេះមានហេតុផលច្រើន គឺដោយសារចង់បានផលចំណេញពីការវិនិយោគផង ម្យ៉ាងទៀតសហគ្រិនជោគជ័យបានចូលរួមជួយសេដ្ឋកិច្ចតាមរយៈការដាក់លុយរបស់ពួកគេទៅក្នុងចរន្តសេដ្ឋកិច្ច ដើម្បីឲ្យសេដ្ឋកិច្ចមានដំណើរការ។
ចុចអាន៖ តើអាយុប៉ុន្មានល្អបំផុត ដើម្បីចាប់ផ្ដើមចេញរកស៊ី?
៣) ធ្វើឲ្យមានតុល្យភាពរវាងសាច់ប្រាក់នៅក្នុងដៃ (Cash on Hand) និងសាច់ប្រាក់បំរុងទុក (Reserve Cash)
សហគ្រិនជោគជ័យមួយរូប ឬក្នុងនាមជាបុគ្គលជោគជ័យមួយរូបគឺពួកគេមានសមត្ថភាពក្នុងការគ្រប់គ្រងសាច់ប្រាក់ឲ្យមានតុល្យភាពរវាងសាច់ប្រាក់ដែលមាននៅក្នុងដៃ (សន្ទនីយភាពសាច់ប្រាក់សម្រាប់បង្វិលបន្ទាន់ប្រចាំ) និងសាច់ប្រាក់សម្រាប់បម្រុងទុក។ ក្នុងករណីដែលសហគ្រិនមិនអាចគ្រប់គ្រងសាច់ប្រាក់នៅក្នុងដៃ និងសាច់ប្រាក់បំរុងទុកឲ្យមានតុល្យភាពនោះទេ គេអាចនឹងប្រឈមជាមួយហានិភ័យដែលកើតចំពោះមុខ។ ក្នុងន័យនេះសំដៅលើ៖
ក) សាច់ប្រាក់នៅក្នុងដៃ៖ កាលណាអាជីវកម្មមួយធ្វើការទុកសាច់ប្រាក់នៅក្នុងដៃច្រើន វាអាចនឹងល្អក្នុងការត្រូវបង្វិលភ្លាមភ្លាម។ តែក្នុងករណីបើអាជីវកម្មមួយទុកសាច់ប្រាក់នៅក្នុងដៃច្រើនពេក អាជីវកម្មនោះអាចនិងខ្វះខាតដើមទុនបំរុងនៅពេលដែលមានតម្រូវការច្រើន (ធំដុះ) នៅពេលណាមួយ។
ចុចអាន៖ គន្លឹះជោគជ័យ ១១ ចំណុចសម្រាប់សហគ្រិនថ្មីថ្មោង ត្រូវប្រតិបត្តិ
ខ) សាច់ប្រាក់បំរុងទុក៖ អាជីវកម្មដែលមានលុយបម្រុងទុកច្រើន វាក៏ជាផលល្អមួយដែរ ដែលបង្ហាញថាគេមានឱកាសច្រើនក្នុងការពង្រីកអាជីវកម្ម ឬដើម្បីវិនិយោគ។ ប៉ុន្តែបើសាច់ប្រាក់បម្រុងមិនបានដកចេញមកខាងក្រៅឲ្យមានតុល្យភាពនោះទេ សន្ទនីយភាពនៃការចំណូលចំណាយសម្រាប់ប្រតិបត្តិការអាចមានផលប៉ះពាល់មួយចំនួន៕
ចុចអាន៖ ហេតុអ្វីម្ចាស់អាជីវកម្មត្រូវគិតគូរពីការកៀរគរទុន(Raise Fund) ជាជាងប្រាក់ចំណេញ?
ដោយ៖ យ៉ាយ៉ា