ដំបូន្មាន​ខ្លីៗ ២០ ចំណុច​ផ្ញើ​ជូន​សហគ្រិន​ក្មេងៗ​សម្រាប់​ពិចារណា​មុន​ចេញ​រកស៊ី​



ការ​ទទួល​បាន​ភាព​ជោគជ័យ​ ជា​រឿយៗ​មានន័យថា គឺ​ជា​ការ​រៀនសូត្រ​ពី​អ្នក​ដែល​​បាន​សម្រេច​គោលដៅ​​រួចហើយ។ ការ​មាន​នរណា​ម្នាក់​សម្រាប់​នាំ​ផ្លូវ គឺ​ជា​រង្វាន់​ដ៏​អស្ចារ្យ​ដល់​សហគ្រិន​ម្នាក់ៗ ប៉ុន្តែ​មិនមែន​គ្រប់​សហគ្រិន​ទាំងអស់​សុទ្ធតែ​អាច​រក​បាន​អ្នក​នាំ​ផ្លូវ​​ផ្ទាល់​ខ្លួន​​ទាំងអស់​នោះ​ទេ។ 

ប្រសិន​បើ​អ្នក​មិន​ទាន់​រក​ឃើញ​ ​អ្នក​នាំ​ផ្លូវ​ណា​ម្នាក់​នៅ​ឡើយ​ទេ ​វិធី ២០ ចំណុច​ខាងក្រោម​នេះ នឹង​អាច​ជួយ​អ្នក​បាន​ជា​ពិសេស​សម្រាប់​​សហគ្រិន​ក្មេងៗ​ យក​ទៅ​ពិចារណា​មុន​ពេល​ចេញ​រកស៊ី។ 

១.​ប្រណាំងប្រជែង​នឹង​ខ្លួនឯង
មហាសេដ្ឋី​​អង់គ្លេស​​លោក Richard Branson បាន​​មាន​ប្រសាសន៍​ថា  ការ​លើកទឹកចិត្ត​ដ៏​​អស្ចារ្យ​បំផុត​របស់​លោក​គឺ​ត្រូវ​បន្ត​ប្រណាំងប្រជែង​​នឹង​​ខ្លួនឯង​។  លោក​បាន​ចាត់​ទុក​ជីវិត​​ប្រៀប​ដូច​ជា​​ការ​អប់រំ​នៅ​សាកលវិទ្យាល័យ​​មួយ​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ​​​ហើយ​លោក​រៀន​សូត្រ​រាល់​ថ្ងៃ​​។ អ្នក​ក៏​អាច​ធ្វើ​បាន​​ដូច​លោក​ដែរ។

២.យកចិត្ត​ទុកដាក់​លើ​ការងារ​ដែល​អ្នក​ធ្វើ
គ្មាន​ការ​សង្ស័យ​ឡើយ​ដែល​ថា ការ​បើក​អាជីវកម្ម​ត្រូវ​ចំណាយ​ពេល​យូរ។  កាល​នៅ​មាន​ជីវិត លោក Steve Jobs បាន កត់សម្គាល់​​ឃើញ​ថា វិធី​តែ​មួយ​គត់​ដើម្បី​​ឲ្យ​អ្នក​ពេញចិត្ត​ក្នុង​ជីវិត​​របស់​អ្នក គឺ​ធ្វើ​ការងារ​ដែល​អ្នក​ជឿជាក់​ថា អ្នក​អាច​ធ្វើ​បាន។ 

៣.ហ៊ាន​ប្រថុយ​​
អ្នក​គ្មាន​ថ្ងៃ​ដឹង ​លទ្ធផល​នៃ​ការ​ខិតខំ​របស់​អ្នក​ទៅ​ជា​យ៉ាងណា​នោះ​ទេ​ដរាបណា​អ្នក​មិន​បាន​ធ្វើ​វា​។ មហាសេដ្ឋី​អាមេរិក Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon បាន​ ​និយាយ​ថា បរាជ័យ​គ្មាន​អ្វី​ដែល​គួរឲ្យ​ស្ដាយ​នោះ​ទេ។ អ្វី​ដែល​គួរ​ឲ្យ​ស្តាយ​គឺ​ការ​មិន​​បាន​ព្យាយាម​ធ្វើ​អ្វី​សោះ។

៤.ជឿ​ជាក់​លើ​ខ្លួនឯង 
ដូច​ដំបូន្មាន​ដ៏​ល្បី​មួយ​ឃ្លា​របស់​លោក Henry Ford  បាន​លើកឡើង​ថា   ទោះបី​ជា​អ្នក​គិត​ថា អ្នក​អាច​ធ្វើ​បាន  ឬ​​ធ្វើ​មិន​បាន អ្នក​នៅ​តែ​ត្រូវ​ទាំងអស់។ អ្នក​ត្រូវ​ជឿជាក់​ថា អ្នក​​នឹង​អាច​ទទួល​បាន​ជោគជ័យ​ ហើយ​អ្នក​នឹង​រកឃើញ​វិធី​ឆ្លងកាត់​ឧបសគ្គ​​ទាំង​នោះ​។ បើ​អ្នក​មិន​ចង់​ធ្វើ​ទេ​ អ្នក​នឹង​រក​លេស​ឲ្យ​ខ្លួន​ឯង​។ 

៥.មាន​ទស្សនៈ​វិស័យ​វែងឆ្ងាយ​
ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Tumblr លោក David Karp បាន​យល់​​ឃើញ​ថា  សហគ្រិន​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​អ្វី​មួយ និង​មាន​គោលបំណង​ច្បាស់លាស់​ក្នុង​ការ​បង្កើត​វា​ឡើង​។ ហេតុដូច្នេះ​ហើយ វា​ជា​រឿង​ចាំបាច់​ណាស់​ក្នុង​ការ​រក្សា​ចក្ខុវិស័យ​របស់​អ្នក​ឲ្យ​ច្បាស់​លាស់​គ្រប់​ពេល​វេលា​។ 

៦.ស្វែងរក​មនុស្ស​ល្អៗ​មក​ធ្វើ​ជា​មិត្តភាព​​
អ្នក​រាប់អាន​មនុស្ស​បែប​ណា អ្នក​នឹង​ក្លាយ​ជា​មនុស្ស​បែប​នោះ។  លោក Reid Hoffman សហ​ស្ថាបនិក​នៃ​​ក្រុមហ៊ុន​ LinkedIn បាន​លើកឡើង​ថា  វិធី​លឿន​បំផុត​ដើម្បី​ផ្លាស់ប្ដូរ​ខ្លួនឯង គឺ​ត្រូវ​​បង្កើត​ និង​ពង្រឹង​មិត្តភាព​ជា​មួយ​មនុស្ស​ដែល​អ្នក​​ចង់​ក្លាយ​ជា​មនុស្ស​បែប​នោះ។

៧.ហ៊ាន​ប្រឈមមុខ​នឹង​ភាព​ភ័យខ្លាច​របស់​អ្នក
ការ​យកឈ្នះ​លើ​ភាព​ភ័យខ្លាច​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​ទេ​ ប៉ុន្តែ​អ្នក​ត្រូវតែ​​ធ្វើ​វា​ឲ្យ​បាន​។ លោកស្រី Arianna Huffington  ​ដែល​ជា​ស្ថាបនិក​រួម​​របស់​សារព័ត៌មាន Huffington Post   ដ៏​ល្បីល្បាញ​របស់​​អាមេរិក​បាន​និយាយ​ថា ​ការ​ប្រឈមមុខ​នឹង​ភាព​ភ័យខ្លាច​ ប្រៀប​ដូច​ជា​សាច់ដុំ​ដែរ។ បើ​អ្នក​ហាត់ប្រាណ​កាន់តែ​ច្រើន អ្នក​កាន់តែ​ខ្លាំងក្លា។ 

៨.​អនុវត្ត
នៅ​លើ​ពិភពលោក​​នេះ​ពោរពេញ​ទៅ​ដោយ​គំនិត​ល្អៗ​ច្រើនណាស់​ ប៉ុន្តែ​ភាព​ជោគជ័យ​កើតឡើង​​តាមរយៈ​សកម្មភាព​តែ​ប៉ុណ្ណោះ។ មហាសេដ្ឋី Walt Disney ធ្លាប់​បាន​និយាយ​ថា​ វិធី​ងាយស្រួល​បំផុត​ដើម្បី​ចាប់​ផ្តើម​  គឺ​ឈប់​និយាយ​ ហើយ​ចាប់​ផ្តើម​ធ្វើ​វា​តែម្តង​​ទៅ​។ នេះ​គឺ​ជា​ការពិត​សម្រាប់​​​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​ភាព​ជោគជ័យ។ 

៩.​លះបង់​ពេលវេលា
គ្មាន​នរណា​ម្នាក់​អាច​សម្រេច​បាន​ភាព​ជោគជ័យ​ភ្លាមៗ​ទេ ហើយ​គ្រប់គ្នា​សុទ្ធតែ​ជា​អ្នក​ចាប់ផ្តើម​​ទាំងអស់​។ ដូច​​លោក​ Steve Jobs បាន​​មាន​ប្រសាសន៍​ថា​  ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​ឲ្យ​​បាន​ជាក់លាក់​បន្តិច  ​ ​ចំណាយ​ពេល​មួយ​យប់​ដើម្បី​ទទួល​បាន​ភាព​​ជោគជ័យ​​ វា​មិន​អាច​ទៅ​រួច​នោះ​ឡើយ​ ។ ដូច្នេះ​ហើយ​​សូម​កុំ​ខ្លាច​ក្នុង​ការ​វិនិយោគ​ពេលវេលា​​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក។ 

១០. គ្រប់គ្រង​ថាមពល មិន​មែន​ពេល​វេលា​ទេ
ថាមពល​នឹង​កំណត់​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ជាមួយ​ពេលវេលា​របស់​អ្នក។ ហេតុដូច្នេះ​ហើយ អ្នក​ត្រូវ​មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​​គ្រប់គ្រង​​ថាមពល​របស់​អ្នក។

១១.កសាង​ក្រុម​ការងារ​​ដ៏​អស្ចារ្យ​មួយ
គ្មាន​នរណា​ម្នាក់​អាច​ជោគជ័យ​ក្នុង​អាជីវកម្ម​មួយ​តែ​ម្នាក់ឯង​បាន​ទេ ហើយ​អ្នក​ដែល​ព្យាយាម​​ធ្វើ​បែប​​នេះ នឹង​​បរាជ័យ​ជាង​ការ​បង្កើត​ក្រុម​ការងារ​ដ៏​អស្ចារ្យ​មួយ​។ អ្នក​ត្រូវ​កសាង​ក្រុម​ការងារ​ដ៏​អស្ចារ្យ​ផ្ទាល់ខ្លួន​​ដើម្បី​ជំរុញ​ភាព​ជោគជ័យ​របស់​អ្នក។ 

១២.​ជួល​មនុស្ស​មើល​កិរិយាមារយាទ​ 
នៅ​ពេល​អ្នក​បង្កើត​ក្រុម​ការងារ​របស់​អ្នក សូម​​កុំ​ភ្លេច​ជួល​មនុស្ស​ដែល​មាន​​អត្តចរិត​ល្អ និង​មាន​គុណ​តម្លៃ​។  ជា​ទូទៅ​អ្នក​​អាច​បណ្ដុះបណ្ដាល​នរណា​ម្នាក់​​​ឲ្យ​ចេះ​ជំនាញ​មួយ ប៉ុន្តែ​អ្នក​មិន​អាច​​ធ្វើ​ឲ្យ​នរណា​ម្នាក់​មាន​គុណ​តម្លៃ​ត្រូវ​នឹង​ក្រុមហ៊ុន​របស់​អ្នក​បាន​ទេ។

១៣.មាន​ផែនការ​ប្រមូល​ដើមទុន
អ្នកនិពន្ធ​សៀវភៅ​ និង​ជា​អ្នក​បណ្ដាក់​ទុន​រកស៊ី​ លោក Richard  មាន​ដំបូន្មាន​​មួយ​សម្រាប់​សហគ្រិន​នោះ​គឺ​ថា  វា​​ពិត​ជា​លំបាក​​ខ្លាំង​ណាស់​ក្នុង​ការ​ប្រមូល​ដើមទុន​ឲ្យ​បាន​ច្រើន​ជាង​អ្វី​ដែល​អ្នក​បាន​គិត ហើយ​វា​ត្រូវ​ការ​ពេលវេលា​យូរ​ជាង​នេះ។ ដូច្នេះ អ្នក​ត្រូវ​មាន​ផែនការ​ដើម្បី​ប្រមូល​ដើមទុន​របស់​អ្នក។ 

១៤.​ស្គាល់​ពី​គោលដៅ​របស់​អ្នក​
លោក Ryan Allis សហ​ស្ថាបនិក​​ក្រុមហ៊ុន iContact​​ បាន​​លើកឡើង​​ថា  ការ​កំណត់​គោលដៅ​​​ទុក​ជាមុន ​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រឹងប្រែង​ឆ្ពោះ​ទៅ​កាន់​គោលដៅ​នោះ​​។ ​ដូចនេះ​វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​អ្នក​ត្រូវ​កំណត់​គោលដៅ​ទុក និង​ក្រើន​រំលឹក​ខ្លួនឯង​ពី​គោលដៅ​​នោះ​ជា​ប្រចាំ។

១៥.រៀន​ពី​កំហុស​របស់​អ្នក​
សហគ្រិន​ជា​ច្រើន​ទទួលស្គាល់​ថា កំហុស​គឺ​ជា​គ្រូ​ដ៏​ល្អ​បំផុត​របស់​ពួកគេ។​  នៅ​ពេល​អ្នក​រៀន​ពី​កំហុស​របស់​អ្នក  អ្នក​នឹង​កាន់តែ​ខិត​ទៅ​រក​ភាព​ជោគជ័យ​ទោះបីជា​អ្នក​បរាជ័យ​​នៅ​ពេល​ដំបូង​ក៏ដោយ។ 

១៦.ស្គាល់​អតិថិជន​របស់​អ្នក
លោក  Dave Thomas ដែល​ជា​អ្នក​ជំនួញ និង​ជា​​ស្ថាបនិក​ក្រុមហ៊ុន​ Wendy បាន​លើកឡើង​ថា ​​ការ​ស្គាល់​ពី​អតិថិជន​របស់​អ្នក​ គឺ​ជា​គន្លឹះ​មួយ​ក្នុង​ចំណោម​គន្លឹះ​ទាំង​បី​របស់​លោក​ដែល​ធ្វើ​ឲ្យ​អ្នក​​ទទួល​បាន​ភាព​ជោគជ័យ។  ស្គាល់​អតិថិជន​របស់​អ្នក​ឲ្យ​​បាន​ល្អ​ជាង​អ្នកដទៃ ហើយ​អ្នក​​ត្រូវ​​​ផ្តល់​នូវ​ដំណោះស្រាយ​ដែល​ពួកគេ​ត្រូវការ។ ​

១៧.ស្នើសុំ​យោបល់​វាយតម្លៃ​ពី​អតិថិជន
ការ​បំពេញ​តម្រូវការ​ដល់ល​អតិថិជន​តែមួយមុខ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​បានទេ។ ទន្ទឹម​នឹង​គ្នា​នេះ អ្នក​ក៏​ត្រូវ​ស្នើសុំ​ពួកគេ​ត្រង់ៗ​ពី​អ្វី​ដែល​ពួកគេ​​យល់​ឃើញ​​ពី​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក និង​ស្តាប់​ពួកគេ​ដោយ​យកចិត្ត​ទុកដាក់។ 

១៨.មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​​​ចំណាយ​​
នៅ​ពេល​អ្នក​ចំណាយ​ប្រាក់​លើ​អាជីវកម្ម​របស់​អ្នក ចូរ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ចំណាយ​វា​ឲ្យ​​មែនទែន និង​ភាព​វៃ​ឆ្លាត​ក្នុង​ការ​ចាយវាយ​នេះ។​ ហេតុអ្វី? ពីព្រោះ​​វា​​មាន​ភាព​ងាយស្រួល​ណាស់​ក្នុង​ការ​ចំណាយ​ច្រើន​លើ​រឿង​ល្ងីល្ងើ  ជាជាង​ការ​ចំណាយ​លើ​អ្វី​ដែល​មាន​តម្លៃ។

១៩.ស្វែងយល់​ពី​​វិស័យ​ជំនួញ​របស់​អ្នក​ឲ្យ​ច្បាស់ 
លោក Tony Hsieh ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន  Zappos ធ្លាប់​បាន​និយាយ​ថា“  កុំ​លេង​ហ្គេម​ណា​ដែល​អ្នក​មិន​យល់​ទោះបី​អ្នក​បាន​ឃើញ​មនុស្ស​ជា​ច្រើន​រកលុយ​ពី​វា​​ក៏ដោយ”។  ការ​​ស្គាល់​ច្បាស់​ពី​​មុខ​ជំនួញ​របស់​​របស់​អ្នក​ គឺ​​ជា​គន្លឹះ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ។ 

២០.​ផ្ដល់​ជូន​ច្រើនជាង​ការ​រំពឹង​ទុក 
មហាសេដ្ឋី​​ Larry Page ​ដែល​ជា​ស្ថាបនិក​រួម​របស់​ក្រុមហ៊ុន Google  ​បាន​លើកទឹកចិត្ត​ឲ្យ​សហគ្រិន​ត្រូវ​ផ្តល់ជូន​​នូវ​សេវាកម្ម ឬ​ផលិតផល​តាមដែល​អាច​ធ្វើ​ទៅ​បាន​​ឲ្យ​បាន​​ច្រើន​ជាង​ការ​រំពឹង​ទុក​ទៅ​កាន់​អតិថិជន។  វា​ជា​វិធី​ល្អ​មួយ​ដែល​អ្នក​ត្រូវ​យកចិត្ត​ទុកដាក់​នៅ​ក្នុង​​មុខ​ជំនួញ​របស់​អ្នក និង​​កសាង​ភាព​ស្មោះត្រង់​ចំពោះ​អតិថិជន​ឲ្យ​​បាន​ខ្ពស់​បំផុត៕

ដោយ៖ ណារិន​
ប្រភព៖ Entrepreneur  

 

X
5s