ឃាតករសម្លាប់ស្តេចអូទ្រីស-ហុងគ្រីបង្កើតជាសង្គ្រាមលោកទី ១ ភាគទី១ «ជីវប្រវត្តិកាវ្រីឡូព្រីនស៊ីប»​



សេចក្ដីផ្ដើម

កាវ្រីឡូព្រីនស៊ីប (Gavrilo Princip) កើតថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៨៩៤ និងស្លាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩១៨។ គាត់ជាសមាជិក «ចលនាយុវជនបូស្នៀ» ដែលបង្កើតឡើងដោយពួកបូស្នៀ-ស៊ែប មានគោលដៅបញ្ចប់របបគ្រប់គ្រងរបស់ចក្រភពអូទ្រីស-ហុងគ្រីនៅដែនដីបូស្នៀ និងហឺហ្ស៊ីហ្គោវីណា (Bosnia and Herzegovina)។ នៅក្នុងវ័យ១៩ឆ្នាំ ការវ្រីឡូព្រីនស៊ីបធ្វើឃាតរាជទាយាទអូទ្រីសព្រះនាមហ្វ្រង់ហ្វ៊ែឌីណង់ (Franz Ferdinand) និងព្រះជាយាព្រះនាមសូហ្វ៊ី (Sophie) ជាកូនស្រីត្រកូលអភិជនហូហិនបឺក (Hohenberg)។ អំពើរាជឃាតនេះកើតឡើងនៅទីក្រុងសារ៉ាយេវ៉ូ (Sarajevo) កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤។ ក្រោយការចាប់ខ្លួនព្រីនស៊ីប និងអ្នកសមគំនិត សមត្ថកិច្ចបានបើកការស៊ើបអង្កេតដឹងថាពួកគេជាក្រុមចលនាសម្ងាត់ជាតិនិយម ដែលដុតបញ្ឆេះ «វិបត្តិខែកក្កដា» (July Crisis)  និងនាំទៅដល់ការផ្ទុះសង្គ្រាមលោកលើកទីមួយពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨។

Gavrilo Princip​

ឆាកជីវិតបឋមវ័យ

កាវ្រីឡូព្រីនស៊ីបកើតថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៨៩៤ នៅក្នុងកូនភូមិតូចមួយ (ឯកសារខ្លះថាគាត់កើតថ្ងៃទី១៣ ខែកក្កដា)។ គាត់ជាកូនទី២ក្នុងគ្រួសារដែលមានកូនទាំងអស់៩នាក់។ ក្នុងនោះ កូន៦នាក់ស្លាប់តាំងពីនៅតូចៗ។ មុនដំបូង ម្ដាយចង់ដាក់ឈ្មោះព្រីនស៊ីបតាមបងប្រុសដែលស្លាប់ទៅឈ្មោះស្ពីរ៉ូ (Špiro)។ ប៉ុន្តែអាចារ្យអូតូដុកម្នាក់និយាយទទូចងោចៗថាកុំដាក់ឈ្មោះអីចឹងអីអភ័ព្វណាស់ គួរតែដាក់ឈ្មោះតាមព្រះនាមទេវតាកាព្រីយែលវិញ (Archangel Gabriel) ទើបធ្វើឲ្យគេមានសំណាងអាចបន្តជីវិតរស់នៅដោយសុខសប្បាយរហូតដល់ធំពេញវ័យ។

 

មានពូជអម្បូរជាជនជាតិស៊ែប គ្រួសារត្រកូលព្រីនស៊ីបនេះបានរស់នៅដែនដីបូស្នៀភាគពាយព្យតាំងពីច្រើនសតវត្សមកហើយ ហើយកាន់សាសនាគ្រិស្តនិកាយអូតូដុក។ ម្ដាយឪពុកព្រីនស៊ីប ជាប្រជាកសិករក្រីក្រ មានដីដាំដំណាំត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។ ពួកគេជាអ្នកវណ្ណៈកសិករបែបគ្រិស្តសាសនា ដែលជំនាន់នោះ គេហៅថា «ពួកអ្នកងារ»។ អ្នកស្ថិតនៅក្នុងជំពូកនេះតែងតែរងការសង្កត់សង្កិនពីពួកជនអម្បូរមូស្លីមជាម្ចាស់ដីធំៗ។

ប្រភប​រូបពី៖ fineartamerica

ឪពុករបស់កាវ្រីឡូព្រីនស៊ីបជាមនុស្សប្រកាន់ក្រមសីលធម៌ ជំនឿ និងក្រឹត្យវិន័យ ក្បួនច្បាប់ពីបុរាណយ៉ាងមុតមាំ។ គាត់មិនដែលទទួលទានគ្រឿងស្រវឹង និងមិនប្រើភាសាអសុរោះ ជេរប្រមាថ ប្រទេចផ្ដាសារទាល់តែសោះ។ ប៉ុន្តែគាត់បែរជាទទួលរងការរិះគន់ពេបជ្រាយពីអ្នកជិតខាងទៅវិញ ព្រោះគេយល់ថាអាកប្បកិរិយាបែបហ្នឹងមិនកើតទេ។ កាលនៅជាយុវជន គាត់ចូលក្នុងចលនាតស៊ូឈ្មោះ «ចលនាបះបោរហឺហ្ស៊ីហ្គោវីណា» (Herzegovina Uprising) ដែលប្រឆាំងនឹងចក្រភពអូតូម៉ង់ (Ottoman Empire)។ ក្រោយពេលអំពើបះបោរនោះផុតរលត់ទៅ គាត់ក៏វិលត្រឡប់ទៅប្រកបរបរជាកសិករនៅតំបន់ជ្រលងភ្នំក្រាហូវ៉ូ (Grahovo) ដូចកាលពីមុន។ នៅទីនោះ គាត់មានដី១,៦ហិកតា សម្រាប់បង្កបង្កើនផលកសិកម្ម។ ប្រាក់ចំណូលពីរបរនេះ១/៣ត្រូវបង់ទៅឲ្យស្ដេចត្រាញ់ប្រចាំតំបន់។ ដូចនេះ ឃើញថាប្រាក់ចំណូលមិនគ្រប់គ្រាន់សម្រាប់ចាយវាយប្រចាំថ្ងៃទេ។ គាត់ក៏ដូរទៅប្រកបការងារជាអ្នករត់សំបុត្រ និងដឹកជញ្ជូនអ្នកដំណើរកាត់តំបន់ភ្នំដែលស្ថិតនៅចន្លោះតំបន់បូស្នៀភាគពាយព្យ និងដាល់ម៉ាតៀ (Dalmatia)។

ទោះបីទទួលរងការជំទាស់ពីឪពុកយ៉ាងណាក៏ដោយ នៅទីបំផុត កាវ្រីឡូព្រីនស៊ីបបានចូលរៀនថ្នាក់បឋមសិក្សានៅឆ្នាំ១៩០៣ (ឪពុករបស់ព្រីនស៊ីបអត់ចង់ឲ្យកូនរៀនសូត្រទេ)។ កាលនោះ គាត់អាយុ៩ឆ្នាំ។ ពេលចូលរៀនដំបូង ព្រីនស៊ីបជួបការលំបាកយ៉ាងខ្លាំង ប៉ុន្តែគាត់នៅតែខំតស៊ូជម្នះឧបសគ្គរហូតដល់ក្លាយជាសិស្សឆ្នើម និងទទួលរង្វាន់សរសើរទៀតផង។ នៅពេលចម្រើនវ័យបាន១៣ឆ្នាំ ព្រីនស៊ីបផ្លាស់ទៅរៀននៅទីក្រុងសារ៉ាយេវ៉ូ។ ពីដំបូង បងប្រុសគាត់ឈ្មោះចូវ៉ាន (Jovan) ចង់ឲ្យគាត់រៀននៅសាលាយោធាអូទ្រីស-ហុងគ្រី។ ប៉ុន្តែពេលព្រីនស៊ីបទៅដល់ទីក្រុងនេះ ចូវ៉ានក៏ផ្លាស់ប្ដូរចិត្តវិញ ដោយសារមិត្តសម្លាញ់គាត់ម្នាក់និយាយបញ្ចុះបញ្ចូលគាត់ថា «កុំឲ្យព្រីនស៊ីបរៀនធ្វើទាហានធ្វើអ្វី ពីព្រោះពេលគេចេញមកបានត្រឹមកាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯងតែប៉ុណ្ណោះ»។ ក្រោយមក បងប្រុសរូបនេះក៏ជូនព្រីនស៊ីបទៅចុះឈ្មោះចូលរៀននៅសាលាពាណិជ្ជវិញ។ ចូវ៉ានរ៉ាប់រងថ្លៃចំណាយលើការរៀនសូត្ររបស់ព្រីនស៊ីប ដោយប្រើប្រាស់លុយដែលរកបានដោយលំបាក ដោយធ្វើការជាអ្នកដឹកជញ្ជូនឈើហុបពីក្នុងព្រៃទៅរោងចក្រអារឈើនៅទីក្រុងសារ៉ាយេវ៉ូ។

 

រៀននៅសាលាពាណិជ្ជបានបីឆ្នាំ កាវ្រីឡូផ្លាស់ទៅកន្លែងថ្មីមួយទៀតនៅក្នុងឆ្នាំ១៩១០ ដើម្បីបន្តការសិក្សាថ្នាក់អនុវិទ្យាល័យ។ នៅទីនោះ គាត់ចាប់ផ្ដើមស្វែងយល់ និងកោតសរសើរជនបដិវត្តស៊ែប-បូស្នៀឈ្មោះបូដានសេរ៉ាស៊ីក (Bogdan Žerajić)។ ជននេះប៉ុនប៉ងធ្វើឃាតជនជាតិអូទ្រីស-ហុងគ្រីម្នាក់ដែលត្រួតត្រាតំបន់បូស្នៀ និងហឺហ្ស៊ីហ្គោវីណា។ ប៉ុន្តែនៅពេលធ្វើឃាតមិនបានសម្រេច ជននោះក៏សម្លាប់ខ្លួនឯងតែម្ដងទៅ។ ឆ្នាំ១៩១១ ព្រីនស៊ីបចូលក្នុងចលនាយុវជនបូស្នៀ (Young Bosnia) ជាចលនាសម្ងាត់ដែលមានគោលដៅផ្ដាច់តំបន់បូស្នៀពីចក្រភពអូទ្រីស-ហុងគ្រី ដើម្បីរួបរួមជាមួយអាណាចក្រស៊ែប៊ីដែលនៅក្បែរខាង។ កាលនោះ អាជ្ញាធរបង្ក្រាបសម្បើមណាស់ មិនអនុញ្ញាតឲ្យពួកសិស្ស-និស្សិតបង្កើតអង្គការ សមាគម ឬក្លឹបអ្វីទាំងអស់។ ដូចនេះ ព្រីនស៊ីប និងសមាជិកចលនាយុវជនបូស្នៀនេះ ពេលណាចង់ជួបគ្នាម្ដងៗ ត្រូវធ្វើឡើងដោយលួចលាក់។ ពួកគេតែងជំនំគ្នាពីបញ្ហាអក្សរសិល្ប៍ សីលធម៌វិជ្ជា និងនយោបាយ។

 

ឆ្នាំ១៩១២ ព្រីនស៊ីបត្រូវគេបណ្ដេញចេញពីសាលារៀន ដោយសារគាត់ចូលរួមចលនាបាតុកម្មប្រឆាំងនឹងអាជ្ញាធរអូទ្រីស-ហុងគ្រី។ សិស្សម្នាក់ដែលមើលឃើញសកម្មភាពរបស់ព្រីនស៊ីបផ្ទាល់ភ្នែកនៅក្នុងគ្រានោះ រៀបរាប់ថា «ព្រីនស៊ីបដើរពីថ្នាក់រៀនមួយទៅថ្នាក់រៀនមួយទៀត ដោយបង្ហាញស្នាប់ដៃគំរាមកូនសិស្សប្រុសៗដែលញ៉ាក មិនហ៊ាន ឬមិនចង់ចូលរួមហែបាតុកម្ម»។ គ្រាន់តែបណ្ដេញចេញពីសាលាភ្លាម ព្រីនស៊ីបក៏មិននៅអែអង់យូរតទៅទៀតដែរ។ គាត់បានចាកចេញពីទីក្រុងសារ៉ាយេវ៉ូ និងធ្វើដំណើរដោយថ្មើរជើងនៅលើចម្ងាយផ្លូវ២៨០គីឡូម៉ែត្រ សំដៅទៅទីក្រុងបែលក្រាត។ យោងតាមសំណេររបស់អ្នកនិពន្ធខ្លះ ព្រីនស៊ីបបានលុតជង្គង់ចុះ រួចឱនថើបដី បន្ទាប់ពីគាត់ដើរឆ្លងព្រំដែនចូលទៅក្នុងប្រទេសស៊ែបីភ្លាម។ នៅទីក្រុងបែលក្រាត ព្រីនស៊ីបស្ម័គ្រចិត្តចូលបម្រើនៅក្នុងជួរកងទ័ពឈ្លបជីវពលស៊ែប ដែលប្រយុទ្ធប្រឆាំងនឹងពួកតួកគីអូតូម៉ង់ (Ottoman Turks) ក្រោមបញ្ជាការរបស់ឧត្ដមសេនីយ៍ទោ វ៉ូជិះស្លាវតានកូស៊ីក (Vojislav Tankosić)។ ឧត្ដមសេនីយ៍រូបនេះជាសមាជិក «ចលនាបាតដៃខ្មៅ» ជាចលនាសម្ងាត់ដែលល្បីខាងរៀបចំផែនការសម្ងាត់ផ្សេងៗនៅប្រទេសស៊ែប៊ី។

 

ពេលសូមចូលចលនានេះដំបូង ព្រីនស៊ីបត្រូវការិយាល័យទទួលពាក្យនៅទីក្រុងបែលក្រាតបដិសេធមិនទទួលយកជាសមាជិកទេ ព្រោះគាត់មានមាឌល្អិត។ ព្រីនស៊ីបខឹងណាស់ គាត់ព្យាយាមស្វែងរកឧត្ដមសេនីយ៍តាន់កូស៊ីក ដើម្បីនិយាយគ្នាដោយផ្ទាល់មាត់។ ប៉ុន្តែពេលជួបមុខគ្នា ឧត្ដមសេនីយ៍រូបនេះក៏និយាយមិនខុសពីអ្នកទទួលពាក្យដែរ។ គាត់ថាព្រីនស៊ីបមានមាឌល្អិតពេក និងមិនសូវមានកាយសម្បទាមាំមួន។ ព្រីនស៊ីបមានអារម្មណ៍ខ្មាសគេណាស់ គាត់វិលត្រឡប់ទៅដែនដីបូស្នៀវិញ និងដេកស៊ីជាមួយបងប្រុសនៅទីក្រុងសារ៉ាយេវ៉ូ។ ព្រីនស៊ីបប្រើប្រាស់ពេលវេលាជាច្រើនខែ ធ្វើដំណើរទៅមកៗរវាងទីក្រុងសារ៉ាយេវ៉ូ និងបែលក្រាត។ នៅបែលក្រាត គាត់ជួបស៊ីវ៉ូជីនរ៉ាហ្វាឆ្លូវីក (Živojin Rafajlović) ជាសមាជិកស្ថាបនិកនៃអង្គការស៊ែបឆេតនីក (Serbian Chetnik Organization)។ គឺមនុស្សនេះហើយដែលបញ្ជូនព្រីនស៊ីប និងសមាជិកចលនាយុវជនបូស្នៀ១៥នាក់ទៀត ទៅបណ្ដុះបណ្ដាលនៅមណ្ឌលហ្វឹកហ្វឺនឆេតនីក នៃតំបន់វ៉្រានជេ (Vranje)។ នៅទីនោះ ពួកគេជួបអ្នកគ្រប់គ្រងសាលា លោកមីហាស់ឆ្លូស្ទីវ៉ាណូវីកគូប៉ារ៉ា (Mihajlo Stevanović-Cupara)។ ព្រីនស៊ីបស្នាក់នៅផ្ទះរបស់គូប៉ារ៉ា ដែលសព្វថ្ងៃស្ថិតនៅតាមបណ្ដោយផ្លូវកាវ្រីលឡូព្រីនស៊ីប នៃទីក្រុងវ៉្រានជេ។ ព្រីនស៊ីបហាត់បាញ់កាំភ្លើង គប់គ្រាប់បែក និងគប់កាំបិត រួចវិលត្រឡប់ទៅទីក្រុងបែលក្រាតវិញ នៅពេលបញ្ចប់វគ្គហ្វឹកហ្វឺន។

ឆ្នាំ១៩១៣ ពេលព្រីនស៊ីបស្នាក់នៅទីក្រុងសារ៉ាយេវ៉ូ រដ្ឋាភិបាលអូទ្រីស-ហុងគ្រីប្រកាសដាក់ប្រទេសជាតិនៅក្នុងគ្រាអាសន្ន និងប្រកាសប្រើច្បាប់អាជ្ញាសឹក ត្រួតត្រាសាលារៀន និងបិទអង្គការ សមាគមដែលផ្សព្វផ្សាយវប្បធម៌ស៊ែប។

 

ចូលទៅអានបន្តភាគទី ២៖ ឃាតករសម្លាប់ស្តេចអូទ្រីស-ហុងគ្រី ភាគទី ២ «ការធ្វើឃាតព្រះអង្គម្ចាស់រាជទាយាទហ្វ្រង់ហ្វ៊ែឌីណង់»

ឯកសារពិគ្រោះ ដកស្រង់ពីសព្វវចនាធិប្បាយវីឃីភីឌា (Wikipedia) និងគេហទំព័រដទៃទៀត

ប្រែសម្រួលដោយ៖ សុខ សេរីរដ្ឋ

រក្សាសិទ្ធិដោយគេហទំព័រ BizKhmer

 

X
5s