ឃាតករសម្លាប់ស្តេចអូទ្រីស-ហុងគ្រី ភាគទី ២ «ការធ្វើឃាតព្រះអង្គម្ចាស់រាជទាយាទហ្វ្រង់ហ្វ៊ែឌីណង់»​



ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤ ព្រីនស៊ីបធ្វើឃាតរាជទាយាទហ្វ្រង់ហ្វ៊ែឌីណង់នៃប្រទេសអូទ្រីស និងព្រះជាយា អ្នកម្នាងសូហ្វ៊ី។ កាលនោះ ព្រះអង្គម្ចាស់ និងអ្នកម្នាងបានយាង និងអញ្ជើញដោយរថភ្លើងទៅដល់ទីក្រុងសារ៉ាយេវ៉ូ មុនវេលាម៉ោងដប់ព្រឹកបន្តិច បន្ទាប់មកឡើងជិះរថយន្តបន្តដំណើរទៅសាលាក្រុងសារ៉ាយេវ៉ូ ដោយគង់ប្រថាប់នៅក្នុងរថយន្តទីបីនៃក្បួនអមដំណើរដែលមានរថយន្តសរុប៦គ្រឿង។

នៅក្នុងឱកាសយាងនោះ គេបានដឹកព្រះអង្គនៅក្នុងរថយន្តគ្មានដំបូល ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យប្រជារាស្ត្រដែលឈរអមដំណើរនៅតាមដងផ្លូវ អាចមើលឃើញព្រះភ័ក្ត្ររបស់ព្រះអង្គបានច្បាស់។

ព្រីនស៊ីប និងបក្សពួករបស់គេប្រាំនាក់ទៀតបង្កប់ខ្លួនជាមួយមហាជនទូទៅដែលឈរដង្ហែនៅតាមដងផ្លូវ។ ពួកគេបណ្ដាក់គ្នាឈរនៅលើតិរវិថីអាប៉ែល (Appel Quay) ម្នាក់ៗសម្រួចចិត្តធ្វើឃាតរាជទាយាទអង្គនេះ នៅពេលរថយន្តព្រះអង្គបើកបរទៅដល់ទីតាំងឈរជើងរបស់ខ្លួន។ ក្នុងចំណោមពួកគេទាំងនោះ បុរសឈ្មោះមូហាមេតមេសមេបាស៊ីក (Muhamed Mehmedbašić) ឈរនៅទីតាំងទីមួយ។ ឈរនៅចំហៀង «ធនាគារអូទ្រីស-ហុងគ្រី» មេសមេបាស៊ីក (Nedeljko Čabrinović) ឈររេរាៗ ហាក់ដូចជាចង់បន្តិច មិនចង់បន្តិច ជាហេតុធ្វើឲ្យរថយន្តរបស់ព្រះអង្គម្ចាស់ហ្វ្រង់ហ្វ៊ែឌីណង់បើកទៅហួស ដោយមិនទទួលរងគ្រោះថ្នាក់អ្វីទាំងអស់។ 

 (ព្រះអង្គម្ចាស់រាជទាយាទហ្វ្រង់ហ្វ៊ែឌីណង់ និងអ្នកម្នាងសូហ្វ៊ី ក្នុងដំណើរយាងទស្សនកិច្ចនៅទីក្រុងសារ៉ាយេវ៉ូ)

ម៉ោង១០:១៥ព្រឹក ពេលក្បួនរថយន្តបើកកាត់ប៉ុស្តិ៍ប៉ូលិស និស្សិតវ័យ១៩ឆ្នាំ ឈ្មោះនេដេលីសឆ្កូកាព្រីណូវីកបានគប់គ្រវែងគ្រាប់បែកសំដៅរថយន្តដែលព្រះអង្គម្ចាស់ហ្វ្រង់ហ្វ៊ែឌីណង់កំពុងគង់ប្រថាប់។ អ្នកបើកបរ គ្រាន់តែឃើញគ្រាប់បែកហោះសំដៅទៅរកឡានយ៉ាងដូច្នេះ (កាលនោះ គាត់មិនដឹងថាគ្រាប់បែក ឬមិនគ្រាប់បែកទេ ប៉ុន្តែដឹងតែមានរបស់ហោះសំដៅទៅរកគាត់) គាត់ក៏ខំបង្កើនល្បឿន។ គ្រាប់បែកនោះត្រូវការពេល១០វិនាទីទម្រាំផ្ទុះ ជាហេតុធ្វើឲ្យរថយន្តដែលព្រះអង្គម្ចាស់ហ្វ្រង់ហ្វ៊ែឌីណង់គង់ប្រថាប់ មិនបានរងគ្រោះដោយគ្រាប់បែកទេ។ ប៉ុន្តែគ្រាប់បែកផ្ទុះត្រូវរថយន្តទីបួន បណ្ដាលឲ្យមនុស្ស២នាក់ដែលជិះនៅក្នុងនោះរបួសធ្ងន់។ បន្ទាប់ពីដឹងថាមានគេប៉ងធ្វើឃាតមិនបានសម្រេចយ៉ាងដូច្នេះ អ្នកបើកបររថយន្តអមដំណើរទាំងអស់ក៏បង្កើនល្បឿនលឿនស្លេវបាត់ស្រមោលនៅក្នុងគ្រានោះទៅ។ និយាយពីព្រីនស៊ីប និងបក្សពួករបស់គេវិញម្ដង ក្នុងស្ថានភាពបែបនេះ ពួកគេមិនអាចធ្វើអ្វីកើតទេនៅពេលនោះ ព្រោះក្បួនរថយន្តបើកលឿនពេក។

ព្រះអង្គម្ចាស់ហ្វ្រង់ហ្វ៊ែឌីណង់មានព្រះរាជឱង្ការនៅសាលាក្រុងដូចការព្រាងទុករហូតដល់ចប់ចុងចប់ដើម។ ក្រោយមក ព្រះអង្គចង់ឆៀងទៅសួរសុខទុក្ខជនរងគ្រោះសម្រាកនៅ «មន្ទីរពេទ្យសារ៉ាយេវ៉ូ» ដោយសារអំបែងគ្រាប់បែករបស់កាព្រីណូវីក។ ឧត្ដមសេនីយ៍អូស្កាប៉ូទីអូរិច (Oskar Potiorek) បារម្ភថានៅលើកំណាត់ផ្លូវដែលត្រូវធ្វើដំណើរទៅមន្ទីរពេទ្យនោះអាចនឹងចង្អៀតដោយសារហ្វូងមនុស្សកកកុញច្រើនពេក។ គាត់ក៏សម្រេចចិត្តថារថយន្តដែលដឹកព្រះអង្គម្ចាស់ហ្វ្រង់ហ្វ៊ែឌីណង់ត្រូវបើកតាមដងតិរវិថីអាប៉ែល ហើយបើកត្រង់ទៅមន្ទីរពេទ្យតែម្ដង។ ប៉ុន្តែគាត់ភ្លេចប្រាប់តៃកុងឡានឲ្យបានដឹងពីរឿងនេះ ជាហេតុធ្វើឲ្យតៃកុងឡានមិនបានបើកតាមទិសដៅថ្មី បែរជាបើកតាមផ្លូវដដែលវិញ កាត់ទីតាំងឈរជើងរបស់ព្រីនស៊ីបដែលស្ថិតនៅចំពីមុខហាងកាហ្វេមួយកន្លែង។ 

(រូបគំនូរនិយាយពីទិដ្ឋភាពនៅពេលឃាតករឈ្មោះព្រីនស៊ីបបាញ់តម្រង់ទៅព្រះអង្គម្ចាស់ហ្វ៊ែឌីណង់ និងព្រះជាយា)

ពេលដឹងថាខ្លួនបើកឡានច្រឡំផ្លូវដូច្នេះ តៃកុងឡានក៏ជាន់ហ្វ្រាំងទច់បន្តិច រួចបួងចង្កូតប្រុងបត់ក្បាលត្រឡប់ទៅក្រោយវិញ។ ប៉ុន្តែមិនដឹងយ៉ាងម៉េច ស្រាប់តែពេលនោះ ឡានគាំងម៉ាស៊ីនស្ដូកតែម្ដង ចំណែកឈ្នាន់ល្បឿន (ហ្គែរ - gear) ក៏ជាន់មិនទៅមុខទៀត។ ពេលនោះបានដៃព្រីនស៊ីបតែម្ដង។ គេមិនច្បាស់ថាព្រីនស៊ីបពេលនោះ កំពុងអង្គុយញ៉ាំអីនៅក្នុងហាងកាហ្វេ ឬឈរនៅចិញ្ចើមថ្នល់មុខហាងកាហ្វេនោះទេ ព្រោះសំណេរបស់អ្នកនិពន្ធខុសៗគ្នា។ ប៉ុន្តែគាត់ស្ថិតនៅចម្ងាយប្រមាណ៥ហ្វ៊ីត ឬមួយម៉ែត្រកន្លះពីរថយន្តដែលរាជទាយាទគង់ប្រថាប់។ ព្រីនស៊ីបស្ទុះវឹង និងដកកាំភ្លើងខ្លីម៉ាកអែហ្វអិនម៉ូដែលឆ្នាំ១៩១០ (FN Model 1910) បាញ់២គ្រាប់តម្រង់ទៅមនុស្សនៅក្នុងឡាន នៅក្នុងចម្ងាយមួយដែលកៀកគ្នាមែនទែន។ គ្រាប់កាំភ្លើងទីមួយបាញ់ត្រូវចំកញ្ចឹងករបស់ព្រះអង្គម្ចាស់ហ្វ៊ែឌីណង់ ចំណែកគ្រាប់ទីពីរបាញ់ត្រូវចំពោះរបស់អ្នកម្នាង។ មិនយូរប៉ុន្មាន ព្រះអង្គម្ចាស់ និងអ្នកម្នាងក៏បានក្ស័យសង្ខារនៅក្នុងគ្រានោះទៅ។ ឯកសារខ្លះថាមុនដំបូង ព្រីនស៊ីបប្រុងប្រើគ្រាប់បែក។ ប៉ុន្តែពេលគាត់លូកដៃចូលក្នុងហោប៉ៅប៉ះគ្រាប់បែកទៅហើយ គាត់ដឹងច្បាស់ថាមិនអាចប្រើបានទេ ដោយសារមនុស្សប្រជ្រៀតគ្នាច្រើនពេក។ គាត់ក៏ដកកាំភ្លើងខ្លីបាញ់២គ្រាប់ ដូចរៀបរាប់ខាងលើ។

ចូលទៅអានបន្តភាគទី ៣៖ ឃាតករសម្លាប់ស្តេចអូទ្រីស-ហុងគ្រី ភាគទី ៣ ការចាប់ខ្លួន និងការជំនុំជម្រះទោសកាវ្រីឡូព្រីនស៊ីប

ឯកសារពិគ្រោះ ដកស្រង់ពីសព្វវចនាធិប្បាយវីឃីភីឌា (Wikipedia) និងគេហទំព័រដទៃទៀត

ប្រែសម្រួលដោយ៖ សុខ សេរីរដ្ឋ

រក្សាសិទ្ធិដោយគេហទំព័រ BizKhmer

 

X
5s