ឃាតករសម្លាប់ស្តេចអូទ្រីស-ហុងគ្រី ភាគទី ៣ «ការចាប់ខ្លួន និងការជំនុំជម្រះទោសកាវ្រីឡូព្រីនស៊ីប»​



ពេលបាញ់ប្រហាររួច ព្រីនស៊ីបប្រុងបាញ់សម្លាប់ខ្លួន។ ប៉ុន្តែពេលគាត់រៀបកេះកៃកាំភ្លើង ស្រាប់តែកាំភ្លើងរបូតពីដៃគាត់ ជាហេតុធ្វើឲ្យសមត្ថកិច្ចចាប់បានទាំងរស់។ ឯកសារខ្លះទៀតសរសេរថាមនុស្សចាប់ផ្ដើមជ្រួលច្របល់ រត់ពពាក់ពពូនគ្នា ក្រោយហេតុការណ៍បាញ់ប្រហារនោះ។

ព្រីនស៊ីបបានលេបថ្នាំពុលឈ្មោះសាយអឺណាយ (cyanide) ចូលទៅក្នុងពោះ ប៉ុន្តែក្អួតចេញមកវិញ។ ក្រោយមក គាត់ប្រុងបាញ់សម្លាប់ខ្លួនដោយតម្រង់កាណុងកាំភ្លើងទៅរកសៀតផ្កា។ ប៉ុន្តែអ្នកនៅក្បែរនោះម្នាក់ហក់ទៅទះដៃរបស់ព្រីនស៊ីបមួយទំហឹង បណ្ដាលឲ្យកាំភ្លើងជ្រុះពីដៃ។ ចំណែកអ្នកឯទៀត រួមជាមួយប៉ូលិស ប្រតាយប្រតប់គ្នាជាមួយព្រីនស៊ីប ដើម្បីព្យាយាមចាប់ព្រីនស៊ីប។ ព្រីនស៊ីបក៏ខំប្រឹងវាយតប់អ្នកទាំងនោះវិញ ប៉ុន្តែមិនអាចឈ្នះគេទេ ព្រោះគេគ្នាច្រើន។ នៅទីបំផុត ប៉ូលិសអាចចាប់ព្រីនស៊ីបបានទាំងរស់។

 (ព្រីនស៊ីបត្រូវប៉ូលិសចាប់បាន (រាប់ពីខាងស្ដាំ រូបទី២)

នៅក្នុងអង្គសវនាការជំនុំជម្រះទោស ព្រីនស៊ីបថ្លែងថាគាត់សោកស្ដាយមិនគួរស្លាប់អ្នកម្នាងទេ។ តាមពិត គោលដៅរបស់គាត់គឺបាញ់តម្រង់ទៅរកឧត្ដមសេនីយ៍ប៉ូទីអូរិច។ ទោះជាបាញ់ត្រូវនរណាក៏ដោយ ក៏ព្រីនស៊ីបប្រាប់ថាគាត់ពិតជាមានមោទនភាពណាស់ចំពោះអ្វីដែលខ្លួនបានធ្វើ។ គាត់ថ្លែងបន្តទៀតថា «ខ្ញុំជាអ្នកជាតិនិយមយូហ្គោស្លាវី ដែលចង់បង្រួបបង្រួមជនជាតិយូហ្គោស្លាវីទាំងអស់ ដោយមិនខ្វល់ថាត្រូវបង្កើតទម្រង់រដ្ឋបែបណាទេ សំខាន់ឲ្យតែរដ្ឋនោះមិនស្ថិតក្រោមចំណុះរបស់ពួកអូទ្រីស»។ ក្រោយមក គេបានចង្អុលចំៗទៅចលនាសម្ងាត់បាតដៃខ្មៅ ជាអ្នកនៅពីក្រោយអំពើឃាតកម្មនេះ។ អូទ្រីស-ហុងគ្រីប្រកាសសងសឹកចំពោះប្រទេសស៊ែប៊ីវិញ ដោយដាក់ឱសានវាទ៤៨ម៉ោងឲ្យស៊ែប៊ីចាប់បក្សពួកចលនាបាតដៃខ្មៅទាំងអស់យកទៅកាត់ទោស។ ប៉ុន្តែស៊ែប៊ីបានបដិសេធមិនធ្វើតាមការទាមទារនេះទេ។ គេបានឲ្យឈ្មោះអំពើសងសឹកនោះថា «ឱសានវាទខែកក្កដា» (July Ultimatum) ជាឱសានវាទដែលនាំទៅដល់ការផ្ទុះសង្គ្រាមលោកលើកទីមួយជាលើកដំបូង។

នៅពេលជំនុំជម្រះទោសនោះ ព្រីនស៊ីបមានអាយុ១៩ឆ្នាំ ជាវ័យដែលមិនទាន់អាចទទួលទោសប្រហារជីវិតបានទេ ព្រោះ ច្បាប់កំណត់ថាអ្នកដែលទទួលទោសនេះបានលុះត្រាតែមានអាយុយ៉ាងហោចណាស់ម្ភៃឆ្នាំ។ ព្រីនស៊ីបនៅខ្វះ២៧ថ្ងៃទៀតទើបគ្រប់អាយុម្ភៃឆ្នាំ។ ក្រោយមក តុលាការបានសម្រេចដាក់ទោសព្រីនស៊ីបឲ្យជាប់ពន្ធនាគារម្ភៃឆ្នាំ ជាទោសអតិបរមា។

ចូលទៅអានបន្តភាគទី ៤៖ ឃាតករសម្លាប់ស្តេចអូទ្រីស-ហុងគ្រី ភាគទី ៤ ការជាប់ពន្ធនាគារ អវសាននៃជីវិតរបស់កាវ្រីឡូព្រីនស៊ីប

 

ឯកសារពិគ្រោះ ដកស្រង់ពីសព្វវចនាធិប្បាយវីឃីភីឌា (Wikipedia) និងគេហទំព័រដទៃទៀត

ប្រែសម្រួលដោយ៖ សុខ សេរីរដ្ឋ

រក្សាសិទ្ធិដោយគេហទំព័រ BizKhmer

 

X
5s