ឃាតករសម្លាប់ស្តេចអូទ្រីស-ហុងគ្រី ភាគទី ៤ «ការជាប់ពន្ធនាគារ និងអវសាននៃជីវិតកាវ្រីឡូព្រីនស៊ីប»
ព្រីនស៊ីបត្រូវគេដាក់ច្រវាក់ដៃ និងជើងផ្អោបនឹងជញ្ជាំងបន្ទប់ឃុំឃាំងដាច់ពីគេឯង នៅឯបន្ទាយទាហានតេរេស៊ីន។ គាត់រស់នៅជួបការលំបាកខ្លាំងមែនទែន ថែមទាំងកើតជំងឺរបេងឆ្អឹងទៀតផង។ ជំងឺនេះស៊ីរូងខួរឆ្អឹងរបស់ព្រីនស៊ីប ដល់ថ្នាក់ត្រូវកាត់ចោលដៃស្ដាំ។ ខែមករា ឆ្នាំ១៩១៦ ព្រីនស៊ីបព្យាយាមចងកសម្លាប់ខ្លួននឹងកន្សែង ប៉ុន្តែមិនបានសម្រេច។
ចន្លោះពីខែកុម្ភៈដល់ខែមិថុនា ឆ្នាំ១៩១៦ ព្រីនស៊ីបជួបជាមួយគ្រូពេទ្យវិកលចរិត ឈ្មោះម៉ាទីនប៉ាប៉ិនហេម ជាពេទ្យទាហានអូទ្រីស-ហុងគ្រី។ ពួកគេជួបគ្នាបានបួនដង។ យោងតាមសំណេររបស់គ្រូពេទ្យរូបនេះ «ព្រីនស៊ីបជឿថាសង្គ្រាមលោកលើកទីមួយជារឿងដែលត្រូវតែកើតឡើងដោយជៀសមិនរួច មិនសំខាន់ថាគាត់ធ្វើឃាត ឬមិនធ្វើឃាតព្រះអង្គម្ចាស់ហ្វ្រង់ហ្វ៊ែឌីណង់នោះទេ។ ព្រីនស៊ីបចង់មានន័យថាទោះបីជាសង្គ្រាមបង្កវិនាសកម្មធំប៉ុណ្ណាក៏ដោយ ក៏គេមិនគួរភ្ជាប់ការទទួលខុសត្រូវជាមួយនឹងរូបគាត់ទាល់តែសោះ (និយាយក្នុងភាសាសាមញ្ញថា «មកពីគាត់បាញ់សម្លាប់ស្ដេចអូទ្រីស-ហុងគ្រី ទើបមានសង្គ្រាមលោកលើកទីមួយ គាត់សូមបដិសេធរឿងនេះ)។
កាវ្រីឡូព្រីនស៊ីបស្លាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩១៨។ ពោលគឺ៣ឆ្នាំ ១០ខែគត់ ក្រោយពេលគាត់ធ្វើឃាតព្រះអង្គម្ចាស់ហ្វ្រង់ហ្វ៊ែឌីណង់។ នៅពេលស្លាប់ ទម្ងន់របស់គាត់នៅសល់៤០គីឡូក្រាម ព្រោះស៊ីអត់ ស៊ីឃ្លានក្នុងគុកផង និងជំងឺតម្កាត់ផង។
(សមាជិកស្ថាបនិកនៃចលនាសម្ងាត់បាតដៃខ្មៅ (Black Hand))
ដោយសារបារម្ភក្រែងលោឆ្អឹងរបស់ព្រីនស៊ីបត្រូវពួកអ្នកជាតិនិយមជនជាតិស្លាវលួចគាស់យកទៅបាត់ ដើម្បីដាក់តាំងជាវត្ថុសក្ការៈដ៏ខ្ពង់ខ្ពស់ប្រៀបបាននឹងវីរបុរសរបស់ពួកគេ អនុរក្សពន្ធនាគារដែលមើលការខុសត្រូវបន្ទប់ឃុំឃាំងរបស់ព្រីនស៊ីបបានលួចដឹកសាកសពព្រីនស៊ីបស្ងាត់ៗទៅបញ្ចុះនៅក្នុងផ្នូរមួយកន្លែង ដែលគេលាក់ការណ៍ជិតមិនឲ្យអ្នកដទៃដឹង ឬចំណាំបានទេ។
ប៉ុន្តែទោះជាខំលាក់បាំងបែបនេះក្ដី ក៏ទាហានជនជាតិឆេកូម្នាក់ដែលគេចាត់តាំងឲ្យទៅរកកន្លែងបញ្ចុះសពនោះ អាចចំណាំទីតាំងបានច្បាស់។ ក្រោយមក នៅឆ្នាំ១៩២០ គេបានគាស់អដ្ឋិធាតុព្រីនស៊ីប និងអដ្ឋិធាតុសពអ្នកដទៃទៀត (ដែលគេចាត់ទុកជាវីរបុរសរបស់គេ) រួចដឹកជញ្ជូនទៅទីក្រុងសារ៉ាយេវ៉ូ។ អដ្ឋិធាតុទាំងនេះត្រូវគេយកទៅបញ្ចុះជុំគ្នានៅក្នុងវិមានមហាបុរស ដែលសាងសង់ឡើងដើម្បី «រំឭកទៅដល់គុណូបការៈដ៏ថ្លៃថ្លាបំផុតនៃវីរបុរសស៊ែបរបស់យើង»។
ចូលទៅអានបន្តភាគទី ៥៖ ឃាតករសម្លាប់ស្តេចអូទ្រីស-ហុងគ្រី ភាគទី ៥ «កេរតំណែលបន្សល់ទូករបស់កាវ្រីឡូព្រីនស៊ីប
ឯកសារពិគ្រោះ ដកស្រង់ពីសព្វវចនាធិប្បាយវីឃីភីឌា (Wikipedia) និងគេហទំព័រដទៃទៀត
ប្រែសម្រួលដោយ៖ សុខ សេរីរដ្ឋ
រក្សាសិទ្ធិដោយគេហទំព័រ BizKhmer