ប្រវត្តិនារីបេះដូងដែក ម៉ាហ្ការ៉េតថេតឆឺ៖ នាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅចក្រភពអង់គ្លេស (ភាគទី ៨)​



៨- ការកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសនៅអាណត្តិទី២

នយោបាយក្នុងប្រទេស៖ កត្តាសំខាន់២យ៉ាងដែលជួយឲ្យលោកស្រីថេតឆឺឈ្នះឆ្នោតនៅអាណត្តិទី២ នាឆ្នាំ១៩៨៣គឺ៖ ១- ការឈ្នះសង្គ្រាមនៅកោះហ្វកលែន និង២- ការជួយស្ដារសេដ្ឋកិច្ចជាតិឲ្យបានរីកចម្រើនឡើងវិញតាមកម្មវិធីកំណែទម្រង់។ នៅអំឡុងពេលនេះ រដ្ឋាភិបាលរបស់លោកស្រីថេតឆឺចាត់ការលើក្រុមសហជីព និងប្រកាន់គោលជំហរដាច់ខាតមិនបន្ធូរដៃ និងមិនធ្វើសម្បទានសូម្បីតែបន្តិចនៅចំពោះមុខនៃការហែបាតុកម្ម និងកូដកម្មរបស់កម្មករអណ្ដូងរ៉ែរយៈពេល១ឆ្នាំពេញ។ 

 

អ្វីដែលជាមត៌កនយោបាយរបស់លោកស្រីថេតឆឺ គឺការធ្វើឯកជនភាវូបនីយកម្មរោងចក្រ-សហគ្រាស។ មានន័យថារោងចក្រ-សហគ្រាស ឬក្រុមហ៊ុនដែលធ្លាប់គ្រប់គ្រងដោយរដ្ឋ ឬដែលមានភាគហ៊ុនរបស់រដ្ឋនៅក្នុងនោះ ត្រូវរដ្ឋាភិបាលបង្វែរទៅជារបស់ឯកជនសុទ្ធសាធ ឧទាហរណ៍ ក្រុមហ៊ុនប្រ៊ីតធីសតេឡេខំ (British Telecom), ប៊្រីតធីសហ្គាស (British Gas), ប្រ៊ីតធីសអ៊ែរវេ (British Airways), រ៉ុលរ៉យ (Rolls-Royce) និងក្រុមហ៊ុនដទៃទៀត។ លោកស្រីថេតឆឺយល់ថាការប្រែក្លាយរោងចក្រ សហគ្រាស ឧស្សាហកម្មគ្រប់ប្រភេទពីរដ្ឋទៅជាឯកជនវិញ អាចជួយលើកកម្ពស់សម្ទុះសេដ្ឋកិច្ចជាតិ។ បើគេពិនិត្យមើលជាទូទៅ នយោបាយនេះពិតជាបានជួយសេដ្ឋកិច្ចជាតិមែន ព្រោះវាធ្វើឲ្យទំនិញធូរថ្លៃជាងមុន។ មូលហេតុដែលលោកស្រីថេតឆឺអនុវត្តនយោបាយបែបនេះ ដោយសារលោកស្រីជាអ្នកគាំទ្រគំនិតមូលធននិយមសុទ្ធសាធ។ ដូចនេះ លោកស្រីមិនចង់អនុវត្តបែបផែនសេដ្ឋកិច្ចដែលរដ្ឋគ្រប់គ្រងមធ្យោបាយផលិតកម្ម និងបែបផែនផលិតកម្ម ដូចលទ្ធិសង្គមនិយម និងលទ្ធិកុម្មុយនិស្តនិយមទេ។

 

ពេលកាន់អំណាចនៅអាណត្តិទី២ ចាប់ពីឆ្នាំ១៩៨៣-១៩៨៧ លោកស្រីថេតឆឺបានឆ្លងកាត់គ្រោះភ័យ និងវិបត្តិច្រើនរាប់មិនអស់។ នៅក្នុងចំណោមនោះ បញ្ហាប្រឈមធំបំផុតគឺការប៉ុនប៉ងផ្ដាច់ផ្ដិលជីវិតរបស់លោកស្រីនៅថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៨៤។ កាលនោះ ពួកទាហានសាធារណរដ្ឋអៀកឡង់ប៉ុនប៉ងធ្វើឃាតលោកស្រីថេតឆឺដោយបង្កប់គ្រាប់បែកនៅក្នុងបន្ទប់ប្រជុំរបស់គណបក្សអភិរក្សនិយម ដែលរៀបចំឡើងនៅទីក្រុងប្រាយតុន (Brighton)។ ទោះបីដឹងថាមានគេប៉ងធ្វើឃាតក៏ដោយ, ក៏លោកស្រីថេតឆឺគ្មានព្រឺក្បាលសូម្បីតែបន្តិច ហើយលោកស្រីក៏មិនបានរងរបួសអ្វីទាំងអស់។ លោកស្រីនៅតែជម្នះចិត្តរៀបចំកិច្ចប្រជុំដូចការព្រាងទុក និងឡើងថ្លែងសុន្ទរកថាដោយភាពក្លាហាននៅថ្ងៃបន្ទាប់។ (សូមរង់ចាំអានសេចក្ដីពិពណ៌នាលម្អិតអំពីព្រឹត្តិការណ៍ប៉ុនប៉ងធ្វើឃាតលោកស្រីថេតឆឺមិនបានសម្រេច)

 លោកស្រីថេតឆឺជួបលោករេហ្គឹននៅជំរំដេវីដ (Camp David) 

នយោបាយការបរទេស៖ នៅក្នុងនយោបាយការបរទេស លោកស្រីថេតឆឺធ្វើការជិតស្និទ្ធជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកកាលជំនាន់នោះ គឺលោករ៉ូណលរេហ្គឹន។ លោកស្រីចាត់ទុកលោករេហ្គឹនជា «បុគ្គលឆ្នើមដែលនាំជ័យជម្នះសម្រាប់បស្ចិមប្រទេសនៅក្នុងសង្គ្រាមត្រជាក់»។ ផ្ទុយទៅវិញ, ទំនាក់ទំនងរវាងលោកស្រីថេតឆឺ និងទ្វីបអឺរ៉ុប ហាក់ដូចជាពិបាកនិយាយគ្នាបន្តិច។ ជាពិសេស បញ្ហាចោទខ្លាំងនៅត្រង់ទស្សនៈនយោបាយរបស់លោកស្រីថេតឆឺ ដែលជឿថាសហភាពអឺរ៉ុបគួរផ្ដោតសំខាន់លើការប្រែក្លាយខ្លួនទៅជាតំបន់ពាណិជ្ជកម្មសេរី ជាជាងប្រឡងប្រជែងគ្នាផ្នែកនយោបាយ (គួរគិតពីរឿងសេដ្ឋកិច្ច ជាជាងប្រជែងឥទ្ធិពលនយោបាយជាមួយប្លុកដទៃទៀត)។ លោកស្រីថេតឆឺក៏មិនចង់ឲ្យអង់គ្លេសជាប់ជំពាក់ជ្រៅនៅក្នុង កិច្ចការរបស់សហគមន៍អឺរ៉ុបនោះទេ (សហភាពអឺរ៉ុបកាលនោះមានឈ្មោះថាសហគមន៍អឺរ៉ុប - Europe Community)។ 

លោកស្រីថេតឆឺ ជួបលោកហ្គោបាឆោហ្វ 

ទំនាក់ទំនងជាមួយសហភាពសូវៀតក៏មិនល្អនឹងគ្នាប៉ុន្មានទេ ដោយសារលោកស្រីថេតឆឺមាននិន្នាការប្រឆាំងនឹងលទ្ធិកុម្មុយនិស្ត។ លោកស្រីបាននិយាយរិះគន់សហភាពសូវៀតឥតសំចៃមាត់ និងចោទប្រកាន់ថាសូវៀតមានមហិច្ឆតាគ្រប់គ្រងពិភពលោក។ ក្រោយមក កាសែតកងទ័ពសូវៀតបានដាក់រហស្សនាមលោកស្រីថេតឆឺជា «នារីបេះដូងដែក» ហើយត្រូវមជ្ឈដ្ឋានទូទៅនៅជំនាន់នោះយល់ថានេះជាងារដ៏ស័ក្ដិសមទៅនឹងឥរិយាបថនយោបាយរបស់លោកស្រី។ ទំនាក់ទំនងរវាងលោកស្រីថេតឆឺ និងសហភាពសូវៀត ចាប់ផ្ដើមកែលម្អឡើងវិញ នៅពេលលោកហ្គោបាឆោហ្វ (Mikhail Gorbachev) ឡើងកាន់អំណាច។ គឺនៅក្នុងសម័យកាលដែលលោកស្រីថេតឆឺកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសនេះហើយ ដែលសង្គ្រាមត្រជាក់ចាប់ផ្ដើមឈានដល់ដំណាក់កាលចុងក្រោយ៕

 

 

ប្រែសម្រួលដោយ៖ សុខ សេរីរដ្ឋ

ឯកសារពិគ្រោះ គេហទំព័រវីឃីភីឌា និងគេហទំព័រដទៃទៀត

រក្សាសិទ្ធិដោយគេហទំព័រ BizKhmer

 

 

 

X
5s