ប្រវត្តិនារីបេះដូងដែក ម៉ាហ្ការ៉េតថេតឆឺ៖ នាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅចក្រភពអង់គ្លេស (ភាគទី ៩)​


លោកស្រីថេតឆឺហាក់ដូចជាមិនសប្បាយចិត្តទាល់តែសោះ ពេលចាកចេញពីវិមានដោននីងស្ទ្រីត

៩- ការកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសនៅអាណត្តិទី៣ និងការលាលែងទាំងកណ្ដាលទី

បន្ទាប់ពីគណបក្សអភិរក្សនិយមឈ្នះឆ្នោតម្ដងទៀតនៅឆ្នាំ១៩៨៧ លោកស្រីថេតឆឺចង់គិតគូរពង្រឹងវិស័យអប់រំឲ្យមានបទដ្ឋានច្បាស់លាស់ជាក្របខណ្ឌជាតិ និងផ្លាស់ប្ដូរប្រព័ន្ធសុខាភិបាលបែបសង្គមនិយម ដែលកំពុងអនុវត្តនៅក្នុងគ្រានោះ។

ចំណុចមួយទៀត រាជរដ្ឋាភិបាលបានសម្រេចចិត្តបញ្ចុះអត្រាពន្ធលើប្រាក់ចំណេញមកនៅកម្រិតទាប។ នយោបាយទាំងនេះមិនមានអ្វីចោទជាបញ្ហាទេ។ នៅក្នុងសករាជរបស់លោកស្រីថេតឆឺ ការប្រឆាំងជំទាស់ដែលខ្លាំងក្លាបំផុតគឺការធ្វើកូដកម្មរបស់កម្មករអណ្ដូងរ៉ែនៅក្នុងឆ្នាំ១៩៨៤ និង១៩៨៥ (ធ្វើកូដកម្ម១ឆ្នាំពេញ)។ ប៉ុន្តែនយោបាយដែលមានបញ្ហាខ្លាំងដល់ថ្នាក់ធ្វើឲ្យរង្គោះរង្គើអំណាចនយោបាយរបស់លោកស្រីថេតឆឺ គឺកម្មវិធីកំណែទម្រង់ពន្ធដា ដែលមានឈ្មោះថា Poll Tax។

តាមពិត ការធ្វើកូដកម្មរបស់កម្មករអណ្ដូងរ៉ែជាបញ្ហាធំគួរសមដែរ ប៉ុន្តែមិនសូវអីប៉ុន្មានទេ ព្រោះវាកើតឡើងតែនៅក្នុងចំណោមកម្មករ។ អ្វីដែលជាបញ្ហាធំមែនទែន គឺអំពើបះបោរដោយសារ Poll Tax ដែលមានកម្រិតរាលដាលទូទាំងប្រទេស។ ប្រជាពលរដ្ឋទូទៅងើបតវ៉ាប្រឆាំងនឹងច្បាប់ពន្ធដារ ដែលគេមើលឃើញថាគ្មានភាពយុត្តិធម៌សម្រាប់អ្នកក្រ។  ដូច្នេះ ការរង្គោះរង្គើអំណាចរបស់លោកស្រីថេតឆឺក៏ចាប់ផ្ដើមកើតមានឡើង។

ពលរដ្ឋអង់គ្លេសហែបាតុកម្ម និងឈានដល់អំពើបះបោរប្រឆាំងនឹងច្បាប់ពន្ធ Poll Tax

Poll Tax ជាមូលហេតុដ៏ចម្បងមួយ ដែលរុញច្រានលោកស្រីថេតឆឺឲ្យរបូតតំណែងប្រធានបក្ស និងតំណែងនាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៩០។ មូលហេតុធំបំផុតដោយសារប្រជារាស្ត្រអស់ជំនឿលើកម្មវិធីនយោបាយកំណែទម្រង់ពន្ធដារ (រួមទាំងបញ្ហាដទៃទៀត ឧទាហរណ៍ដូចជា លោកស្រីបង្កើតបញ្ហាជាមួយ​សហគមន៍​អឺរ៉ុប ខណៈដែលគណបក្សមិនចង់មានបញ្ហាប្រទាំងប្រទើសគ្នាជាមួយនឹងអឺរ៉ុបទេ)។

យូរៗទៅ គោលជំហរលោកស្រីថេតឆឺលែងមានអ្នកគាំទ្រ ទាំងប្រជារាស្ត្រ ទាំងរដ្ឋសភា ទាំងសមាជិកគណៈរដ្ឋមន្ត្រី និងសមាជិកបក្ស (មានន័យថាលោកស្រីថេតឆឺនៅតែម្នាក់ឯង)។ គណបក្សអភរិក្សនិយមបារម្ភថាបើគេទុកលោកស្រីថេតឆឺឲ្យកាន់តំណែងប្រធានបក្ស និងតំណែងនាយករដ្ឋមន្ត្រីតទៅទៀត បក្សអាចនឹងចាញ់ឆ្នោតនៅអាណត្តិថ្មី។ ដូច្នេះ គេត្រូវតែដកលោកស្រីចេញពីតំណែង ដើម្បីកែទម្រង់កម្មវិធីនយោបាយ និងស្ដារប្រជាប្រិយភាពបក្សឡើងវិញ។ 

 

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩០ អតីតរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោកម៉ៃឃើល.ហែសសលថាញ (Michael Heseltine) សូមប្រកួតជាមួយលោកស្រីថេតឆឺដើម្បីយកតំណែងប្រធានបក្សអភិរក្សនិយម បន្ទាប់ពីគណបក្សចាប់ផ្ដើមប្រេះឆាគ្នាពាក់ព័ន្ធនឹងបញ្ហាទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុប។ នៅក្នុងរាត្រីដែលលោកស្រីថេតឆឺរបូតតំណែងប្រធានបក្សនោះ សមាជិកគណៈរដ្ឋមន្ត្រីបានចូលជួបលោកស្រីម្ដងម្នាក់ៗ និងស្នើសុំឲ្យលោកស្រីលាលែងពីតំណែងនាយករដ្ឋមន្ត្រីនៅក្នុងគ្រានោះតែម្ដងទៅ ដោយមិនចាំបាច់នៅសូញសាញ ឬនៅស្ដាយស្រណោះតទៅទៀត។ មុននឹងចាកចេញទៅ លោកស្រីថេតឆឺក៏ចង់វាយបកទៅអ្នកដែលចាំប៉ែងជើងនៅក្នុងបក្សផងដែរ ដោយខិតខំធ្វើយ៉ាងណាខ្ទាស់មិនឲ្យលោកហេសសលថាញឡើងកាន់តំណែងប្រធានបក្សទេ ប៉ុន្តែតំណែងនេះត្រូវតែធ្លាក់ទៅក្នុងដៃរបស់បេក្ខជនម្នាក់ទៀតឈ្មោះចនមេជើ (John Major)។ 

ពលរដ្ឋអង់គ្លេសហែបាតុកម្ម និងឈានដល់អំពើបះបោរប្រឆាំងនឹងច្បាប់ពន្ធ Poll Tax

លោកស្រីបានរៀបរាប់នៅក្នុងលិខិតលាលែងជាផ្លូវការដែលមានសេចក្ដីជាអាទិ៍ថា៖ «បន្ទាប់ពីបានពិគ្រោះគ្នាសាចុះសាឡើងយូរដែរជាមួយមន្ត្រីបក្ស, លោកស្រីយល់ថាគួរដកខ្លួនចេញ ដើម្បីទុកលទ្ធភាពឲ្យបក្សមានឯកភាពផ្ទៃក្នុង និងមានឱកាសឈ្នះឆ្នោតនៅអាណត្តិថ្មី និងអាណត្តិក្រោយៗទៀត។ ដូច្នេះ លោកស្រីសម្រេចចិត្តថាត្រូវតែលាលែងពីតំណែងប្រធានបក្សនៅក្នុងគ្រានេះ។

លោកស្រីយល់ថាទាល់តែធ្វើបែបនេះ (លាលែងពីតំណែងប្រធានបក្ស) ទើបអាចឲ្យសហការីនៅក្នុងជួរគណៈរដ្ឋមន្ត្រីមានឱកាសឡើងមកគ្រប់គ្រងបក្សវិញម្ដង។ លោកស្រីសូមអរគុណសហការីនៅក្នុងគណៈរដ្ឋមន្ត្រី និងសហការីដទៃទៀតដែលផ្ដល់ការគាំទ្រចំពោះរូបលោកស្រីយ៉ាងអស់ពីចិត្តពីថ្លើម»។ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៩០ លោកស្រីម៉ាហ្ការ៉េតថេតឆឺចាកចេញជារៀងរហូតពីវិមានដោននីងស្ទ្រីត (10 Downing Street) ដែលជានិវាសនដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីអង់គ្លេស (តាមច្បាប់របស់អង់គ្លេស កាលណាប្រធានបក្សអស់តំណែងប្រធានបក្ស គឺមានន័យស្មើនឹងអស់តំណែងនាយករដ្ឋមន្ត្រី)៕

 

ប្រែសម្រួលដោយ៖ សុខ សេរីរដ្ឋ

ឯកសារពិគ្រោះ គេហទំព័រវីឃីភីឌា និងគេហទំព័រដទៃទៀត

រក្សាសិទ្ធិដោយគេហទំព័រ BizKhmer

 

X
5s