ប្រវត្តិនារីបេះដូងដែក ម៉ាហ្ការ៉េតថេតឆឺ៖ នាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅចក្រភពអង់គ្លេស (ភាគទី ១១)​


ពលរដ្ឋអង់គ្លេសដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកស្រីម៉ាហ្ការ៉េតថេតឆឺ

១១- ដំណាក់កាលចុងក្រោយ និងការឈានដល់ទីអវសាននៃជីវិត

នៅពេលដែលអាយុកាន់តែចាស់ លោកស្រីថេតឆឺកើតជំងឺវង្វេងវង្វាន់មួយប្រភេទឈ្មោះ dementia។ ឆ្នាំ២០១០ បញ្ហាសុខភាពរបស់លោកស្រីថេតឆឺក្លាយជាប្រធានបទសំខាន់មួយ ដែលគេនាំគ្នានិយាយមិនដាច់ពីមាត់ និងត្រូវសារព័ត៌មានឧស្សាហ៍ចុះផ្សាយជាញឹកញាប់។

នៅក្នុងពិធីអបអរសាទរមួយ ដែលរៀបចំនៅវិមានដោននីងស្ទ្រីត ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដកាំម្រ៉ុន (David Cameron) គេមិនឃើញវត្តមានរបស់លោកស្រីថេតឆឺទេ ក្នុងនាមជាភ្ញៀវដ៏ពិសេសម្នាក់។ នៅខែវិច្ឆិកា ឆ្នាំ២០១០ លោកស្រីថេតឆឺចូលសម្រាកពេទ្យ២អាទិត្យ ដើម្បីព្យាបាលជំងឺមួយប្រភេទដែលគេលាក់ទុកជាការណ៍សម្ងាត់នៅក្នុងគ្រានោះ ទើបតែក្រោយមកទៀតបានគេបញ្ចេញឲ្យដឹងថា «ជំងឺរលាកសាច់ដុំ»។

ជំងឺវង្វេងវង្វាន់របស់លោកស្រីថេតឆឺបង្ហាញឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំង នៅពេលលោកស្រីអវត្តមាននៅក្នុងពិធីសំខាន់ពីរ៖ ទី១- ពិធីអភិសេកព្រះអង្គម្ចាស់វីលៀមនៅខែមេសា ឆ្នាំ២០១០ និងទី២- ពិធីសម្ពោធរូបសំណាកលោករ៉ូណលរេហ្គឹននៅទីក្រុងឡុង ប្រទេសអង់គ្លេស នៅខែកក្កដា ឆ្នាំ២០១០។ ដំណើរជីវិតលោកស្រីថេតឆឺឈានដល់ដំណាក់កាលទុំជោរ នៅពេលខុទ្ធកាល័យរបស់លោកស្រីប្រចាំព្រឹទ្ធសភាត្រូវបិទដំណើរការជាអចិន្ត្រៃយ៍ ដែលជាសញ្ញាបង្ហាញថាលោកស្រីថេតឆឺនឹងលែងបង្ហាញមុខជារៀងរហូត។

 

នៅក្នុងដំណាក់កាលចុងក្រោយ លោកស្រីថេតឆឺត្រូវតស៊ូរស់នៅក្នុងជីវិតឯកោ មួយថ្ងៃកាត់ មួយថ្ងៃកោរ កើតជំងឺវង្វេងវង្វាន់បាត់បង់ការចងចាំផង និងកើតជំងឺដាច់សរសៃឈាមខួរក្បាលជាច្រើនលើក ច្រើនសាផង។ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ (ដប់ឆ្នាំក្រោយមរណភាពរបស់ស្វាមី) លោកស្រីថេតឆឺទទួលអនិច្ចកម្មដោយជំងឺដាច់សរសៃឈាមខួរក្បាលនៅក្នុងជន្មាយុ៨៧ឆ្នាំ ដោយបន្សល់ទុកកូនភ្លោះ ស្រីម្នាក់ ប្រុសម្នាក់ ជាអ្នកស្នងពូជពង្សវង្សត្រកូល។ តាមបណ្ដាំចុងក្រោយរបស់លោកស្រីថេតឆឺ គេបានរៀបចំពិធីបុណ្យសពជូនលោកស្រីទៅតាមពិធីការ ដោយមានការបាញ់កាំភ្លើងធំគំនាប់ ការសូត្រធម៌ឧទ្ទិសកុសលផលបុណ្យពីព្រះវិហារនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ និងពិធីដទៃទៀត។ ពិធីបុណ្យសពនេះមានភាពវិសេសវិសាលណាស់ ព្រោះមានការយាងចូលរួមពីព្រះមហាក្សត្រិយានីអេលីហ្សាបែតទីពីរ និងស្ដេចហ្វ៊ីលីព។

 

 

ប្រែសម្រួលដោយ៖ សុខ សេរីរដ្ឋ

ឯកសារពិគ្រោះ គេហទំព័រវីឃីភីឌា និងគេហទំព័រដទៃទៀត

រក្សាសិទ្ធិដោយគេហទំព័រ BizKhmer

 

X
5s