កម្មវិធីអាហារូបករណ៍ Chen Zhi (ចេន ហ្ស៊ី) ចាប់ផ្តើមទទួលពាក្យតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី15 ខែវិច្ឆិកានេះហើយ
ភ្នំពេញ ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021– ក្រុមហ៊ុន Prince Holding Group ហៅកាត់ថា«ព្រីនស៍គ្រុប» ដែលជាជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ថ្ងៃនេះបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍សិក្សារថ្នាក់បរិញ្ញាបត្រជាផ្លូវការនៃ អាហារូបករណ៍ Chen Zhi ដែលជាកម្មវិធីរួមសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និង មូលនិធិសប្បុរសធម៌ព្រីនស៍ Prince Foundation ។
សិស្សដែលមានចំណាប់អារម្មណ៍អាចបំពេញ និងដាក់ពាក្យតាមរយះការស្កែន QR កូដដែលមានភ្ជាប់នៅក្នុងផ្ទាំងរូបភាព ឬតាមរយៈតំណរភ្ជាប់ http://shorturl.at/dzGX5 ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងសម្រាប់សិស្សសញ្ជាតិខ្មែរ ដែលរៀនថ្នាក់ទី១២ ក្នុងឆ្នាំសិក្សារ ២០២០ - ២០២១ នេះ ដែលនឹងឆ្លងកាត់ការប្រឡងបាក់ឌុប (BACC II) ឆ្នាំ 2021 នេះតែម្តង។
ពាក្យស្នើសុំនឹងត្រូវបានវាយតម្លៃដោយក្រសួងអប់រំ យុវជន និងកីឡា ដូច្នេះបេក្ខជនឬ បេក្ខនារីដែលមានគុណវុឌ្ឍគ្រប់គ្រាន់នឹងត្រូវបានធ្វើតេស្តលើជំនាញសរសេរ និងជំនាញវិភាគរបស់ពួកគេ ហើយឆ្លងកាត់ការសម្ភាសន៍ជាមួយក្រុមគណ:កម្មាការជំនាញផងដែរ។ អាហារូបករណ៍ដំបូងចំនួន១០០នាក់ដំបូងនេះ នឹងត្រូវផ្តល់ជូនបេក្ខជនដែលទទួលបានជោគជ័យ សម្រាប់អាហារូបករណ៍ Chen Zhi ក្នុងឆ្នាំ 2022។ ចំណែកអាហារូបករណ៍ចំនួន 300នាក់ បន្ថែមទៀតនឹងត្រូវបានផ្តល់ជូនជាបន្តបន្ទាប់ចាប់ពីឆ្នាំ 2023 ដល់ឆ្នាំ 2025។
ការទទួលពាក្យនឹងត្រូវបិទនៅម៉ោង12:00ថ្ងៃត្រង់ នាថ្ងៃទី 15 ខែធ្នូ ឆ្នាំ2021។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ផ្ទាំងផ្សាយដែលមានភ្ជាប់។