ព្រីនស៍ ហូលឌីង គ្រុប ត្រូវបានទទួលស្គាល់ក្នុងចំណោមសាជីវកម្មសកលដែលមានឧត្តមភាពសហករណ៍ទំនួលខុសត្រូវសង្គម នៅក្នុងកម្មវិធីពានរង្វាន់ Global CSR & ESG Awards លើកទី១៤ នៅឆ្នាំ២០២២
[ រាជធានីភ្នំពេញ ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២] ព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមហ៊ុនធុរកិច្ចធំជាងគេមួយរបស់កម្ពុជា មានសេចក្តីសោមនស្សរីករាយសូមប្រកាសថា ខ្លួនទទួលបានពានរង្វាន់ចំនួនពីរនៅក្នុងកម្មវិធីពានរង្វាន់ Annual Global CSR & ESG Summit & Awards លើកទី១៤ ដែលក្នុងនោះមានពានរង្វាន់កម្មវិធីសហគមន៍ល្អបំផុត (Best Community Programme Award) និងពានរង្វាន់ប្រចាំប្រទេសល្អបំផុត(Best Country Award) សម្រាប់ផ្នែកឧត្តមភាពទំនួលខុសត្រូវសង្គមរួមរបស់សាជីវកម្ម និងការអនុវត្តបរិស្ថាន សង្គម និងអភិបាលកិច្ចដ៏ឆ្នើម (Overall CSR Excellence & ESG Award) នៅកម្ពុជា។
អ្នកទទួលរង្វាន់ផ្សេងទៀតនៅទូទាំងតំបន់អាស៊ានរួមមានមូលនិធិ Maybank នៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាវៀតណាម និងក្រុមហ៊ុន PT Astra International TBK នៅប្រទេសឥណ្ឌូនេស៊ី។
ពានរង្វាន់ Global CSR & ESG Awards ជាកម្មវិធីស្វែងរកការទទួលស្គាល់គំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និងការអនុវត្តបរិស្ថាន សង្គម និងអភិបាលកិច្ចដ៏ឆ្នើមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានរៀបចំដោយ Pinnacle Group International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ។ ព្រីនស៍ ហូលឌីង គ្រុប ត្រូវបានគេកត់សម្គាល់សម្រាប់ការវិនិយោគដោយមិនមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុបបានថ្លែងថា៖
«ពួកយើងមានកិត្តិយសដែលបានក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសាធារណៈ និងឯកជនដ៏ធំធេងដើម្បីជួយដល់ការងើបឡើងវិញយ៉ាងឆាប់រហ័សនៃប្រទេសកម្ពុជាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលយើងបានដាក់ផលប្រយោជន៍របស់បុគ្គលិក និងអតិថិជនរបស់យើងជាអាទិភាពកំពូលក្នុងការជម្នះជំងឺរាតត្បាតនេះ។ យើងបានធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងៗ ហើយនឹងបន្តវិនិយោគឡើងវិញក្នុងវិស័យអប់រំ ថែទាំសុខភាព និងបុព្វហេតុសហគមន៍ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។»
កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងវិស័យអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជនរបស់កម្ពុជា រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ផ្នែកសប្បុរសធម៌របស់ខ្លួនគឺមូលនិធិព្រីនស៍ ទៅលើផ្នែកទំនួលខុសត្រូវសង្គមរួមរបស់សាជីវកម្មដែលបានធ្វើឱ្យក្រុមហ៊ុនទទួលបានការទទួលស្គាល់សម្រាប់ពានរង្វាន់ថ្នាក់តំបន់ និងអន្តរជាតិរហូតទៅដល់ ១៣ ពានរង្វាន់ក្នុងឆ្នាំ ២០២២។
ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប គឺជាក្រុមអាជីវកម្មដ៏សំខាន់មួយរបស់កម្ពុជាជាមួយនឹងទ្រព្យសកម្មសរុបក្រោមការគ្រប់គ្រងលើសពី ២ ពាន់លានដុល្លារអាមេរិក លើគម្រោងផ្សេងៗក្នុងវិស័យអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន ។ នៅចុងឆ្នាំ២០២២ មូលនិធិព្រីនស៍ ដែលជាផ្នែកសប្បុរសធម៌នៃគ្រុប គ្រោងនឹងជ្រើសរើសនិស្សិតសម្រាប់កម្មវិធីអាហាររូបករណ៍ ចេន ហ្ស៊ីលើកទីពីរ ដែលជាផ្នែកមួយនៃកម្មវិធីអាហារូបករណ៍រយៈពេលប្រាំពីរឆ្នាំ ដែលគាំទ្រនិស្សិតសាកលវិទ្យាល័យចំនួន ៤០០នាក់ នៅក្នុងប្រទេសកម្ពុជា។
អំពី ព្រីនស៍ ហូលឌីង គ្រុប
ព្រីនស៍ ហូលឌីង គ្រុប គឺជាក្រុមហ៊ុនធុរកិច្ចដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន។
អាជីវកម្មសំខាន់ៗរបស់ ព្រីនស៍ ហូលឌីង គ្រុប នៅក្នុងប្រទេសកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ក៏ដូចជា Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ព្រីនស៍ ហូលឌីង គ្រុប មានប្រមាណជាង១០០ អាជីវកម្មប្រតិបត្តិនៅក្នុងប្រទេសកម្ពុជាក្នុងការអភិវឌ្ឍអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា អាហារ និងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត។ល។
ដោយប្រើប្រាស់បណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងអាស៊ី ព្រីនស៍ ហូលឌីង គ្រុប បានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍសម្រាប់រយៈពេលវែងនៅកម្ពុជា។
ព្រីនស៍ ហូលឌីង គ្រុប នឹងបន្តស្វែងរកឱកាសឆ្ពោះទៅមុខទៀត ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា តាមរយៈភាពជាដៃគូ ឬការវិនិយោគផ្ទាល់ទៅក្នុងវិស័យសំខាន់ៗ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងជូនដល់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងស្រុក។