បញ្ហាសំខាន់ពីរសម្រាប់អាជីវកម្មដែលមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ បានលើកយកមកពិភាក្សាក្នុងថ្ងៃទី ០១ នៃកម្មវិធី“​រាជធានីភ្នំពេញ៖ ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា” (RISE STRONGER TOGETHER) នៃមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ដោយមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល និងសហគ្រិនវ័យក្មេងមកពីបណ្ដាលប្រទេសមាជិកអាស៊ានទាំង១០ ដែលបានប្រារព្ធឡើងនៅក្នុងថ្ងៃទី១២ វិច្ចិកា២០២២ នេះទទួលបានផ្លែផ្កាគួរជាទីកត់សម្គាល់។

 

ក្រោយពីបានប្រកាសឲ្យបើកកម្មវិធីជាផ្លូវការនូវមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ រួចមក កម្មវីធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ បានលើកយកប្រធានបទពីរសំខាន់ៗ ដែលជាសារ:ប្រយោជាន៍យ៉ាងខ្លាំងសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ទាំងនៅក្នុងស្រុក និងនៅក្នុងតំបន់។  កិច្ចពិភាក្សានេះរួមមាន៖ 

១. កិច្ចពិភាក្សាទៅលើប្រធានបទ “លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមដើម្បីកំណើនរួមគ្នា” ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អាជីវកម្ម ដើម្បីអាចជំរុញឱ្យអាជីវកម្មរបស់ពួកគេកាន់តែទទួលបានភាពជោគជ័យ។ ក្រោមកិច្ចពិភាក្សាដ៏សំខាន់នេះវាគ្មិនបានផ្តោតទៅលើបញ្ហាប្រឈម និងដំណោះស្រាយរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងលទ្ធភាពទទួលបានហិរញ្ញវត្ថុ ក៏ដូចជាការទទួលបានហិរញ្ញប្បទានពីធនាគារអាស៊ាន។ នៅក្នុងនោះ កញ្ញា Shinta Melodiyana Putri ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ វិនិយោគ ព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនងនៃសមាគមសហគ្រិនវ័យក្មេងឥណ្ឌូនេស៊ីបានលើកឡើងថា “ចំណេះដឹងហិរញ្ញវត្ថុគួរតែដាក់ចូលក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និងជំរុញឱ្យមានបរិយាបន្នហិរញ្ញវត្ថុសម្រាប់ប្រជាជន និងសហគ្រិន ដែលទាំងនេះអាចជាយន្តការមួយ ក្នុងការជួយឱ្យប្រជាជន និងសហគ្រិនទទួលបាននូវចំណោះដឹងហិរញ្ញវត្ថុត្រឹមត្រូវ ឬមូលដ្ឋានគ្រឹះសម្រាប់ការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធភាព”។  

បន្ថែមពីលើនេះទៅទៀត លោក ស៊ាង សុបញ្ញា ប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន បានឲ្យដឹងថា សហគមសហគ្រិនវ័យក្មេងអាស៊ាន បាននិងកំពុងខិតខំយ៉ាងខ្លាំង ធ្វើយ៉ាងណាជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យម នៅក្នុងលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដោយមានទ្រព្យបញ្ចាំ និងគ្មានទ្រព្យបញ្ជាំ ក្នុងរយៈពេលកម្ចីដែលអាចបត់បែនបាន។ 

២. កិច្ចពិភាក្សាទៅលើប្រធានបទ “ ឌីជីថលភាវូបនីយកម្ម MSMES រួមទាំងជំនាញឌីជីថលទូទាំងអាស៊ាន” ក៏ជាកត្តាសំខាន់សម្រាប់អាជីវកម្ម ដើម្បីយកឈ្នះលើភាពអវិជ្ជមាននៃការរំខានដែលបណ្តាលមកពីវិបត្តិកូវីដ-១៩។ ទន្ទឹមនឹងនោះ ការរីកចម្រើននៃបច្ចេកវិទ្យាក៏បញ្ហាប្រឈមមួយទៀតរបស់ SME និងអាជីវកម្មទាំងអស់ដែលត្រូវត្រៀមខ្លួនទទួលយក និងសម្របតាម ដើម្បីទាញយកផលប្រយោជន៍ឲ្យអស់ពីផលទ្ធភាពពនៃសម័យកាល ឌីជីថលភាវូបនីយកម្មនេះ។ ដោយឡែក Digital transformation និងការរីកចម្រើននៃបច្ចេកវិទ្យាក៏ដូចជា Tech Startup បានធ្វើឲ្យអាជីវកម្មជាច្រើនកំពុងផ្លាស់ប្ដូរខ្លួនទៅជា Unicorn។ យើងឃើញនៅក្នុងប្រទេសថៃ សិង្ហបុរី ក្រុមហ៊ុនមិនតិចទេដែលបានក្លាយខ្លួនជា Unicorn និងបណ្ដាប្រទេសផ្សេងទៀត អាជីវកម្មដែលជា Tech Startups គឺកំពុងតែមានសន្ទុះរីកចម្រើនខ្លាំង។ ដោយវាគ្មិននៃបណ្ដាប្រទេសទាំងអស់ បានលើកទឹកចិត្តឲ្យ សហគ្រាសធុនតូច និងមធ្យមទាំងអស់ (SMEs) គួរតែគិតឡើងវិញទៅលើចំណុចនៅក្នុងការផ្លាស់ប្ដូរបរិបទដំណើរការអាជីវកម្មរបស់ខ្លួន ពីបែបបូរាណមករកឌីជីថលភាវូវនីយកម្មវិញ ដោយត្រូវរៀនចេះសម្របតាមការផ្លាស់ប្ដូរនៃបរិបទសង្គម។ 

ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិត សេង សុភាព ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាវាគ្មិនតំណាងកម្ពុជាបានលើកឡើងដែរថា ដោយសារកូវីដ ១៩ អាជីវកម្មមួយចំនួនត្រូវបានបិទទ្វារ ដោយសារតែពួកគេមិនធ្វើការផ្លាស់ប្ដូរ នៃដំណើរអាជីវកម្មរបស់ខ្លួនទៅតាមឌីជីថលភាវូបនីយកម្ម។ វាបង្ហាញឲ្យឃើញច្បាស់ណាស់ថាភាពរីកចម្រើននៃបច្ចេកវិទ្យាជារឿងមួយដែលសហគ្រិនត្រូវយកចិត្តទុកដាក់ និងព្យាយាមស្វែងយល់សិក្សាទៅលើចំណេះដឹងផ្នែកបច្ចេកវិទ្យា ក៏ដូចជាទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យានេះមកប្រើក្នុងអាជីវកម្មឲ្យបានច្រើន”៕

 

 

 

 

X
5s