​មនុស្ស​​៥​ប្រភេទ​​ ដែល​អ្នក​​មិន​គួរ​ចាប់ដៃ​រកស៊ី​ជាមួយ​នោះ​ឡើយ​​ ​​​ប្រយ័ត្ន​​រលំរលាយ​



​ការ​ស្រមៃ​គិត​រឿង​ធ្វើ​អាជីវកម្ម ​គឺ​ហាក់​ដូចជា​រឿង​អស្ចារ្យ ​ប៉ុន្តែ​​ដល់​ពេល​​ចាប់​​ផ្ដើម​ដំណើរការ​ទើប​ដឹង​ថា ​វា​លំបាក ​និង មិន​ងាយ​ដូច​ការ​ស្រមៃ​នោះ​ទេ ​ប៉ុន្តែ​បើ​​អាច​​ធ្វើ​ឲ្យ​អាជីវកម្ម​នោះ​ទទួល​បាន​ជោគជ័យ​វិញ ​គឺ​ជា​ក្ដី​រំភើប​រក​អ្វី​ប្រៀប​មិន​បាន​ឡើយ​។ ​ សម្រាប់​អ្នក​ដែល​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​មួយ​ ដែល​ទទួល​បាន​ជោគជ័យ​នោះ ​គឺ​ត្រូវ​តែ​មាន​សមាជិក​​​ ឬ ដៃគូ​រកស៊ី​ដ៏​ល្អ​​ ​ដើម្បី​ធានា​ថា ​​នៅ​ពេល​មាន​បញ្ហា​ពួកគេ​មិន​រត់​ចោល​អ្នក​។ ​​​ដូច្នេះ​ ​មនុស្ស​​ប៉ុន្មាន​ប្រភេទ​ខាង​​ក្រោម​នេះ ​អ្នក​គួរ​តែ​​គេច​​ឲ្យ​ឆ្ងាយ​ ​មិន​គួរ​រក​ស៊ី​ជា​មួយ​នោះ​ទេ​៖ ១) ​គ្មាន​ជំនាញ​ណា​មួយ​ច្បាស់លាស់​៖ ​​​​លុយ​ពិត​ជា​សំខាន់​​សម្រាប់​ដំណើរ​ការ​អាជីវកម្ម​ ប៉ុន្តែ​​ក្នុង​ជំហាន​​ជំនួញ​ដំបូង​ៗ​ ​យើង​មិន​គួរ​គិត​រឿង​ចាយ​លុយ​ច្រើន​ពេក​នោះ​ទេ​។ ជម្រើស​ដ៏​ល្អ គឺ​ត្រូវ​តែ​រក​​សមាជិក​ណា​ដែល​មាន​ជំនាញ​មួយ​ ដូច​ជា ​ជំនាញ​ទីផ្សារ​ ជំនាញ​គ្រប់គ្រង​ ​ជំនាញ​​ព័ត៌មាន​វិទ្យា ​និង ​​ជំនាញ​​ទំនាក់ទំនង​ជា​ដើម​។ ​​នៅ​ពេល​សមាជិក​របស់​អ្នក​ សុទ្ធតែ​មាន​ជំនាញ​ច្បាស់លាស់​ ​នោះ​វា​នាំ​ឲ្យ​ខ្ទង់​ចំណាយ​របស់​អ្នក​គឺ​តិច ​ហើយ​សន្ទុះ​​នៃ​ដំណើរការ​អាជីវកម្ម​ដឹង​តែ​ដើរ​លឿន​ទៅ​មុខ ​​ព្រោះ​ម្នាក់ៗ​សុទ្ធតែ​អាច​ធ្វើ​វា​បាន​។ ​ដូច្នេះ​ ​សូម​កុំ​ទាន់​ជ្រើស​រក​សមាជិក​ណា​ដែល​មិន​មាន​ជំនាញ​ឲ្យ​សោះ ​ដើម្បី​​ជៀសវាង​ការ​ចំណាយ​លើស​ខ្ទង់​ ​ព្រោះ​អ្នក​នឹង​ត្រូវ​ជួល​គេ​មក​កាន់​ការងារ​នោះ​។ ២) ​​ខ្វះ​ទំនួលខុសត្រូវ​៖ ​មនុស្ស​មួយ​ចំនួន​ ទោះបី​ជា​មាន​ចំណេះដឹង​ខ្ពស់​ក៏​ដោយ ​ប៉ុន្តែ​បើ​និយាយ​អំពី​ទំនួល​ខុស​ត្រូវ​វិញ គឺ​និយាយ​មិន​ចេញ​។ កាល​ណា​សមាជិក​ក្រុម​របស់​អ្នក គ្មាន​ទំនួល​ខុស​ត្រូវ​ នោះ​វា​នាំ​ឲ្យ​ការងារ​ទាំង​មូល​ត្រូវ​ស្ទះ​ដំណើរ​ការ​ជា​មិន​ខាន​។ ដូច្នេះ​មុន​នឹង​សម្រេច​ចិត្ត​ជ្រើសរើស​យក​សមាជិក​ណា​មួយ​ដើម្បី​ រក​ស៊ី​ចូល​គ្នា ​ត្រូវ​គិត​លើ​អត្តចរិត​ឲ្យ​ច្បាស់លាស់​ ​ជៀសវាង​រើស​ចំ​មនុស្ស​​​ធ្វើ​ការ​ឲ្យ​តែ​រួច​ពី​ដៃ​ ព្រោះ​ថា ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង​ ​គឺ​មិន​ស្រួល​នោះ​ឡើយ​។ ៣) ​ខ្វះ​ការ​តស៊ូ​៖ ​មនុស្ស​មួយ​ចំនួន​ ខិតខំ​បាន​តែ​ដំបូង​​នោះ​ទេ ​ប៉ុន្តែ​នៅ​ពេល​ដែល​ជួប​បញ្ហា​លំបាក​ ក៏​​​បាក់​ទឹកចិត្ត​លែង​ចង់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ​ជា​ហេតុ​នាំ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ត្រូវ​បិទទ្វារ​កណ្ដាល​ទី​។ ​ដូច្នេះ​​​​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​​សិន មុន​នឹង​សហការ​គ្នា​ ក្រែង​ទឹក​ភ្នែក​នៅ​ថ្ងៃ​ក្រោយ​។ ៤) ​​ចារិត​តួឯក៖ ​ក្នុង​ការ​ដំណើរការ​​អាជីវកម្ម​​ គឺ​​ជៀស​មិន​ផុត​ពី​ការ​ខ្វែង​គំនិត​គ្នា​ ដូច្នេះ​​សមាជិក​ម្នាក់ៗ​ត្រូវ​តែ​ចេះ​សម្របសម្រួល​ជាជាង​ប្រកែក​យក​ឈ្នះ​តែ​ម្ខាងៗ​ ដែល​នាំ​ឲ្យ​មុខ​ជំនួញ​នោះ​ត្រូវ​​ដួល​រលំ​។ ​​​បើ​អ្នក​​មាន​សមាជិក​ដែល​មាន​ចារិត​តួឯក​ហើយ គឺ​​ប្រាកដ​ជា​លំបាក​មិន​ខាន​ ព្រោះ​មនុស្ស​ប្រភេទ​នេះ​មិន​ព្រម​ទទួល​គំនិត​អ្នកដទៃ​ដោយ​ងាយ​​នោះ​ទេ ​ហើយ​តែង​គិត​ថា ខ្លួន​ត្រឹមត្រូវ​គ្រប់​ដប់​ជា​និច្ច​។ ៥) ​ចារិត​កេងប្រវ័ញ្ច៖ ​​បើ​ចង់​ឲ្យ​អាជីវកម្ម​ថ្មោងថ្មី​របស់​អ្នក​អាច​ដំណើរ​ការ​​ទៅ​យ៉ាង​​ល្អ ​ទាល់​តែ​​សមាជិក​ ឬ ដៃគូ​រក​ស៊ី​នីមួយៗ​ ​​កុំ​ទាន់​គិត​រឿង​ផលប្រយោជន៍​ខ្លួន​ឯង​ជា​ធំ​ ពោល​គឺ​មាន​ន័យ​ថា ត្រូវ​តែ​លះបង់​ដើម្បី​​អាជីវកម្ម​នោះ​ឲ្យ​បាន​ច្រើន​បំផុត។ ប៉ុន្តែ​បើ​សមាជិក​ណា​ម្នាក់​​ចូល​ចិត្ត​គិត​រឿង​ផល​ប្រយោជន៍​ខ្លួន​ឯង ​​ឬ ​កេងប្រវ័ញ្ច​ញើស​ឈាម​របស់​សមាជិក​​ផ្សេងៗ​ទៀត​នោះ ​​គឺ​មិន​យូរ​ទេ​ប្រាកដ​ជា​រលាយ​៕ ​ដោយ​៖ ​អ៊ុន ​ភក្តី​ ​​​​​ ​​​​​​​​​​​​ ​​