សញ្ញា៥យ៉ាង បញ្ជាក់ថា អ្នកត្រៀមខ្លួនរួចរាល់ ក្នុងការចេញមុខធ្វើជំនួញហើយ
អ្នកមានគំនិតដែលជឿជាក់ថា នឹងទទួលបានការគាំទ្រនាថ្ងៃអនាគតក្នុងជីវិតជំនួញ ហើយអ្នកក៏កំពុងរកដើមទុន ឬ ចងការប្រាក់ដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ក៏ប៉ុន្តែ អ្នកនៅតែមានចម្ងល់ថា តើអ្នកពិតជាត្រៀមខ្លួនហើយឬនៅក្នុងការចាប់ផ្តើមធ្វើជំនួញ? ខាងក្រោមនេះជាសញ្ញាដែលប្រាប់ថាអ្នកពិតជារួចរាល់ហើយ៖
១) អ្នកមិនចូលចិត្តការងារដែលអ្នកកំពុងធ្វើ ៖ ការងារអ្វីក៏មានភាពវិជ្ជមាននិងអវិជ្ជមានដែរ។ តែប្រសិនជាអ្នកឃើញការងារនោះក្នុងតែផ្លូវអាក្រក់ នោះអ្នកគួរគិតឡើយវិញ។ ការមានអារម្មណ៏អវិជ្ជមានទៅលើការងារអ្នកមួយថ្ងៃ ឬ ពីរថ្ងៃមិនមានន័យថាអ្នកមិនពេញចិត្តចំពោះការងារនោះទេ។ តែប្រសិនជាមួយខែ ឬ មួយឆ្នាំ នោះនឹងមានបញ្ហា។ បើអ្នកជួបនូវបញ្ហានេះ អ្នកគួរតែលាឈប់ពីការងារ ហើយចាប់ផ្តើមជំនួយផ្ទាល់ខ្លួន។
២) អ្នកដឹងថាភាពជោគជ័យក្នុងជំនួញគឺមិនទៀងទាត់ ៖ អ្នកទទួលស្គាល់ថាជំនួញរបស់អ្នកអាចនីងទទួលបរាជ័យ ឬ ជោគជ័យមិនទៀងទាត់។ ដូច្នេះហើយ អ្នកដឹងថាខ្លួនអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីកាត់បន្ថយហានិភ័យដូចជាធ្វើការស្រោវជ្រាវ ឬ សុំការណែនាំពីអ្នកជំនួញផ្សេងទៀតដែលមានបទពិសោធន៍។
៣) អ្នកបានធ្វើការស្រោវជ្រាវរួចហើយ ៖ ប្រសិនអ្នកមានគំនិតក្នុងខួរក្បាល ហើយអ្នកក៏បានធ្វើការស្រាវជ្រាវជាច្រើនដោយសិក្សាពីលក្ខខ័ណ្ឌក្នុងទីផ្សារ។ អ្នកគួរតែប៉ាន់ស្មានតែសង្គមអាចទទួលយកគំនិតរបស់អ្នកដែរឬទេ។ ម៉្យាងវិញទៀត អ្នកក៏អាចសិក្សាពីអ្នកប្រកួតប្រជែងរបស់អ្នកដែរ។
៤) អ្នកមានចំណង់និងជំនឿចិត្តទៅលើផលិតផលរបស់អ្នក ៖ ដោយសារតែអ្នកចង់ចាប់ផ្តើមជំនួញផ្ទាល់ខ្លួន អ្នកក៏ជឿថាវានឹងជោគជ័យដែរ។ មិនថាផលិតផលរបស់អ្នកល្អយ៉ាងណា បើអ្នកមិនមានចំណង់ចំណូលចិត្តទៅលើវាទេនោះ ឪកាសដែលជំនួញទទួលជោគជ័យមានតិចណាស់។
៥) អ្នកមានក្រុមដ៏ល្អ ៖ អ្នកមិនអាចចាប់ផ្តើមជំនួញដោយខ្លួនឯងនោះទេ អ្នកត្រូវការមនុស្សជួយ មិនថាអ្នកនោះជាក្រុមគ្រួសារ ឬ មិត្តភ័ក្តិរបស់អ្នក។ ការមានជំនួញពីអ្នកដទៃអាចមានប្រយោជន៍ចំពោះអ្នក។
ប្រែសម្រួល៖ អឺុងមួយយូ ប្រភព ៖ www.noobpreneur.com