ហេតុអ្វី​បាន​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Starbuck លោក​ Howard Schultz ក្ដាប់​ឱកាស​​ជោគជ័យ​ខ្លាំង​យ៉ាង​នេះ?​



Howard Schultz គឺជានាយកប្រតិបត្តិក្រុមហ៊ុនដ៏ធំមួយគឺ Starbuck ដែលទទួលបានភាពល្បីល្បាញទៅលើអាជីវកម្មហាងកាហ្វេរបស់គាត់ ហើយគាត់ក៏ធ្លាប់ជាម្ចាស់ក្រុមហ៊ុន Seattle SuperSonics និងជាប្រធានក្រុមប្រឹក្សារបស់ក្រុមហ៊ុន Square Inc. ផងដែរ។
អាជីពការងារដំបូងរបស់ Schultz៖ លោកបានសិក្សាចប់នៅសកលវិទ្យាល័យ Nothern Michigan ហើយបានបរិញ្ញាបត្រផ្នែកទំនាក់ទំនង បន្ទាប់មកលោកបានធ្វើជាបុគ្គលិកផ្នែកលក់ឲ្យក្រុមហ៊ុន Happerplast ខាងលក់ឧបករណ៍ឆុងកាហ្វេនៅទូទាំងសហរដ្ឋអាមេរិក។ ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ លោកក៏បានក្លាយជាប្រធានផ្នែកលក់ ហើយអ្វីដែលគាត់សង្កេតឃើញនោះគឺឧបករណ៍ឆុងកាហ្វេដែលលក់ចេញទៅគឺត្រូវបានលក់ឲ្យហាងកាហ្វេ Starbuck Coffee Tea and Spice Company ច្រើនជាងគេ។
នាយកប្រតិបត្តិរូបនេះនៅចងចាំពេលដែលលោកមកធ្វើការងារនៅហាងកាហ្វេ Starbuck លើកដំបូងដែលដែលកាលណោះទើបមានអាយុ ១០ឆ្នាំតែប៉ុណ្ណោះ ហើយពេលនោះStarbuckមានសាខាតែមួយគត់។
 Starbuck និងលោក Schultz៖  នៅឆ្នាំ ១៩៨២ បន្ទាប់ប្រើពេល១ឆ្នាំជាមួយនឹងស្ថាបនិករបស់ក្រុមហ៊ុន Starbuck រួចមក លោកក៏បានកាន់តំណែងមួយនៅក្នុងក្រុមហ៊ុននោះ ខាងផ្នែកទីផ្សារនិងនាំចេញនាំចូលផលិតផល។នៅពេលនោះ Starbuck មិនមែនលក់កាហ្វេឆុងស្រាប់តែម្ដងនោះទេគឺលក់កាហ្វេកញ្ចប់តែប៉ុណ្ណោះ។ អ្វីដែលគួរកាត់សម្គាល់នៅពេលនោះ គឺថា លោក Schultz ត្រូវបានគេទទួលពីភាពលេចធ្លោលើជំនាញទំនាក់ទំនងរបស់លោក។
លោកបានផ្ដល់ផលប្រយោជន៍ដ៏ច្រើនទៅដល់ក្រុមហ៊ុន Starbuck ហើយនៅឆ្នាំ១៩៨៣ លោកបានជិះយន្តហោះទៅប្រទេសអ៊ីតាលីដើម្បីស្វែងយល់ពីកាហ្វេឱ្យបានកាន់តែទូលំទូលាយ។ស្ថាបនិកជោគជ័យរូបនេះ បានគិតថា Starbuck មិនគួរលក់តែកាហ្វេទទេនោះទេ  Starbuck គួរតែឆុងកាហ្វេលក់ខ្លួនឯង ព្រោះថាវាអាចជាកន្លែងប្រជុំជនមួយផងដែរ។ លោកទ្រាំសឹងតែមិនបាន ក្នុងការត្រលប់ទៅវិញដើម្បីចែករំលែកគំនិតដែលលោកមាន។
យ៉ាងណាមិញនៅពេលលោកត្រលប់មកពីប្រទេសអ៊ីតាលីវិញ លោកបានប្រាប់គំនិតនោះទៅដល់ស្ថាបនិក Starbuck ប៉ុន្តែគំនិតនោះត្រូវបានច្រានចោលដោយសារតែស្ថាបនិកមិនជឿលើគំនិតនោះថាអាចទៅរួចនោះពាក់ព័ន្ធនឹងការផលិតកាហ្វេ។ តែលោកSchultz មិនចុះញ៉មនោះទេ ចុងក្រោយលោកក៏បានសម្រេចចិត្តសាកសួរទៅដល់ម្ចាស់ក្រុមហ៊ុនដើម្បីបើកហាងថ្មីមួយទៀតដើម្បីឆុងកាហ្វេលក់។
 អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺការបើកថ្មីមួយទៀតនេះគឺទទួលបានការគាំទ្រខ្លាំងមែនទែនដែលទាក់ទាញភ្ញៀវរាប់រយនាក់ក្នុងមួយថ្ងៃៗ។ ប៉ុន្តែអ្វីដែលគួរឲ្យចម្លែកចិត្តជាងនេះទៅទៀតនោះគឺស្ថាបនិក Starbuck នៅតែមិនគាំទ្រគំនិតគាត់ទោះបីជាមានការទទួលបានជោគជ័យយ៉ាងណាក៏ដោយដែលជាហេតុធ្វើឲ្យគាត់សម្រេចចិត្តដើរចេញពីStarbuck នៅឆ្នាំ១៩៨៥ ហើយទៅបើកថ្មីខ្លួនឯងម្ដងទៀតដែលមានឈ្មោះថា II Giornale ហើយទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័ស។
បន្ទាប់មកលោកក៏បានទិញយកក្រុមហ៊ុន Starbuck ហើយបានក្លាយជានាយកប្រតិបត្តិនៅក្រុមហ៊ុន Starbuck នោះទៅ។ ទោះជាយ៉ាងណា លោកក៏ជួបការលំបាកផងដែរក្នុងការលក់ចេញដោយសារតែកាហ្វេ១កែវមានតម្លៃថ្លៃហើយមិនសូវជាមានអ្នកគាំទ្រប៉ុន្មានទេ ដោយសារតែពួកគេមិនទាន់យល់ច្បាស់ពីគុណភាពដែលហាងកាហ្វេគាត់នាំចូល។
ដំណើរជោគជ័យរបស់ក្រុមហ៊ុនStarbuck៖ ដោយសារតែStarbuck មានភាពល្បីល្បាញទៅៗ ធ្វើឲ្យលោកបានចូលទៅក្នុងទស្សនាវដ្ដី Forbes ដែលនិយាយពីសេដ្ឋីដែលមានជាងគេ ៤០០នាក់នៅសហរដ្ឋអាមេរិក។ គ្មានហាងកាហ្វេណាមួយដែលល្បីជាងStarbuck នោះទេព្រោះថារហូតដល់ឆ្នាំ២០១២បានពង្រីករហូតទៅដល់១៧,៦០០ហាងនៅក្នុង៣៩ប្រទេសហើយដល់ឆ្នាំ២០១៤ Starbuck បានពង្រីករហូតទៅដល់២១,០០០ហាងដែលមានអតិថិជនរហូតដល់៦០លាននាក់សរុបក្នុងមួយសប្តាហ៍៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.addicted2success.com