បើខ្សោយផ្នែកការសម្រេចចិត្ត អ្នកគួរអនុវត្តគន្លឹះទាំង ៤នេះ ដើម្បីពង្រឹងវាឡើងវិញ!
ការសម្រេចចិត្តគឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សម្នាក់ៗ ព្រោះថាបើទោះបីជាមានឱកាសល្អប៉ុណ្ណោះក៏ដោយ តែបើការសម្រេចចិត្តរបស់អ្នកនៅតែអន់នោះ វានឹងធ្វើឲ្យអ្នកមិនអាចទទួលបានលទ្ធផលល្អឡើយ។ បើអ្នកមានបញ្ហានេះ គឺគួរតែព្យាយាមពង្រឹងការសម្រេចចិត្តរបស់អ្នកឲ្យកាន់តែល្អជាងមុន ដើម្បីកុំឲ្យមានបញ្ហាសោកស្តាយនៅថ្ងៃក្រោយ។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗដែលជួយឲ្យអ្នក អាចសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព៖
១) កំណត់គោលដៅឲ្យច្បាស់
វាពិតជាសំខាន់បំផុត ក្នុងការកំណត់គោលដៅឲ្យច្បាស់មុននឹងធ្វើអ្វីមួយ ព្រោះថាបើសូម្បីតែខ្លួនអ្នក មិនដឹងថាចង់ធ្វើអ្វី និង ចង់បានអ្វីឲ្យប្រាកដផង នោះវានឹងនាំឲ្យការសម្រេចចិត្តរបស់អ្នកគ្មានកោះត្រើយច្បាស់លាស់ដូចគ្នាដែរ។ ដូច្នេះហើយ ត្រូវចំណាយពេលគិតឲ្យច្បាស់ថា អ្វីជាគោលដៅរបស់អ្នកឲ្យប្រាកដ មុននឹងសម្រេចចិត្តចេញសកម្មភាព។
២) ប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ
ដរាបណាអ្នកមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់នោះទេ សូមកុំសម្រេចចិត្តធ្វើឲ្យសោះ ព្រោះវាអាចនាំឲ្យអ្នកធ្លាក់ក្នុងភាពអន្តរាយ។ កាលណាអ្នកមានព័ត៌មានគ្រប់ជ្រុងជ្រោយហើយ អ្នកប្រាកដជាដឹងច្បាស់ថា គួរសម្រេចចិត្តដោយវិធីណា ហើយក៏មិនមានបញ្ហាធ្ងន់ធ្ងរអ្វីកើតឡើងនោះដែរ។
៣) គិតទៅលើគុណសម្បត្តិ និង គុណវិបត្តិ
ជាធម្មតាទេ រាល់សកម្មភាពអ្វីក៏ដោយគឺតែងតែមានគុណសម្បត្តិ និង គុណវិបត្តិរបស់វា ដែលមិនអាចគេចផុតឡើយ។ ដូច្នេះហើយមុនពេលអ្នកសម្រេចចិត្តថា នឹងធ្វើអ្វីមួយនោះ គឺត្រូវគិតឲ្យច្បាស់ថា នឹងមានផលល្អ និង ផលអាក្រក់អ្វីខ្លះកើតឡើង ដើម្បីងាយស្រួលក្នុងការដោះស្រាយ។
៤) រៀបចំផែនការដើម្បីសម្រេចគោលដៅ
បើទោះបីជា ការសម្រេចចិត្តរបស់អ្នកស្ថិតលើផ្លូវត្រូវក្តី ប៉ុន្តែបើគ្មានផែនការ ឬ គម្រោងសំខាន់ៗដើម្បីធានាអំពីដំណើរការនោះទេ វាអាចនឹងបង្កការស្មុគស្មាញផងដែរ។ ដូច្នេះហើយ ត្រូវតែដឹងច្បាស់ថា អ្នកនឹងសម្រេចគោលដៅនោះដោយវិធីណា ជាពិសេសនៅពេលមានឧបសគ្គធំៗកើតឡើង៕
ដោយ៖ អ៊ុន ភក្តី
ប្រភព៖ www.forbes.com & www.corporatewellnessmagazine.com