កាន់តែងាយស្រួល! ក្រសួងពាណិជ្ជកម្មសម្ពោធដាក់ឱ្យប្រើការចុះបញ្ជីតាមអនឡាញ
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឲ្យប្រើប្រាស់ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ និងកាបង្ហាញពីទម្រង់នៃការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញថ្មី។
ក្នុងកម្មវិធីសន្និសីទកាសែត និងសម្ពោធដាក់ឱ្យប្រើប្រាស់នោះ មានការអញ្ជើញចូលរួមពីឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Allassane Sow ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោក ប្រចាំកម្ពុជា តំណាងក្រសួងពាក់ព័ន្ធ និងតំណាងអង្គការEUROCHAM, AMCHAM សភាពាណិជ្ជកម្មកម្ពុជា សមាគមន៍រោងចក្រកាត់ដេរកម្ពុជា(GMAC) ធនាគារពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា និងវិស័យឯកជន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអ្នកចូលរួមសន្និសីទទាំងអស់ និងសាធារណជនអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញដូចខាងក្រោម៖
- កាត់បន្ថយការចំណាយពេលក្នុងការចុះបញ្ជីក្រុមហ៊ុនពី៥-៦ថ្ងៃ មកនៅត្រឹមតែរយៈពេល 1 ម៉ោង។
- ផ្លាស់ប្តូរការចុះបញ្ជីពីការប្រើក្រដាសស្នាម ទៅជាការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងស្រុង។ - កាត់បន្ថយការជួបមុខដោយផ្ទាល់រវាងមន្ត្រីក្រសួង និងអ្នកដាក់ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម។
-អនុញ្ញាតឲ្យអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីពាណិជ្ជកម្មធ្វើការចុះឈ្មោះក្រុមហ៊ុនពីទីកន្លែងណាមួយក៏បាននៅក្នុងប្រទេសក៏ដូចជានៅក្នុងពិភពលោកទាំងមូល ដោយមិនចាំបាច់មកកាន់ក្រសួងពាណិជ្ជកម្ម។- អនុញ្ញាតឲ្យបង់ប្រាក់សេវានៃការដាក់ពាក្យស្នើសុំចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិច។
- អនុញ្ញាតឲ្យអ្នកដាក់ពាក្យស្នើសុំចុះបញ្ជី អាចបោះពុម្ពវិញ្ញាបនបត្រក្រុមហ៊ុនដោយខ្លួនឯងបាន។
- ធ្វើសមកាលកម្ម ឬការបញ្ចូលគ្នានូវមូលដ្ឋានទិន្នន័យជាមួយក្រសួង និងទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធដទៃទៀត។
- សម្រួលដល់ការស្រាវជ្រាវព័ត៌មានសាធារណៈរបស់ក្រុមហ៊ុនទាំងអស់ដែលបានចុះបញ្ជីពាណិជ្ជកម្មរួច។
ឯកឧត្តមបានមានប្រសាសន៍ស្នើឲ្យក្រុមហ៊ុនទាំងអស់ដែលចុះបញ្ជីនៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ អញ្ជើញចុះឈ្មោះក្រុមហ៊ុនរបស់ខ្លួនសារឡើងវិញ ដោយប្រើប្រាស់ប្រព័ន្ធចុះបញ្ជីតាមអនឡាញ នៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។ ក្រសួងនឹងមានផ្តល់ជូនសេវាចុះបញ្ជីសារឡើងវិញដោយគិតកម្រៃសេវាទាប ហើយព័ត៌មាននេះនឹងត្រូវប្រកាសជូនដំណឹងនាពេលដ៏ខ្លីខាងមុខនេះតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័រក្រសួង៕
ដោយ៖ រតនៈវិភូ