គន្លឹះសំខាន់ៗ៦យ៉ាង ជួយឲ្យអ្នកមានស្មារតីល្អក្នុងការធ្វើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់
ដើម្បីធ្វើការងារផ្សេងៗប្រកបដោយប្រសិទ្ធភាពនោះ គឺមិនមានជារឿងងាយនោះទេ ហើយវាមានទំនាក់ទំនងខ្លាំងជាមួយនឹងបញ្ហាស្មារតីរបស់អ្នកផងដែរ។ មានន័យថា បើអ្នកមិនអាចផ្ចង់ស្មារតីល្អទេ នោះវានាំឲ្យអ្នកធ្វើអ្វីៗមិនបានល្អឡើយ ប៉ុន្តែបើអ្នកអាចផ្ចង់ស្មារតីបានល្អ វានឹងជួយឲ្យលទ្ធផលការងារល្អទៅតាមនោះដែរ។ ខាងក្រោមនេះ ជាគន្លឹះសំខាន់ៗ ដើម្បីជួយឲ្យអ្នកមានស្មារតីល្អ៖
១) ធ្វើអ្វីជាអាទិភាព៖ ទោះបីជា មានការងារច្រើនក្តី ត្រូវតែចេះបែងចែកថា ការងារណាសំខាន់ និង មិនសូវសំខាន់ ដើម្បីជំរុញឲ្យអ្នកអាចធ្វើវាប្រកបដោយប្រសិទ្ធភាព និង មិនខ្ជះខ្ជាយពេលវេលា។ បើមិនស្គាល់ការងារណាជាអាទិភាពទេ អ្នកនឹងមិនអាចសម្រេចការងារណាមួយឡើយ ហើយកាន់តែបង្កឲ្យអារម្មណ៍មានការស្មុគស្មាញខ្លាំង ហើយលែងចង់ធ្វើតទៅទៀត។
២) កត់ត្រាអ្វីដែលសំខាន់ៗ៖ ត្រូវចាំថា ខួរក្បាលរបស់អ្នកមិនអាចចាំគ្រប់យ៉ាងនោះឡើយ ដូច្នេះហើយជម្រើសដ៏ល្អនោះ អ្នកត្រូវតែកត់ត្រាទុករាល់អ្វីដែលសំខាន់ៗ ជាពិសេសការងារដែលត្រូវធ្វើមុនគេ។ ដូច្នេះហើយ នៅពេលអ្នកបានកត់ត្រាទុកក្នុងសៀវភៅ នោះវាជួយឲ្យអ្នកអាចធ្វើរឿងទាំងនោះដោយគ្រប់ជ្រុងជ្រោយ ហើយក៏មិនពិបាករកនឹក។
៣) ហាត់ប្រាណជាប្រចាំ៖ ការហាត់ប្រាណពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាជួយឲ្យសុខភាពរបស់អ្នកមានភាពរឹងមាំ ហើយវាក៏ជួយឲ្យអ្នកមានស្មារតីល្អ ក្នុងការធ្វើកិច្ចការផ្សេងៗផងដែរ។ ដូច្នេះ ត្រូវតែចំណាយពេលដើម្បីហាត់ប្រាណជាប្រចាំ ទោះបីជារវល់នឹងការងារច្រើនក្តី។
៤) ឆ្លៀតពេលសម្រាកខ្លះ៖ សូម្បីតែគ្រឿងម៉ាស៊ីនក៏ត្រូវការពេលវេលា ដើម្បីសម្រាកដែរ កុំថាឡើយមនុស្ស។ នៅពេលអ្នកមានអារម្មណ៍ថា អស់កម្លាំង និង ស្មុគស្មាញក្នុងចិត្តដោយសារតែចំណាយពេលវេលាច្រើនពេកលើការងារនោះ អ្នកត្រូវតែលៃលកពេលវេលាដើម្បីសម្រាកបន្ទាន់ ព្រោះការសម្រាកនេះអាចជួយឲ្យស្មារតីរបស់អ្នកវិលត្រឡប់មករកភាពដើម ហើយអាចបំពេញការងារបន្តទៀត។
៥) គេងឲ្យបានគ្រប់គ្រាន់៖ ការគេងគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់គ្នា ព្រោះបើគេងមិនគ្រប់គ្រាន់ទេ សុខភាពរបស់អ្នកក៏ចុះខ្សោយ ហើយអារម្មណ៍ក្នុងការធ្វើកិច្ចការផ្សេងៗក៏មិនអាចល្អបានដែរ។ ដូច្នេះហើយ ត្រូវព្យាយាមគេងឲ្យបានគ្រប់គ្រាន់ ហើយបើមានបញ្ហានេះត្រូវតែដោះស្រាយជាបន្ទាន់។
៦) ដើរកម្សាន្តនៅកន្លែងធម្មជាតិ៖ អ្នកគួរចំណាយពេលជាមួយធម្មជាតិឲ្យបានច្រើន ព្រោះបច្ចុប្បន្ននេះ ដោយសារតែមានផ្សេងពុលជាច្រើន ចេញពីយានយន្តក្នុងទីក្រុងដែលបំផ្លាញដល់សុខភាព និង បង្កជាអារម្មណ៍តានតឹងជាដើម។ ធម្មជាតិ ពិតជាអាចជួយឲ្យអ្នកទទួលបាននូវអារម្មណ៍ស្រស់ស្រាយឡើងវិញ និង ជួយពង្រឹងស្មារតីរឹងមាំផងដែរ៕
ដោយ៖ អ៊ុន ភក្តី ប្រភព៖ www.businessinsider.com